លោក Nang Liger សមាជិកនៃក្រុមរ៉េបផ័រជាងកាត់សក់ហៅថា Barberfamily ឃើញថាទើបតែឈានចូលជំហានថ្មីជាមួយក្រុមចំរៀងថ្មីរបស់លោកដែលមានឈ្មោះថា«ទ័ពដែក» កាលពីពេលថ្មីៗនេះ។ លោក Nang Liger គឺជា Star មួយរូបដែលបង្កើនភាពល្បីល្បាញរបស់លោកតាមរយៈ Tik Tok និងកន្លងមកលោកក៏ធ្លាប់ចូលរួមជាមួយផលិតកម្ម Enation និងចូលរួមប្រកួតនៅក្នុងកម្មវិធី The Rapper Cambodia ផងដែរ។
ថ្វីបើមិនទទួលបានលទ្ធផលល្អឆ្លងផុតទៅវគ្គបន្ទាប់ លោក Nang Liger បានអោយដឹងថា លោកពិតជាមានមោទនភាពដែលអាចបញ្ជាក់អោយឃើញថាជាងកាត់សក់មួយរូបតំណាងអោយជាងកាត់សក់ដទៃទៀតក៏អាចឡើងមកឈរប្រកួតនៅក្នុងវេទិកាប្រឡងសមត្ថភាព The Rapper Cambodia បានដែរ។ ខណៈដែលជាកូនក្រុមរបស់លោក Khmer1Jivit លោក Khmer1Jivit បានឆ្លើយតបនៅលើបណ្តាញសង្គមអោយដឹងថា លោកគឺជា Star មួយរូបទៅហើយបើទោះជាលទ្ធផលក្លាយជាយ៉ាងណាក៏ដោយ។
យ៉ាងណាមិញនៅមិនទាន់ដឹងថា លោក Nang Liger ពិតជាបែកគ្នាជាមួយនឹងផលិតកម្ម Enation មែនរឺអត់ទេ ប៉ុន្តែបើតាមដឹងក្រុមចំរៀងថ្មីរបស់លោកគឺហាក់ដូចជាក្រុមផ្តាច់ខ្លួនមួយមិនស្ថិតក្រោមផលិតកម្មណាមួយទេ។ ក្រុមនេះបង្កើតឡើងដោយសមាជិក៤រូបដែលរួមមានលោក Nang Liger, លោកTwentyTen, លោក Bobo និងលោក Reefee។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅនេះដែរ លោក Nang Liger ទើបតែបានរួមគ្នាបកស្រាយចម្រៀងមួយបទជាមួយនឹងលោក Twenty Ten តាមរយៈបទ«មរតកគុនខ្មែរ» បន្ទាប់ពីពួកគេទើបតែបានចេញផ្សាយបទរួមគ្នាចំណងជើងថា«C.JO» កាលពីមួយខែមុននេះ។ បទ«មរតកគុនខ្មែរ» គឺជាសា្នដៃបទចម្រៀងរន្ថើនអារម្មណ៍ថ្មីមួយទៀតដែលប្រកបដោយទាំងអត្ថន័យ និងអត្ថរសវាចាចុងចួនយ៉ាងពិរោះរណ្តំថែមទៀត ធ្វើអោយអ្នកស្តាប់ពេញជ្រាបដោយអារម្មណ៍មោទនភាពចំពោះមរតកកនៃគុនខ្មែររបស់យើងជាពន់ពេក។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាចំពោះស្នាដៃនិពន្ធតាក់តែង ក៏ដូចជា Mix បទភ្លេង និងច្រៀងឡើងពីក្រុមចំរៀងទ័ពដែករបស់យើង?