ក្រុមហាម៉ាសប្រកាសថាឧបទ្វីបស៊ីណៃនឹងក្លាយទៅជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ការតស៊ូប្រឆាំងនឹងអ៊ីស្រាអែលតាមរយៈសេចក្តីថ្លែងការណ៍ដ៏គ្រោះថ្នាក់មួយធ្វើឡើងដោយលោក Osama Hamdan ជាការឆ្លើយតបទៅនឹងរូបភាពដែលប៉ាន់ប្រមាណឡើងថាការផ្លាស់ទីលំនៅប្រជាជនហ្គាហ្សាទៅកាន់ឧបទ្វីបស៊ីណៃនិងនាំអ៊ីស្រាអែលឈានទៅរកការឈ្លានពានព្រំដែនអេហ្ស៊ីប!ខណៈអ៊ីស្រាអែលនៅតែបន្តគម្រាមកំហែងប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីបហើយរុញច្រានពួកគេឆ្ពោះទៅកាន់ព្រំដែនរ៉ាហ្វារបស់ប៉ាឡេស្ទីន ដើម្បីត្រៀមវាយលុកព្រំដែនអេហ្ស៊ីប។ តើអេហ្ស៊ីបនឹងធ្វើអ្វីដើម្បីការពារពីការជម្លាសប្រជាជនពីហ្គាហ្សាមកកាន់ស៊ីណៃ?ជម្រើសទាំងអស់នឹងនាំទៅរកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយអ៊ីស្រាអែលហើយនឹងបង្កអោយមានការផ្ទុះឡើងនៃសង្រ្គាមរវាងអេហ្ស៊ីប និងអ៊ីស្រាអែល។ តើសហរដ្ឋអាមេរិក និងរដ្ឋបាលលោក Biden ពិតជាចង់អូសទាញអេហ្ស៊ីបអោយចូលរួមនៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល និងសំរេចហែកចោលកិច្ចព្រមព្រៀងសន្តិភាព Camp David រវាងអេហ្ស៊ីប និងអ៊ីស្រាអែលមែនដែរឬទេ? ឬមួយអង្គការសហប្រជាជាតិចាំបាច់នឹងត្រូវអនុវត្តន៍មាត្រា99 និងសំរេចដាក់បទឈប់បាញ់?
-
សហជីពកម្មករចក្រភពអង់គ្លេសបិទរោងចក្រអាវុធអ៊ីស្រាអែល
យោងតាមសារព័ត៌មាន Common Dreams ចុះផ្សាយថ្ងៃទៅ០៧ ខែធ្នូបានអោយដឹងថា សមាជិកសហជីពកម្មករជាង 1,000 នាក់បានធ្វើបាតុកម្មឡើងដើម្បីសេរីភាពប៉ាឡេស្ទីនដោយបានបិទរោងចក្រផលិតអាវុធចំនួន 4 នៅចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ដែលជារោងចក្រមានផលិតគ្រឿងបន្លាស់សំភារៈសម្រាប់យន្តហោះអ៊ីស្រាអែលប្រើប្រាស់នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកនៅលើតំបន់ហ្គាហ្សា។
កម្មករទាំងនោះរួមមានគ្រូបង្រៀន អ្នកជំនាញផ្នែកថែទាំសុខភាព និងអ្នករៀបចំផ្នែកបដិសណ្ឋារកិច្ច ដោយបានលើកឡើងថា ពួកគេបានបិទរោងចក្រនៅទីក្រុង Bournemouth, Lancashire, Brighton និង Glasgow ។
ប្រភពបានអោយដឹងថា រោងចក្រនេះមានផ្គត់ផ្គង់នូវសម្ភារៈគ្រឿងបន្លាស់សំរាប់យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល។ ចំណែកក្រុមកម្មករមានមកពីប្រទេសបារំាង ដាណឺម៉ាក និងហូឡង់ នៃចក្រភពអង់គ្លេស។
-
ការដួលរលំនៃទីក្រុង Beit Lahia នៅភាគខាងជើងហ្គាហ្សា
