វគ្គនេះបង្ហាញពីអត្ថបទមតិមួយដែលត្រូវបានចេញផ្សាយឡើងនៅលើគេហទំព័ររបស់កាសែតអ៊ីស្រាអែល Haaretz ដោយអ្នកនិពន្ធ Tzivi Barel ដែលក្នុងនោះលោកបានព្រមានប្រឆាំងនឹងការប៉ុនប៉ងបើកច្រកព្រំដែន Rafah របស់អេហ្ស៊ីបដើម្បីនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ Gaza Strip ។ ម៉្យាងវិញទៀត ក៏មានការពិភាក្សាថ្មីមួយអំពីប្រឡាយ Ben Gurion ដែលអ៊ីស្រាអែលប្រាថ្នាចង់បានតាំងពីទសវត្សរ៍ឆ្នាំ 1960 មកម្ល៉េះដែលជាជម្រើសជំនួសអោយប្រឡាយស៊ុយអេរបស់អេហ្ស៊ីប។ ក្រុមអ្នកវិភាគលោកខាងលិចនិងអារ៉ាប់បាននិយាយថា ទីក្រុង Tel Aviv ចង់ប្រើប្រាស់ប្រតិបត្តិការទឹកជំនន់ Al-Aqsa របស់ក្រុមហាម៉ាស់ដើម្បីជាលេសជម្លៀសប្រជាជនប៉ាឡេស្ទីនពីតំបន់ Gaza Strip ដើម្បីអោយពួកគេមានសេរីភាពក្នុងការជីកប្រឡាយ Ben Gurion ដែលតភ្ជាប់ឈូងសមុទ្រ Aqaba ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត ហើយវានឹងមិនត្រឹមតែក្លាយជាច្រករបៀងដឹកជញ្ជូន ជាជម្រើសមួយជំនួសអោយព្រែកជីកស៊ុយអេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃច្រករបៀងសេដ្ឋកិច្ចរវាងឥណ្ឌា និងអឺរ៉ុបឆ្លងកាត់មជ្ឈឹមបូព៌ាផងដែរ។
-
មេដឹកនាំអារ៉ាប់ថ្កោលទោសឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកាបានអោយដឹងថា កិច្ចប្រជុំកាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត បានធ្វើអោយមេដឹកនាំអារ៉ាប់ និងប្រធានាធិបតីអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់អ៊ីស្រាអែលក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមភេរវករហាម៉ាសនៅតំបន់ហ្គាហ្សា ដោយចោទប្រកាន់ថានេះជាឧក្រិដ្ឋកម្ម និងអំពើភេរវកម្មប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
សេចក្តីប្រកាសធ្វើឡើងកាលពីថ្ងៃសៅរ៍បានច្រានចោលការអះអាងរបស់អ៊ីស្រាអែលថាខ្លួនកំពុងតែធ្វើសកម្មភាពដើម្បីការពារខ្លួនឯង និងទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហានេះ។ ជាមួយនឹងគ្នានេះក៏មានការអំពាវនាវឱ្យបញ្ឈប់ការលក់សព្វាវុធ និងប្រេងទៅកាន់អ៊ីស្រាអែលដែរ និងបានច្រានចោលដំណោះស្រាយនយោបាយផ្សេងៗនាពេលអនាគតដែលនឹងធ្វើឱ្យតំបន់ហ្គាហ្សានេះនៅដាច់ដោយឡែកពីតំបន់ West Bank។
ខណៈប្រធានាធិបតីអ៊ីរ៉ាក់លោក Raisi បានប្រាប់កិច្ចប្រជុំកំពូលថាដំណោះស្រាយតែមួយគត់ចំពោះជម្លោះនេះគឺការសំរេចបានរដ្ឋប៉ាឡេស្ទីនមួយដែលមានព្រំដែនចាប់ពី"ទន្លេទៅដល់សមុទ្រ" ដែលនោះគឺមានន័យថាជាការលុបបំបាត់រដ្ឋអ៊ីស្រាអែល។
-
ការព្រមានពីការដួលរលំនៃព្រំដែនអេហ្ស៊ីប
