ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាចជាជម្រើសតែមួយគត់របស់ហ្គាហ្សាក្រោយសង្គ្រាម ប៉ុន្តែលោកមានប្រជាប្រិយភាពទាបសម្រាប់ការងាររបស់លោក។ ខណៈលោក BIDEN កំពុងប្រឈមមុខនឹងបញ្ហាសង្គមពីរដែលនឹងរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចគ្នានៃសង្គមប៉ាឡេស្ទីន និងអ៊ីស្រាអែល។
-
ឳកាសចុងក្រោយរបស់ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន Mahmoud Abbas
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាចជាជម្រើសតែមួយគត់របស់ហ្គាហ្សាក្រោយសង្គ្រាម ប៉ុន្តែលោកមានប្រជាប្រិយភាពទាបសម្រាប់ការងាររបស់លោក។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Ramallah កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋអំណាចប៉ាឡេស្ទីនត្រូវតែដើរតួនាទីសំខាន់នៅក្នុងការរៀបចំវាសនានៃតំបន់ហ្គាហ្សា ហើយក៏បានងាកទៅមើលលោកប្រធានាធិបតីរបស់ពួកគេគឺលោក Mahmoud Abbas ដោយអោយលោកផ្តល់នូវផែនការនាពេលអនាគតសម្រាប់គ្រប់គ្រងតំបន់នេះ។
លោក Abbas ដែលមានវ័យ 87 ឆ្នាំបាននិយាយថា រដ្ឋអំណាចប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលសម្រាប់ការងារនេះ ប៉ុន្តែមានតែដំណោះស្រាយនយោបាយប៉ុណ្ណោះដែលអាចអោយលោកបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលរួមបញ្ចូលទាំងតំបន់ West Bank តំបន់ហ្កាហ្សាស្ទ្រីប និងទឹកដី Jerusalem ភាគខាងកើតទាំងមូលបាន។
ប៉ុន្តែអស់រយៈពេលជិត 3 ទសវត្សរ៍ហើយក្នុងនាមជាប្រធានរដ្ឋអំណាចប៉ាឡេស្ទីន លោកបានប្រឈមនឹងការបះបោរប្រដាប់អាវុធជាច្រើន ដែលជាវិធីមួយក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល និងលោកខាងលិចឱ្យព្រមទទួលយកភាពឯករាជ្យរបស់ប៉ាឡេស្ទីន។
-
Biden ក្លាយជាអ្នកដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកាបានអោយដឹងថា លោក BIDEN នឹងប្រឈមមុខនឹងបញ្ហាសង្គមពីរដែលរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចគ្នានៃប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក លោក Michael Herzog បាននិយាយថា អ៊ីស្រាអែលបានក្លាយជាប្រទេសមួយដែលលែងដូចមុនចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី8 ខែតុលាកន្លងមក។ ដោយប្រជាជនមានការភ័យខ្លាចនឹងផ្ទុះប្រតិបត្តិការវាយលុកម្តងទៀតនៅតាមព្រំដែន មិនថាតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែនៅមានតំបន់ West Bank រឺព្រំដែនជាមួយប្រទេសលីបង់។
ចំណែកសម្រាប់ប្រជាជនប៉ាឡេស្ទីនវិញ គឺមានការខឹងជាខ្លាំង និងកំពុងតែជួបសង្គមមួយដែលគ្មានមេដឹកនាំពិតប្រាកដ។ ពួកគេកំពុងតែជួបសង្គមដែលមានការបាក់បែក រវាងមេដឹកនាំហាម៉ាស និងអ្នកស្នងតំណែងនៃរដ្ឋអំណាចអ៊ីស្លាម។ ប៉ុន្តែមិនថាឡើយអ្នកណាមួយកាន់អំណាច នោះពួកគេនៅតែប្រឈមនឹងការទប់ទល់ជាមួយនឹងកងកម្លាំងអ៊ីស្រាអែលដូចគ្នា។
-
ស្តេចហ្ស៊កដានីស្នើដំណោះស្រាយរដ្ឋពីរ
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកាបានអោយដឹងថា ស្តេច Abdullah II នៃហ្ស៊កដានី បាននិយាយនៅក្នុងអត្ថបទរបស់ទ្រង់សម្រាប់កាសែត The Washington Post ថា មិនអាចមានអ្នកណាឈ្នះបានទេនៅក្នុងជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លុះត្រាតែរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង។
ព្រះមហាក្សត្របានលើកឡើងថា"គ្មាននរណាម្នាក់អាចយកឈ្នះបានឡើយ លុះត្រាតែប៉ាឡេស្ទីនត្រូវបានផ្តល់សិទ្ធិ និងរដ្ឋរបស់ពួកគេ។ មានតែវិធីនេះទេនឹងនាំជ័យជម្នះពិតប្រាកដសម្រាប់សន្តិភាពមកដល់ប៉ាឡេស្ទីន និងសម្រាប់អ៊ីស្រាអែលដូចគ្នា និងជាងនេះទៅទៀតនោះក៏ជាជ័យជម្នះមួយសំរាប់មនុស្សជាតិទាំងអស់គ្នាផងដែរ»។