កាលពីថ្ងៃទី18 ខែវិច្ឆិកាកន្លងទៅនេះ លោកបាលីនៃផលិតកម្មរាមបានបញ្ចេញបទរ៉េបថ្មីមួយក្រោមចំណងជើងថា«Chess» នៅលើឆាណែលយូធូបផ្លូវការរបស់ផលិតកម្មរាម។ គួរកត់សំគាល់ផងដែរថា បទនេះគឺជាស្នាដៃនិពន្ធតាក់តែងដោយខ្លួនរបស់លោកផ្ទាល់ ដែលនេះបង្ហាញពីសមត្ថភាពមិនធម្មតារបស់លោកក្នុងការរ៉េប និងនិពន្ធបទចម្រៀងផងដែរ។
ម្យ៉ាងវិញទៀត បទនេះក៏បានឆ្លុះបញ្ចាំងពីចិត្តគំនិតក៏ដូចជាពិភពផ្ទាល់ខ្លួន ដែលលោកបាលីចង់បង្ហាញទៅកាន់ទស្សនិកជនរបស់លោកផងដែរ។ តាមរយៈការបង្ហោះឡើងនៅបណ្តាញសង្គមហ្វេសប៊ុក លោកបាលីបានសរសេរឡើងនូវប៉ារ៉ូលមួយឃ្លាដ៏មានអត្ថន័យថា«ជីវិតដែលជាប់ឃុំពិភពលោកពាក់ Mask» ដែលលោកបាលីហាក់ដូចជាចង់សម្តែងអារម្មណ៍របស់លោកអ្វីម្យ៉ាងទៅកាន់អ្នកស្តាប់តាមរយៈបទចម្រៀងមួយនេះ។
ក្នុងនាមជាសិល្បករម្នាក់ លោកបានបើកកកាយជម្រៅចិត្ត និងភាពច្នៃប្រឌិតរបស់ខ្លួនឯង ដើម្បីជំរុញលើកទឹកចិត្តអ្នកស្តាប់អោយហ៊ានដើរចេញពីរនាំងគុកឃុំគ្រងរបស់ខ្លួនឯង តតាំងជាមួយពិភពលោកខាងក្រៅ។ បើនិយាយពីខនសិបនៃបទចម្រៀងវិញ ក៏ឃើញថាមានភាពប្លែក និងច្នៃប្រឌិតខ្ពស់ផងដែរ ហាក់ដូចជាលោកបាលីកំពុងដើរតួជាយមរាជ និងចាំថ្កោលទោសពិភពលោកតាមរយៈសៀវភៅកំណត់ហេតុរបស់លោក។
ចំណែកនៅក្នុងបទនេះក៏មានការរៀបចំដឹកនាំថតយ៉ាង Unique មួយ គឺមានប្លង់ដូចជាលោកបាលីស្រែកច្រៀងនៅលើឡានខណៈពេលធ្វើដំណើរតាមដងផ្លូវ និងប្លង់បុរសអនាមិកម្នាក់ក្នុងឈុត Hoodie ពណ៌ខ្មៅរុញរទេះលោកពីក្រោយឆ្លងកាត់ព្រៃដើរតួដូចជាយមបាល។ នៅចុងបញ្ចប់នៃសាច់រឿង ឡានរបស់លោកបាលីក៏ត្រូវបានដុតកំទេចឆេះសន្ធៅសន្ធៅដូចជាភ្លើងកំហឹងរបស់លោក ខណៈសៀវភៅដែលកំនត់ហេតុរបស់លោកក៏ត្រូវបានលាតត្រដាងឡើងជាមួយនឹងកំណត់ត្រាពថា«Chess I ChessII ChessIII» អ្វីម្យ៉ាង។