យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Ilyushin Il-76 បានធ្លាក់កាលពីថ្ងៃទី២៤ ខែមករានៅតំបន់ Belgorod និងបានសម្លាប់មនុស្សនៅលើយន្តហោះនោះ។ សហរដ្ឋអាមេរិកបានស្នើឱ្យចិនជួយជំរុញទីក្រុងតេអេរ៉ង់ឱ្យតំរង់ផ្លូវក្រុមឧទ្ទាមហ៊ូទីរបស់ខ្លួនដែលបានវាយប្រហារមកលើនាវាពាណិជ្ជកម្មជាច្រើននៅសមុទ្រក្រហមប៉ុន្តែគេសង្កេតឃើញថាមានសញ្ញាតិចតួចប៉ុណ្ណោះដែលទីក្រុងប៉េកាំងព្រមទទួលយកនូវជំនួយនេះ។ អ្នកវិទ្យាសាស្ត្រនៅបណ្ឌិតសភាយោធាទូទៅ A.V. Khrulev បានធ្វើប៉ាតង់ម៉ាស៊ីន Simulator ថ្មីមួយសម្រាប់ការបំផ្ទុះនុយក្លេអ៊ែរសាកល្បងនៅលើដី
-
យន្តហោះរុស្ស៊ីដឹកអ្នកទោសអ៊ុយក្រែនធ្លាក់នៅ Belgorod
យោងតាមសារព័ត៌មាន BBCចុះផ្សាយថ្ងៃទី២៤ ខែមករាបានអោយដឹងថា យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Ilyushin Il-76 បានធ្លាក់កាលពីថ្ងៃទី២៤ ខែមករានៅតំបន់ Belgorod និងបានសម្លាប់មនុស្សនៅលើយន្តហោះនោះ។
នៅម៉ោងប្រហែល 11 ព្រឹកម៉ោងនៅទីក្រុងមូស្គូ យន្តហោះ IL-76 បានធ្លាក់នៅតំបន់ Belgorod ក្នុងសង្កាត់ Korochansky ដោយនៅលើនោះមានទាហានអ៊ុយក្រែន65 នាក់ដែលត្រូវបានចាប់ខ្លួននិងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Belgorod សម្រាប់ការដោះដូរអ្នកទោស ហើយក៏មានសមាជិកនាវិក 6 នាក់ និងអ្នកអមដំណើរ 3 នាក់ផងដែរ។
លោក Andrei Kartapolov ឧត្តមសេនីយចូលនិវត្តន៍រុស្ស៊ី បាននិយាយថា យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួចបីប្រភេទ ដែលលោកខាងលិចបានផ្តល់អោយដល់អ៊ុយក្រែន។
អ្នកនាំពាក្យនៃរដ្ឋ Duma លោក Vyacheslav Volodin បាននិយាយថាអ៊ុយក្រែន "បានបាញ់ទម្លាក់ទាហានរបស់ពួកគេដោយខ្លួនឯងនៅលើអាកាស" ជាមួយនឹង"កាំជ្រួចមីស៊ីលអាមេរិកនិងអាល្លឺម៉ង់របស់ពួកគេ" ។
-
អាមេរិកស្នើជំនួយពីចិនដើម្បីទប់ទល់នឹងការវាយលុកពីក្រុមហ៊ូទី
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៤ ខែមករាបានអោយដឹងថា សហរដ្ឋអាមេរិកបានស្នើឱ្យចិនជួយជំរុញទីក្រុងតេអេរ៉ង់ឱ្យតំរង់ផ្លូវក្រុមឧទ្ទាមហ៊ូទីរបស់ខ្លួន ដែលបានវាយប្រហារមកលើនាវាពាណិជ្ជកម្មជាច្រើននៅសមុទ្រក្រហម ប៉ុន្តែគេសង្កេតឃើញថាមានសញ្ញាតិចតួចប៉ុណ្ណោះដែលទីក្រុងប៉េកាំងព្រមទទួលយកនូវជំនួយនេះ។
របាយការណ៍បានបង្ហាញថាសហរដ្ឋអាមេរិកបានព្យាយាមលើកបញ្ហានេះម្តងហើយម្តងទៀតជាមួយមន្ត្រីកំពូលរបស់ចិនក្នុងរយៈពេលបីខែកន្លងមកនេះទៅហើយ។
ដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និងអនុប្រធានរបស់លោកគឺលោក Jon Finer បានពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្នុងខែនេះនៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Liu Jianchao ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិន។
-
រុស្ស៊ីបង្កើត Simulator នុយក្លេអ៊ែរសម្រាប់ហ្វឹកហ្វាត់ទាហាន
យោងតាមសារព័ត៌មាន The EurAsian Times ចុះផ្សាយថ្ងៃទី២៣ ខែមករាបានអោយដឹងថា អ្នកវិទ្យាសាស្ត្រនៅបណ្ឌិតសភាយោធាទូទៅ A.V. Khrulev បានធ្វើប៉ាតង់ម៉ាស៊ីន Simulator ថ្មីមួយសម្រាប់ការបំផ្ទុះនុយក្លេអ៊ែរសាកល្បងនៅលើដី។ ការបង្កើតថ្មីនេះនឹងជួយរៀបចំដល់កងកម្លាំងជើងគោកសម្រាប់ត្រៀមខ្លួននៅក្នុងប្រតិបត្តិការប្រយុទ្ធជាក់ស្តែងនៅក្នុងលក្ខខណ្ឌមួយដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរពិតប្រាកដ។ ម្យ៉ាងទៀតវាក៏ត្រូវបានប្រើប្រាស់សម្រាប់ការណែនាំដល់បុគ្គលិកកងកម្លាំងឈ្លបយកការណ៍លើដី បុគ្គលិកខាងវិទ្យុសកម្ម គីមី ជីវសាស្ត្រ អំពីរបៀបកំណត់ប៉ារ៉ាម៉ែត្រ និងចំណុចកណ្តាលនៃការផ្ទុះនុយក្លេអ៊ែរនេះផងដែរ។
"គោលបំណងនៃការប្រើប្រាស់ Model នេះគឺដើម្បីធ្វើអោយដូចទៅនឹងការវាយលុកនុយក្លេអ៊ែរពិតប្រាកដ-ដែលមានឥទ្ធិពលនៃភាពភ័យរន្ធត់ពិតៗ ទាំងពន្លឺ និងផ្សែងសន្ធោសន្ធៅកើតចេញពីបន្ទុះនុយក្លេអ៊ែរលើដី" ។