Ferl-
សហរដ្ឋអាមេរិកបានព្រមានរបបបុរសខ្លាំង Belarus, Alyaksandr Lukashenka ថានឹងប្រឈមទៅនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ បើសិនជារបបនេះជួយ សម្ព័ន្ធមិត្តរបស់ខ្លួនរុស្សី ក្នុងការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ “យើងសូមបញ្ជាក់យ៉ាងច្បាស់ចំពោះ Belarus បើសិនជាប្រទេសនេះអនុញ្ញាតិឲ្យទឹកដីរបស់ខ្លួនប្រើប្រាស់ដោយរុស្សី ដើម្បីវាយប្រហារទៅលើអ៊ុយក្រែន Belarus នឹងប្រឈមទៅនឹងការឆ្លើយតបដោយរហ័ស និងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងដៃគូរ”។
“បើសិនមានការឈ្លានពានមួយចេញពី Belarus, បើសិនជាកងទ័ពរុស្សីបោះទីតាំងនៅជាអចិន្ត្រៃយ៍លើទឹកដីរបស់ពួកគេ NATO អាចនឹងពិចារណាដាក់កងទ័ពនៅក្នុងប្រទេស ដែលមានព្រំប្រទល់ជាប់នឹង Belarus ” អ្នកនាំពាក្យក្រសួងការបរទេស Ned price បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃ២៥ ខែមករា។ ការប្រកាសភាពអាសន្នបានអង្រួនពាសពេញរដ្ឋធានី បស្ចឹមប្រទេសអំពីគ្រោះថ្នាក់នៃទំនាស់ដ៏ធំ បន្ទាប់ពីរុស្សីបានប្រមូលផ្តុំទ័ព ដែលចារកម្មរបស់អ៊ុយក្រែន បានធ្វើការប៉ាន់ស្មានប្រហែលជា ១២៧,០០០នាក់ នៅតាមព្រំប្រទល់អ៊ុយក្រែន និងបានដាក់ពង្រាយទ័ពមួយចំនួន ដែលទីក្រុងមូស្គូ និង Minsk បាននិយាយថាជាការធ្វើសមយុទ្ធរួមគ្នា។
ប្រធានាធិបតីរុស្សី Vladimir Putin បានគាំទ្រ Lukashenka ក្នុងការប្រឈមមុខជាមួយក្រុមបស្ចឹមប្រទេស លើរឿងជំលោះក្នុងរឿងបោះឆ្នោតក្នុងខែសីហា ឆ្នាំ២០២០ ដែលបានប្រគល់អំណាចឲ្យមេដឹកនាំ Belarus ចំនួន៦អាណត្តិជាប់ៗគ្នាក្នុងអំណាច។ លទ្ធផលនៃការបោះឆ្នោតបានរុញច្រានឲ្យមានការតវ៉ា ដែល Lukashenka បានឆ្លើយតបដោយធ្វើការបង្រ្កាបដោយអំពើហឹង្សាទៅលើក្រុមប្រឆាំង ដែលគេបានឃើញមនុស្សជាច្រើនពាន់នាក់ ត្រូវបានចាប់ឃុំឃាំងនិងមេដឹកនាំអ្នកនយោបាយប្រឆាំងជាច្រើន ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសដោយការភ័យសខ្លាចពីសន្តិសុខផ្ទាល់ខ្លួន។
កាលពីដើមខែនេះ Lukashenka បាននិយាយថា ការធ្វើសមយុទ្ធរួមគ្នារវាងយោធា Belarus និងរុស្សី នឹងចាប់ផ្តើមធ្វើក្នុងខែកុម្ភៈ នៅជាប់នឹងប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែនក៏ដូចជារដ្ឋជាសមាជិក NATO ។ លោកបាននិយាយទៀតថា ការធ្វើសមយុទ្ធនេះនឹងផ្តោតទៅលើសេណារីយ៉ូមួយដែលយោធាប្រទេសរបស់ខ្លួន ត្រូវបានបង្ខំឲ្យទបទល់នឹងកម្លាំងដែលមកពីបស្ចឹមប្រទេស៕