យោងតាមសារព័ត៌មាន Reliefweb ចុះផ្សាយថ្ងៃទី០៧ ខែធ្នូបានអោយដឹងថា កងទ័ពអ៊ីស្រាអែលបានចាប់ឃុំខ្លួន និងធ្វើបាបយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលប៉ាឡេស្ទីនរាប់សិបនាក់នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប នៅជុំវិញមជ្ឈមណ្ឌលទីជម្រកពីរកន្លែងក្នុងទីក្រុង Beit Lahia អស់រយៈពេលជាច្រើនថ្ងៃ មុននឹងធ្វើការវាយដំ និងដោះសម្លៀកបំពាក់របស់ពួកគេ។
កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនប្រឆាំងទៅនឹងជនភៀសខ្លួនជាច្រើននាក់រួមមានវេជ្ជបណ្ឌិត អ្នកសិក្សា អ្នកកាសែត និងមនុស្សចាស់ នៅក្នុងសាលា Khalifa Bin Zayed និង New Aleppo ដែលសាលាទាំងពីរនេះមានទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ( UNRWA) ។
នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត កងទ័ពអ៊ីស្រាអែលបានប្រកាសថា កាលពីប៉ុន្មានថ្ងៃមុន យន្តហោះចម្បាំងអ៊ីស្រាអែលបានសម្លាប់លោក Abdel Aziz Al-Rantisi ដែលជាប្រធានចារកម្មយោធារបស់ក្រុមហាម៉ាស ដែលទទួលបន្ទុកចំពោះប្រតិបត្តិការឈ្លបយកការណ៍ទាំងអស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
-
ក្រុមហាម៉ាសប្រកាសផែនការផ្លាស់ទៅឧបទ្វីបស៊ីណៃ
យោងតាមសារព័ត៌មាន The Palestinian Information Center ចុះផ្សាយថ្ងៃទី០៧ ខែធ្នូបានអោយដឹងថា មេដឹកនាំនៅក្នុងចលនាហាម៉ាស លោក Osama Hamdan បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកប្រយុទ្ធរបស់ពួកគេបានចូលរួមនៅក្នុង "ការប្រយុទ្ធដ៏ខ្លាំងក្លា" ជាមួយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប។
ថ្លែងទៅកាន់សមាជិកគ្រួសារនៃអ្នកជាប់ឃុំឃាំងអ៊ីស្រាអែលនៅហ្គាហ្សា លោក Hamdan បាននិយាយថា“យុទ្ធនាការយោធារបស់អ្នកដែលប្រឆាំងនឹងប្រជាជនរបស់យើង នោះយើងនឹងមិនប្រគល់កូនចៅរបស់អ្នកទៅកាន់អ្នកវិញនោះទេ”។
លោកបានព្រមានថា៖«ពួកគេនឹងមិនវិលត្រឡប់ទៅវិញទេប្រសិនបើការឈ្លានពានមិនត្រូវបានបញ្ឈប់»។
ការលើកឡើងរបស់លោក Osama Hamdan គឺហាក់ដូចជាការឆ្លើយតបទៅកាន់រូបភាពមួយដែលត្រូវប៉ាន់ប្រមាណឡើងថា ការផ្លាស់ទីលំនៅប្រជាជនហ្គាហ្សាទៅកាន់ឧបទ្វីបស៊ីណៃ និងនាំអោយអ៊ីស្រាអែលឈានទៅរកការឈ្លានពានព្រំដែនអេហ្ស៊ីប ខណៈដែលអ៊ីស្រាអែលនៅតែបន្តគម្រាមកំហែងប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីបហើយរុញច្រានពួកគេឆ្ពោះទៅកាន់ព្រំដែនរ៉ាហ្វារបស់ប៉ាឡេស្ទីនដើម្បីត្រៀមវាយលុកព្រំដែនអេហ្ស៊ីប ដូចនេះក្រុមហាម៉ាសអាចប្រកាសចូលរួមជាមួយនឹងអេហ្ស៊ីបដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលបាន។