Washington-
លោកប្រធានាធិបតី Joe-Biden បានយល់ព្រមផ្តល់ប្រព័ន្ធរ៉ុក្កែតទំនើបដែលអាចបាញ់ត្រង់ ដែលមានចម្ងាយឆ្ងាយរហូតទៅដល់រុស្សីដែលជាផ្នែកមួយនៃកញ្ចប់ថវិការជំនួយយោធាដែលគេរំពឹងទុកថានឹងផ្សាយចេញឲ្យដឹងនៅថ្ងៃពុធនេះ។ សហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត ដែលអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានរហូតដល់ចម្ងាយ ៨០គ.ម. បន្ទាប់ពីអ៊ុយក្រែនបានធានាថាគេនឹងមិនប្រើរ៉ុក្កែតនេះបាញ់ចូលទៅក្នុងទឹកដីរុស្សី មន្ត្រីរដ្ឋការជាន់ខ្ពស់បាននិយាយ។
នៅក្នុងបទវិចារណកថាមួយ ដែលចេញផ្សាយដោយកាសែត New York Times កាលពីថ្ងៃអង្គារ៍ Biden បាននិយាយថាការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនវានឹងបញ្ចប់ទៅដោយការទូត ប៉ុន្តែសហរដ្ឋអាមេរិកត្រូវតែផ្តល់ឲ្យអ៊ុយក្រែននូវអាវុធសំខាន់ៗនិងគ្រាប់រំសេវ ដើម្បីឲ្យអ៊ុយក្រែនមានឥទ្ធិពលខ្ពស់នៅលើតុការចរចារ។ “ហេតុដូច្នេះហើយបានជាខ្ញុំបានសម្រេចថា យើងនឹងផ្តល់ឲ្យអ៊ុយក្រែនជាមួយនឹងប្រព័ន្ធរ៉ុក្កែតដ៏ទំនើបនិងគ្រាប់រំសេវដើម្បីនឹងបង្កើនសមត្ថភាពពួកគេឲ្យបាញ់ត្រង់ចំគោលដៅនៅសមរភូមិក្នុងអ៊ុយក្រែន” Biden បាននិយាយ។
កញ្ចប់ដែលមានទាំងគ្រាប់រំសេវផងដែរ រ៉ាដាដែលប្រឆាំងតបតនឹងការបាញ់របស់បច្ចារមិត្ត រ៉ាដាដែលចាប់យកនូវសកម្មភាពយន្តហោះ រួមបញ្ចូលទាំងកាំជ្រួច Javelin ដែលជាមីស៊ីលប្រឆាំងនឹងរថក្រោះនិងរថពាសដែកផងដែរ មន្ត្រីបាននិយាយ។ Biden កាលពីថ្ងៃអង្គារ៍បាននិយាយប្រាប់អ្នកយកព័ត៌មានផងដែរថា យើងនឹងមិនបញ្ជូនរ៉ុក្កែតនេះដើម្បីឲ្យអ៊ុយក្រែនបាញ់ចូលទៅក្នុងទឹកដីរបស់រុស្សីនោះទេ។ លោកមិនបានច្រានចោលនូវការផ្តល់នូវប្រព័ន្ធអាវុធដ៏ច្បាស់លាស់ណាមួយនោះទេ ប៉ុន្តែជំនួសមកវិញដោយបង្ហាញនូវលក្ខខ័ណ្ឌថា តើអ៊ុយក្រែនត្រូវប្រើវាដោយរបៀបណា?
Biden ចង់ជួយអ៊ុយក្រែនឲ្យការពារខ្លួនឯង ប៉ុន្តែបានប្រឆាំងទៅនឹងការផ្តល់នូវអាវុធដែលអ៊ុយក្រែនអាចប្រើប្រាស់ដើម្បីវាយប្រហាររុស្សី។ មនុស្សជាច្រើនពាន់បានស្លាប់បាត់បង់ជីវិតនៅក្នុងអ៊ុយក្រែននិងមនុស្សជាច្រើនលាននាក់ទៀតគ្មានជំរកចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលទីក្រុងមូស្គូបានហៅវាថា ជាប្រតិបត្តិការណ៍យោធាពិសេសដើម្បីកំចាត់ពួក Nazis នៅប្រទេសជិតខាង។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចបានហៅរឿងនេះថាជាលេសដែលគ្មានមូដ្ឋានសំរាប់សង្រ្គាមដើម្បីចាប់យកទឹកដី។