1. អ៊ីស្រាអែលបដិសេធវាយប្រហារមន្ទីរពេទ្យប៉ាឡេស្ទីន
យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានស្លាប់ដោយការបំផ្ទុះដ៏ធំមួយនៅឯមន្ទីរពេទ្យ Gaza កាលពីថ្ងៃអង្គារ ខណៈដែលមានការព្រួយបារម្ភផ្នែកជំនួយមនុស្សធម៌បានកើនឡើងស្របពេលដែលអ៊ីស្រាអែលបានដកហូតអាហារ ប្រេងឥន្ធនៈ និងអគ្គិសនីប្រើប្រាស់ពីប្រជាជនដែលរស់នៅតំបន់នោះ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យ Al-Ahli Baptist ដែលផ្តល់ជំរកដល់មនុស្សរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅ បានរងនូវការទម្លាក់គ្រាប់បែកកាលពីថ្ងៃអង្គារ។ ពួកគេបានបន្ថែមថា នៅមានជនរងគ្រោះជាច្រើនកំពុងតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ។ មន្ត្រីប៉ាឡេស្ទីនបានស្តីបន្ទោស និងចោទប្រកាន់ដល់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលនៅតែកំពុងបន្ត ជាហេតុបណ្តាលអោយមានឧបទ្ទវហេតុដ៏សាហាវឃោរឃៅបែបនេះ។ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្កាថាចំពោះរាល់ការវាយប្រហារដែលពាក់ព័ន្ធជាមួយនឹងស្ថាប័នមន្ទីរពេទ្យ ដោយបានស្តីបន្ទោសជំនួសថានេះគឺជាលទ្ធផលពី"ការបរាជ័យនៃការបាញ់មីស៊ីល" របស់ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីននោះទេ ដែលជាគូប្រជែងក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។
2. អ៊ីស្រាអែលទំលាក់គ្រាប់បែកលើសាលារៀនអង្គការសហប្រជាជាតិ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិបាននិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារបានវាយប្រហារលើសាលារៀនរបស់អង្គការសហប្រជាជាតិដែលដើរតួនាទីជាជម្រកសម្រាប់មនុស្ស 4,000 នាក់ បានបង្កអោយធ្វើអោយសម្លាប់មនុស្សយ៉ាងហោចណាស់ 6 នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គ្មានកន្លែងណាមានសុវត្ថិភាពទៀតទេនៅក្នុងហ្គាហ្សា មិនលើកលែងសូម្បីតែកន្លែងរបស់ UNRWA" ។ ក្រុមជំនួយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការអនុញ្ញាតឱ្យទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈបាននាំចូលទៅកាន់តំបន់ហ្គាហ្សា ដោយប្រកាសឡើងថាទឹកដីនេះកំពុងតែប្រឈមមុខនឹងការដួលរលំផ្នែកមនុស្សធម៌ហើយ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយនៅយប់ថ្ងៃអង្គារថា ឥន្ធនៈនៅក្នុងតំបន់ហ្គាហ្សាកំពុងតែ"ជិតអស់ទាំងស្រុងហើយ" ។
3. ហ្ស៊កដានីលុបចោលកិច្ចប្រជុំកំពូលជាមួយ Biden, Sisi និង Abbas នៅ Amman
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បាននិយាយថា ប្រទេសហ្ស៊កដានីបានលុបចោលកិច្ចប្រជុំកំពូលដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Amman ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំអេហ្ស៊ីប និងប៉ាឡេស្ទីនដើម្បីពិភាក្សាអំពីបញ្ហាតំបន់ហ្គាហ្សានៅថ្ងៃពុធនេះ។ លោក Safadi បាននិយាយថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងដរាបណាភាគីដែលចូលរួមទាំងអស់អាចយល់ព្រមធ្វើឡើងដើម្បីបញ្ចប់"សង្រ្គាម និងការសម្លាប់រង្គាលប្រឆាំងនឹងប៉ាឡេស្ទីន" ដោយបន្ទោសអ៊ីស្រាអែលសម្រាប់យុទ្ធនាការយោធារបស់ពួកគេដែលរុញច្រានតំបន់នេះទៅកាន់គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ" ។ លោក Biden ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល រួចបន្ទាប់មកនឹងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានីតាមក្រោយ ហើយនឹងជួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi និងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។