-
រុស្ស៊ីបញ្ចេញដ្រូនអ៊ីរ៉ង់ថ្មីដើរដោយម៉ាស៊ីនយន្តហោះនៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី១០ ខែមករាបានអោយដឹងថា ការកំំំណែទំរង់ថ្មីនៃដ្រូន Shahed kamikaze របស់អ៊ីរ៉ង់ ប្រហែលជាបានមកដល់សមរភូមិក្នុងប្រទេសអ៊ុយក្រែនហើយ។
ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ដ្រូន Shahed-238 kamikaze ជាលើកដំបូងត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 8 ខែមករា។
គួរបញ្ជាក់ផងដែរ អ៊ីរ៉ង់ក៏បានបង្ហាញកំណែទំរង់ថ្មីនៃដ្រូន Shahed 'kamikaze' របស់ខ្លួននេះក្នុងអំឡុងពិធីតាំងពិព័រណ៍សមិទ្ធិផលអវកាសដោយកងទ័ពជើងទឹក IRGC របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ 2023។
ខណៈយោធាទីក្រុង Kyiv ក៏បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនផងដែរថា រុស្ស៊ីបានចាប់ផ្តើមបញ្ជូនកំណែទម្រង់នៃដ្រូន Shaheds ទៅកាន់ទឹកដីរបស់ខ្លួន។
កំណែថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនយន្តហោះដែលខុសពីការតំឡើង piston-propeller ពីមុនដោយផ្តល់ល្បឿនលឿនជាងមុន ដែលមានរហូតទៅដល់ 800គីឡូម៉ែត្រក្នុងមួយម៉ោង និងមានពណ៌ងងឹតជាង ដែលធ្វើអោយពិបាកឃ្លាំមើល។
-
រុស្ស៊ីប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៅទីក្រុង Belgorod
យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី០៩ ខែមករាបានអោយដឹងថា អភិបាលក្រុងលោក Vyacheslav Gladkey បានប្រកាសកាលពីថ្ងៃទី9 ខែមករាថាអាជ្ញាធររុស្ស៊ីកំពុងរៀបចំការជម្លៀសកុមារពីតំបន់ Belgorod ទៅកាន់តំបន់ផ្សេងទៀត។
កាលពីល្ងាចថ្ងៃទី៨ខែមករា លោក Gladkov បានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គោលដៅអាកាសចំនួន១០ លើទីក្រុង Belgorod ដែលបណ្តាលឲ្យមនុស្ស ៣ នាក់បានរងរបួសដោយការធ្លាក់កម្ទេចកម្ទី។
អភិបាលក្រុង Belgorod បាននិយាយថា លោកបានយល់ព្រមផ្លាស់ប្តូរទីតាំងកុមារទៅកាន់តំបន់ផ្សេងទៀតដែលជាសមភាគីរបស់លោករួមមានតំបន់ Veronezh, Varoslav!, Kaluga និង Tambov។
លោក Gladkov បាននិយាយថា ឥឡូវនេះ អាជ្ញាធរកំពុងរៀបចំក្រុមជម្លៀស ដោយក្នុងនោះក៏មានក្រុមគ្រូបង្រៀនផងដែរដែលនឹងត្រូវបញ្ជូនទៅមើលថែកុមារទាំងនោះ។
វិមានក្រឹមឡាំងបាននិយាយថាយោធារុស្ស៊ីនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បី"កាត់បន្ថយការគំរាមកំហែងនៅក្នុងពេលដំបូង និងបន្ទាប់មកលុបបំបាត់ទាំងស្រុងតែម្តង"។
-
កសិករអាល្លឺម៉ង់ផ្ទុះការតវ៉ាដោយសារសង្គ្រាមអ៊ុយក្រែន?
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៨ ខែមករាបានអោយដឹងថា កសិករអាល្លឺម៉ង់បានចាប់ផ្តើមផ្ទុះការតវ៉ាពេញមួយសប្តាហ៍ទូទាំងប្រទេសប្រឆាំងនឹងការកាត់បន្ថយប្រាក់ឧបត្ថម្ភដល់វិស័យកសិកម្មកាលពីថ្ងៃចន្ទដោយបិទផ្លូវជាមួយត្រាក់ទ័រ និងដាក់សម្ពាធលើក្រុមចម្រុះរបស់អធិការបតីលោក Olaf Scholz ខណៈដែលពួកគេជួបការលំបាកក្នុងការដោះស្រាយវិបត្តិថវិកា និងមានការកើនឡើងនៃកងកម្លាំងស្តាំនិយមជ្រុលក្នុងប្រទេស។
ក្បួនរថយន្តត្រាក់ទ័រ និងរថយន្តជាច្រើនបានប្រមូលផ្តុំគ្នានៅលើផ្លូវក្នុងសីតុណ្ហភាពក្រោមសូន្យក្នុងរដ្ឋសហព័ន្ធស្ទើរតែទាំង16រដ្ឋ ខណៈដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិស ហើយអ្នកនយោបាយនាំមុខមួយចំនួនបានព្រមានថាភាពចលាចលនេះអាចបង្កឡើងដោយក្រុមជ្រុលនិយម។
កសិករបានប្តេជ្ញាបិទផ្លូវចរាចរណ៍ និងទីតាំងសំខាន់ៗខណៈដែលពួកគេព្រមានថាការបញ្ចប់ការដកពន្ធនឹងជំរុញឱ្យកសិដ្ឋានលែងមានអាជីវកម្ម។
អ្នកវិភាគម្នាក់់បានអះអាងថា ផលវិបាកនៃការគាំទ្រសេដ្ឋកិច្ចដល់អ៊ុយក្រែនរបស់លោកខាងលិច បានបង្កឲ្យមាន«ភាពប្រេះស្រាំ»នៅក្នុងសង្គមអឺរ៉ុប។