យោងតាមសារព័ត៌មាន Haaretz ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកាបានអោយដឹងថា លោកប្រធានាធិបតី Sissi និងមេទ័ពកំពូលរបស់អេហ្ស៊ីប មានការភ័យខ្លាចថាជនភៀសខ្លួនរាប់ពាន់រាប់សែននាក់ពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប ប្រសិនបើបើកច្រកព្រំដែន Rafah មែននោះ នឹងត្រូវបានបើកឳកាសអោយសកម្មជនក្រុមហាម៉ាសឆ្លងកាត់បានដូចគ្នា នោះពួកគេនឹងបង្កើតអោយមានមូលដ្ឋានភេរវករថ្មីនៅឧបទ្វីបស៊ីណៃដោយសហការជាមួយអង្គការអ៊ីស្លាមផ្សេងទៀតដែលប្រតិបត្តិការនៅទីនោះ ហើយនេះគឺជាដៃគូសង្គ្រាមដែលអេហ្ស៊ីបព្យាយាមប្រយុទ្ធប្រឆាំងជាងមួយទសវត្សរ៍មកហើយ។
ដំណោះស្រាយចំពោះរឿងនេះទីក្រុង Cairo បានប្រាប់វ៉ាស៊ីនតោនថា មធ្យោបាយតែមួយគត់គឺជាបទឈប់បាញ់ ដើម្បីបើកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។
ម្យ៉ាងទៀតអេហ្ស៊ីបយល់ថាខ្លួនមិនបានជួយអ្វីច្រើន ព្រោះច្រកព្រំដែន Rafah ថ្វីបើស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អេហ្ស៊ីបពិតមែន ប៉ុន្តែទីក្រុង Cairo នៅតែស្ថិតក្រោមការសំរេចចិត្តរបស់អ៊ីស្រាអែល ថានៅពេលណា រឺមួយអ្នកណា រឺចំនួនឡានដឹកជំនួយ និងមនុស្សប៉ុន្មាននាក់ដែលអាចឆ្លងកាត់បាននៅក្នុងមួយថ្ងៃ។
-
ផែនការជីកប្រឡាយ Ben Gurion ជំនួសអោយប្រឡាយស៊ុយអេ
យោងតាមសារព័ត៌មាន India Express ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកាបានអោយដឹងថា មានហេតុផលមួយក្នុងចំណោមហេតុផលដែលនៅពីក្រោយគោលបំណងរបស់អ៊ីស្រាអែលក្នុងការលុបបំបាត់ក្រុមហាម៉ាសចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សាស្រ្ទីបនោះ នោះគឺដើម្បីស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចដល់ខ្លួនរបស់គេ។
គំនិតនោះគឺជាការជីកប្រឡាយមួយឆ្លងកាត់វាលខ្សាច់របស់អ៊ីស្រាអែល Negev ពីចុងឈូងសមុទ្រ Aqaba ដែលជាដៃខាងកើតនៃសមុទ្រក្រហមមកកាន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេខាងកើត។ នេះគឺជាជំរើសមួយសម្រាប់ជំនួសអោយព្រែកជីកស៊ុយអេ ដែលគ្រប់គ្រងដោយប្រទេសអេហ្ស៊ីប ដែលចាប់ផ្តើមពីដៃខាងលិចនៃសមុទ្រក្រហម និងមកកាន់ភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ាណេតាមរយៈភាគខាងជើងនៃឧបទ្វីបស៊ីណៃ។
ក្រុមអ្នកវិភាគលោកខាងលិចនិងអារ៉ាប់បាននិយាយថា ទីក្រុង Tel Aviv ចង់ប្រើប្រាស់ប្រតិបត្តិការទឹកជំនន់ Al-Aqsa របស់ក្រុមហាម៉ាស់ដើម្បីជាលេសជម្លៀសប្រជាជនប៉ាឡេស្ទីនពីតំបន់ Gaza Strip ដើម្បីអោយពួកគេមានសេរីភាពក្នុងការជីកប្រឡាយ Ben Gurion ដែលតភ្ជាប់ឈូងសមុទ្រ Aqaba ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដែលវានឹងមិនត្រឹមតែក្លាយជាច្រករបៀងដឹកជញ្ជូន ជាជម្រើសមួយជំនួសអោយព្រែកជីកស៊ុយអេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃច្រករបៀងសេដ្ឋកិច្ចរវាងឥណ្ឌា និងអឺរ៉ុបឆ្លងកាត់មជ្ឈឹមបូព៌ាផងដែរ។