កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅនេះ ផលិតកម្មបារមីទើបតែបានបញ្ចេញព័ត៌មានថ្មីមួយតាមរយៈវិដេអូកម្សាន្ត Tik Tok របស់ពួកគេអំពីការគ្រោងចេញផ្សាយបទចម្រៀងថ្មីៗសំរាប់សង្ក្រាន្តឆ្នាំថ្មីដោយបានលើកជាសំណួរឡើងថានៅលើខេបសិន«សង្ក្រាន្តឆ្នាំនេះចង់បានប៉ុន្មានបទ?» ព្រមជាមួយនឹងការភ្ជាប់ Hashtag មួយចំនួនដូចជា សង្ក្រាន្ត២០២៣ បារមី Crew។ តាមរយៈវិដេអូ Highlight ខ្លីកំប្លែងៗនេះផងដែរ ក៏អាចធ្វើអោយទស្សនិកជនចាប់សំគាល់ឃើញពីសកម្មភាពថតសម្តែងរបស់ក្រុមការងារបារមីយ៉ាងស្រុះដៃស្រុះជើងគ្នានៅតាមទីកន្លែងខុសៗគ្នាដូចជាទីវត្តអារាម ផ្សារ និងទីសាធារណៈផ្សេងទៀតជាដើម។ យ៉ាងណាមិញផងដែរ សំណួរចោទឡើងមួយនេះក៏បានធ្វើអោយបណ្តាអ្នកគាំទ្រនិយមស្តាប់តន្រ្តីជាច្រើននាក់នាំគ្នាធ្វើការបញ្ចេញមតិរៀងៗខ្លួនទៅតាមចំណាប់អារម្មណ៍ ជាពិសេសសង្កេតឃើញថាមានមនុស្សមួយចំនួនបានបង្ហាញពីការទន្ទឹងរង់ចាំយ៉ាងខ្លាំង និងស្នើរសុំអោយមានការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ខាងផលិតកម្មបារមីមិនទាន់បានបញ្ជាក់អោយដឹងច្បាស់នៅឡើយទេថាពួកគេគ្រោងនឹងចេញផ្សាយនៅក្នុងពេលណា។ ប៉ុន្តែគួរអោយចាប់អារម្មណ៍ថាកាលពីពេលថ្មីៗនេះ ផលិតកម្មបារមីទើបតែបានប្រកាសចេញផ្សាយព័ត៌មានទាក់ទងនឹងការរៀបចំកម្មវិធីប្រគំតន្រ្តី «Hanuman Khmer New Year 2023» របស់ខ្លួននោះទេ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ទី១៥ និងទី១៦ នៅខេត្តសៀមរាប។ ដូច្នេះបទថ្មីៗរបស់ពួកគេអាចនឹងត្រូវបានចេញផ្សាយនៅមុនថ្ងៃនោះផងដែរ ដើម្បីលើកទៅសំដែងជាពិសេសនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ។ មួយវិញទៀតសោត ខណៈដែលសិល្បករបារមីមួយចំនួនបានធ្វើការបង្ហើប និងបកស្រាយបទចំរៀងសង្ក្រាន្តថ្មីៗរបស់ពួកគេខ្លះៗរួចមកហើយនៅក្នុងការសម្តែងការប្រគំតន្រ្តីបុណ្យភូមិកាលពីពេលថ្មីៗនេះ ទស្សនិកជនមួយចំនួនក៏អាចរំពឹងបានថាបទចម្រៀងសង្ក្រាន្តថ្មីៗទាំងនោះ ក៏ស្ថិតក្នុងចំណោមបទដែលរំលេចឡើងជាមួយនឹងសកម្មភាពថតសម្តែងទាំងនោះដែរ។