Beijing-AP
កាលពីថ្ងៃសុក្រចិនបាននិយាយថាគ្មានកន្លែងណាដែលត្រូវធ្វើការសម្របសម្រួលឬសម្បទានលើរឿងតៃវ៉ាន់នោះទេ,បន្ទាប់ពីការធ្វើអត្ថាធិប្បាយមួយរបស់លោកប្រធានាធិបតីJoe- Bidenដែលនិយាយថាសហរដ្ឋអាមេរិកប្តេជ្ញាចិត្តនឹងការពារកោះនេះបើសិនជាមានការវាយប្រហារ។ អ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ចិនបានអះអាងជាយូរមកហើយថា ដែនកោះគឺជាបូរណភាពដែនដីរបស់ចិននៅក្នុងសន្និសិទកាសែតប្រចាំថ្ងៃ បន្ទាប់ពីBidenបានធ្វើអត្ថាធិប្បាយ១ថ្ងៃមុននៅឯវេទិការដែលរៀបចំឡើងដោយ CNN ។
ក្នុងពេលថ្មីៗនេះចិនបានបង្កើននូវការគំរាមកំហែងដើម្បីឲ្យតៃវ៉ាន់ស្ថិតនៅក្រោមត្រួតត្រារបស់ខ្លួនបើសិនជាមានការចាំបាច់ ដោយធ្វើការហោះហើរយន្តហោះចម្បាំងនៅជិតដែនកោះនិងហ្វឹកហាត់សមយុទ្ធឡើងច្រាំង។
“នៅពេលដែលចូលដល់រឿងដែលទាក់ទងនឹងបូរណភាពដែនដី-អធិបតេយ្យភាព និងផលប្រយោជន៍ជាស្នូលរបស់ចិន នឹងគ្មានកន្លែងណាដែលចិនត្រូវធ្វើការសម្របសម្រួលនិងសម្បទាននោះទេ ,ហើយក៏គ្មានអ្នកណាម្នាក់គួរវាយតម្លៃខុសនូវការប្តេជ្ញាចិត្តដ៏មោះមុតនិងឆន្ទះដ៏ខ្លាំងក្លារបស់ប្រជាជនចិន ដើម្បីការអធិបតេយ្យភាពជាតិនិងបូរណភាពដែនដី “ លោកWang បាននិយាយយ៉ាងដូច្នេះ។
“ តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីបូរណភាពដែនដីចិន , រឿងរបស់តៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធដែលនឹងមិនអនុញ្ញាតិឲ្យមានអន្តរាគមន៍ពីបរទេស”Wang បានបន្ថែមយ៉ាងដូច្នេះ។
នៅឯសេតិវិមាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន Jen Psaki បាននិយាយកាលពីថ្ងៃសុក្រថា ការធ្វើអត្ថាធិប្បាយរបស់ Bidenអំពីតៃវ៉ាន់មិនមែនមានន័យថាជាសញ្ញានៃការផ្លាស់ប្តូរវិធីសាស្ត្រនោះទេ ។ “ អ្វីដែលខ្ញុំអាចឲ្យអ្នកដឹង គឺថានយោបាយរបស់យើងពុំមានការផ្លាស់ប្តូរនោះទេ លោកប្រធានាធិបតីមិនបានធ្វើការផ្លាស់ប្តូរនយោបាយសំរាប់តៃវ៉ាន់នោះទេ “។
“ ខ្ញុំគ្រាន់តែចង់ឲ្យចិនយល់ថា យើងនឹងមិនថយក្រោយទេ យើងនឹងមិនផ្លាស់ប្តូរទស្សនៈរបស់យើងនោះទេ “Bidenបាននិយាយដូច្នេះ ។ នៅពេលដែលគេសួរថាតើសហរដ្ឋអាមេរិកនឹងមកជួយការពារតៃវ៉ាន់ឬទេ ? បើសិនជាតៃវ៉ាន់រងនូវការវាយប្រហារ ,Bidenបានឆ្លើយថា”ប្រាកដណាស់ យើងមានការប្តេជ្ញាចិត្តនឹងធ្វើយ៉ាងដូច្នេះ “។