យើងប្រាកដជាដឹងជាយូរមកហើយថា Baking Soda គឺមិនត្រឹមតែបានគេប្រើសំរាប់តែធ្វើម្ហូបតែមួយមុខទេ។ យើងអាចប្រើប្រាស់ Baking Soda ដើម្បីសំអាតជុំវិញផ្ទះផងដែរ ចុះសំរាប់សួនច្បារវិញបានទេ? Baking Soda ផ្សំឡើងពីធម្មជាតិពិតៗ គ្មានជាតិគីមី និងមានប្រសិទ្ធភាព ដែលល្អបំផុតសំរាប់កំចាត់សត្វល្អិត និងធ្វើអោយសួនច្បាររបស់អ្នកមានភាពស្រស់បំព្រង។
ម្យ៉ាងវិញទៀត Baking Soda ត្រូវបានគេស្គាល់ថាជាសូដ្យូមប៊ីកាបូណាតដែលមានជាតិអាល់កាឡាំងខ្ពស់។ វាដើរតួជាភ្នាក់ងារសំអាតតាមបែបធម្មជាតិ ហើយអាចប្រើសម្រាប់ព្យាបាលជំងឺផ្សិត ថែទាំរុក្ខជាតិ កំចាត់សត្វល្អិតនិងស្មៅ និងអ្វីៗជាច្រើនទៀត។ ប្រសិនបើអ្នកចូលចិត្តចំណាយពេលវេលារបស់អ្នកក្នុងសួនច្បារ ប៉ុន្តែអ្នកមិនចូលចិត្តភាពអាប់អួរដែលបង្កឡើងដោយសារធាតុគីមី Baking Soda គឺជាជំរើសដ៏ល្អបំផុតសំរាប់លោកអ្នក។
ដូច្នេះសូមក្រលេកមើលអត្ថប្រយោជន៏ដ៏ល្អបំផុតរបស់ Baking Soda ដែលយើងអាចប្រើវានៅក្នុងសួនច្បារបានដូចខាងក្រោម៖
១. អាចធ្វើអោយផ្ការីកស្កុះស្កាយ
មានផ្កាមួយចំនួនដែលលូតលាស់ល្អនៅលើដីដែលមានជាតិ អាល់កាឡាំងរួមទាំងជាតិ geraniums, hydrangeas និង begonias ជាដើម។ Baking Soda មានជាតិអាល់កាឡាំង ដូច្នេះការស្រោចទឹករុក្ខជាតិជាមួយនឹង Baking Soda ជួយអោយរុក្ខជាតិលូតលាស់ល្អ។ យើងត្រូវលាយទឹកពីរលីត្រជាមួយ Baking Soda មួយស្លាបព្រាបាយ។ ប្រើវីធីនេះជារៀងរាល់មួយខែម្តងដើម្បីទទួលបានលទ្ធផលល្អបំផុត។
២. ការពារជំងឺផ្សិត
មេរោគផ្សិតនឹងបង្កភាពមិនល្អដល់សួនច្បាររបស់អ្នក ហើយវាអាចពិបាកដោះស្រាយជាទីបំផុត។ Baking Soda មិនអាចសម្លាប់ផ្សិតដែលមានស្រាប់នោះទេ ប៉ុន្តែវានឹងការពារកុំឱ្យផ្សិតកើនឡើងនៅពេលអនាគត។ ដើម្បីប្រើប្រាស់ Baking Soda ទប់ស្កាត់និងមេរោគផ្សិត អ្នកត្រូវមានទឹកក្តៅចំនួន មួយភាគបួន សាប៊ូលាងចាន ពីរទៅបីដំណក់ និង Baking Soda ១ស្លាបព្រាកាហ្វេ។ ផ្សំគ្រឿងទាំងអស់ទៅក្នុងចានមួយ បន្ទាប់មកចាក់ចូលទៅក្នុងដបបាញ់។ ក្រឡុកវាអោយបានសប់ បន្ទាប់មកបាញ់សូលុយស្យុងនេះទៅលើរុក្ខជាតិរបស់អ្នកនៅពេលព្រឹកដែលមានសីតុណ្ហភាពទាប។ អ្នកត្រូវប្រាកដថា អ្នកបានបាញ់កំពូលនិងបាតស្លឹករុក្ខជាតិដើម្បីផ្តល់នូវការគ្របដណ្តប់ពេញលេញដល់រុក្ខជាតិ។
៣.សំអាតស្លឹកនៃរុក្ខជាតិ
យើងទាំងអស់គ្នាប្រាកដជាបានដឹងអំពីរស្មីសំយោគនៅក្នុងមេរៀនវិទ្យាសាស្ត្រនៅសាលារបស់យើងរួចហើយ។ រុក្ខជាតិមិនអាចរស់បានទេ បើគ្មានការធ្វើរស្មីសំយោគហើយការធ្វើបែបនេះបានពួកវាត្រូវការពន្លឺព្រះអាទិត្យ។ ដើម្បីជួយឱ្យរុក្ខជាតិស្រូបយកពន្លឺព្រះអាទិត្យបានច្រើនបំផុត អ្នកគួរតែប្រាកដថាស្លឹករបស់វាមានការលាងសំអាតបានត្រឹមត្រូវ។
យើងត្រូវផ្សំ Baking Soda កន្លះស្លាបព្រាកាហ្វេ និងទឹកត្រងឬទឹកចម្រោះមួយលីត្រ។ បន្ទាប់មកជូតស្លឹករុក្ខជាតិរបស់អ្នកជាមួយក្រណាត់ ឬអេប៉ុង ដែលបានជ្រលក់ចូលក្នុងសូលុយស្យុងនោះ ហើយយើងគួរតែធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានផលល្អ។
