Manila, AP-
លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe-Biden បានទូរស័ព្ទទៅកាន់ Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអបអរសាទរលោកក្នុងការដែលទទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសហ្វីលីពីន ដែលបានឈ្នះភ្លូកទឹកភ្លូកដី ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយ។ Biden បានស្ថិតនៅក្នុងចំណោមមេដឹកនាំពិភពលោកលើកទី១ដែលទទួលស្គាល់ជ័យជំនះនៃការបោះឆ្នោតរបស់ Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការដែលត្រូវបានបណ្តេញចេញពីតំណែង ដែលជាបេក្ខភាពទទួលការព្រមានពីសកម្មជនសិទ្ធមនុស្សនិងក្រុមនិយមប្រជាធិបតេយ្យ។
“ប្រធានាធិបតី Biden បានប្រាប់លោកថា ទីក្រុងវ៉ាស៊ិនតោនកំពុងរង់ចាំធ្វើការជាមួយលោកនិងបញ្ជាក់ពីប្រវត្តិសាស្រ្តនៃសម្ព័ន្ធភាពក្នុងកិច្ចព្រមព្រៀងដ៏យូរលង់”។ ឯកអគ្គរដ្ឋទូតហ្វីលីពីន Jose Manuel Romulafez បានប្រាប់ AP ដោយបានបន្ថែមថាអ្នកទាំង២បានសន្ទនាគ្នាអស់រយៈពេលជាង១០នាទី។ Marcos Jr បានទទួលសម្លេងឆ្នោតជាង៣១លានសម្លេងនៅក្នុងការរាប់ដែលមិនទាន់ផ្លូវការកាលពីបោះឆ្នោតនៅថ្ងៃច័ន្ទដែលជាអ្វីដែលគេមើលឃើញថាជាអាណត្តិដ៏ខ្លាំងក្លាជាងគេសំរាប់ប្រធានាធិបតីហ្វីលីពីននៅក្នុងទស្សវត្យរ៍នេះ។ អនុប្រធានាធិបតីរបស់លោក Sara Duterte ហាក់ដូចជាបានឈ្នះសម្លេងឆ្នោតច្រើនដែរ។
Marcos Jr. បានលើកឡើងផងដែរថា ទំនាក់ទំនងដ៏យូរលង់រវាងទីក្រុងម៉នីឡានិងវ៉ាស៊ិនតោន និងបាននិយាយថា រដ្ឋការរបស់លោកនឹងធ្វើការងារបន្តក្នុងការស្ថាបនាវាជាបន្តទៀត។ លោកបានអញ្ជើញលោកប្រធានាធិបតី Biden ឲ្យអញ្ជើញចូលរួមក្នុងពីធីឡើងកាន់តំណែងរបស់លោកដែលនឺងប្រព្រឹត្តទៅនៅថ្ងៃ៣០ខែមិថុនា ប៉ុន្តែមេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថា លោកមានការជាប់រវល់ច្រើនដែលជំរុញឲ្យលោកត្រូវតែនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់អាមេរិកទៅចូលរួម លោក Romualdez បាននិយាយតាមទូរស័ព្ទ។
Marcos Jr. បានប្រកាសនូវជ័យជំនះកាលពីថ្ងៃពុធ បាននិយាយថាជ័យជំនះក្នុងការបោះឆ្នោតរបស់លោកគឺជាការជំរុញនៃប្រជាធិបតេយ្យនិងបានសន្យាថានឹងស្វែងរកហេតុផលរួមនៅក្នុងចំណោមការបែកបាក់ផ្នែកនយោបាយ អ្នកនាំពាក្យរបស់លោកបាននិយាយ ។ "ចំពោះពិភពលោក សូមកុំវិនិច្ឆ័យខ្ញុំតាមរយៈដូនតារបស់ខ្ញុំ ប៉ុន្តែតាមរយៈសកម្មភាពរបស់ខ្ញុំ" Rodriguez បានដកស្រង់ពាក្យសំដី Marcos Jr.និយាយ។ Marcos Jr. អាយុ៦៤ឆ្នាំបានធ្វើយុទ្ធនាការឃោសនានៅក្នុងរូបភាពឯកភាពជាតិដ៏ធំនៅខណៈដែលបានជៀសវាងនូវការរំលោភផ្សេងៗដែលជាការប្រឹងប្រែងយ៉ាងខ្លាំងរបស់លោកក្នុងយុទ្ធនាការឃោសនា។