៤. ការពារជំងឺដែលបង្កលើប៉េងប៉ោះ
ការដាំប៉េងប៉ោះនៅផ្ទះជាជំរើសដ៏ល្អបំផុត ព្រោះប៉េងប៉ោះសំបូរទៅដោយវីតាមីននិងមានរសជាតិឆ្ងាញ់ ហើយយើងមិនបាច់ចំណាយថវិកាដើម្បីទិញវានោះទេ។ តែប្រសិនបើប៉េងប៉ោះរបស់អ្នក មានមេរោគផ្សិតនោះអ្នកនិងមិនមានប៉េងប៉ោះ ដើម្បីបរិភោគនោះទេ។ ដើម្បីបងា្ករការឆ្លងមេរោគផ្សិត អ្នកត្រូវផ្សំថ្នាំអាស្ពីរីន ២គ្រាប់ជាមួយទឹក ២ហ្គាឡុង និង Baking Soda ២ស្លាបព្រា។ ដាក់ល្បាយសូលុយស្យុងនេះទៅក្នុងដបបាញ់ ហើយបាញ់លើរុក្ខជាតិរបស់អ្នកជារៀងរាល់ថ្ងៃ។
៥. ការពារផ្កាដែលបានកាត់ហើយអោយនៅស្រស់បានយូរ
ផ្កាស្រស់បន្ថែមភាពស្រស់បំព្រងដល់ផ្ទះបាយឬបន្ទប់ទទួលភ្ញៀវរបស់អ្នក។ ប៉ុន្តែត្រឹមតែមួយថ្ងៃសោះ ផ្កាប្រែជាក្រៀមស្វិតស្រពោន តើយើងគួរតែទុកផ្កានោះលំអនៅក្នុងផ្ទះរបស់យើងទេ? អ្នកអាចធ្វើអោយផ្ការបស់អ្នកនៅតែមានភាពស្រស់បំព្រងដោយប្រើ Baking Soda។ គ្រាន់តែលាយ Baking Soda មួយស្លាបព្រាបាយជាមួយទឹកពីរលីត្រ បន្ទាប់មកចាក់ល្បាយនោះទៅក្នុងថូផ្ការបស់អ្នក។ ផ្លាស់ប្តូរវារៀងរាល់ពីរថ្ងៃម្តងដើម្បីទទួលបានលទ្ធផលបានយូរ។
៦. ធ្វើអោយរុក្ខជាតិ របស់អ្នកលូតលាស់ល្អ
យើងអាចធ្វើអោយរុក្ខជាតិដែលមិនសូវលូតលាស់ល្អអោយលូតលាស់ល្អឡើងវិញដោយប្រើ Baking Soda ។ ដើម្បីទទួលបានទឹកល្បាយ Baking Soda ដែលមានប្រសិទ្ធភាពខ្ពស់ យើងត្រូវការទឹកចម្រោះឬត្រង ១ហ្គាឡុង Baking Soda ១ស្លាបព្រាកាហ្វេ អាម៉ូញាក់កន្លះស្លាបព្រាកាហ្វេ និងអំបិលអេសផម ១ស្លាបព្រាកាហ្វេ។ ផ្សំគ្រឿងផ្សំទាំងអស់ទៅក្នុងធុង បន្ទាប់មកកូរឱ្យរលាយអំបិលនិង Baking Soda ។ ដាក់ល្បាយទាំងអស់ទៅក្នុងធុងស្រោច រុក្ខជាតិរបស់អ្នកហើយប្រើជាប្រចាំខែ។ ដោយប្រើវិធីនេះ រុក្ខជាតិទាំងអស់នឹងលូតលាស់បានយ៉ាងល្អ ជាពិសេសផ្កាកុលាប។
៧. ធ្វើអោយប៉េងប៉ោះ របស់អ្នកមានរសជាតិផ្អែម
យើងត្រូវតែមានវីធីសាស្រ្តក្នុងការដាំប៉េងប៉ោះ ដើម្បីទទួលបានរសជាតិឆ្ងាញ់។ ដើម្បីទទួលបានប៉េងប៉ោះដែលមានរសជាតិផ្អែម អ្នកត្រូវបន្ថែម Baking Soda និងអំបិល Epsom ហើយប្រោះលើដីដែលនៅជុំវិញប៉េងប៉ោះ ហើយស្រោចទឹកតាមក្រោយ។ នៅពេលដែលដីនៅជុំវិញរុក្ខជាតិប៉េងប៉ោះរបស់អ្នកមិនសូវមានជាតិអាស៊ីតនោះផ្លែប៉េងប៉ោះរបស់អ្នកក៏មិនមានជាតិអាសុីតដែរ។
៨. ព្យាបាលរោគផ្សិតនិងធូលី
មេរោគផ្សិតនិងធូលី ងាយនឹងធ្វើអោយប៉ះពាល់ដល់រុក្ខជាតិផ្សេងៗ។ ប្រសិនបើមេរោគផ្សិតនេះបានកើតឡើងលើរុក្ខជាតិរបស់អ្នកហើយ អ្នកត្រូវព្យាបាលវាជាមួយ Baking Soda ។ ដើម្បីទទួលបានល្បាយនេះអ្នកត្រូវលាយទឹក ១ហ្គាឡុងជាមួយ Baking Soda ១ស្លាបព្រា។ ទុកឱ្យម្សៅសូដារលាយអស់ បន្ទាប់មកបន្ថែមប្រេងរុក្ខជាតិ ១ស្លាបព្រានិងសាប៊ូលាងចាន ១ស្លាបព្រា។ ចាក់ល្បាយចូលទៅក្នុងដប បន្ទាប់មកបាញ់ទៅលើត្រសក់ និងរុក្ខជាតិដទៃទៀតរបស់អ្នក នៅថ្ងៃដែលមានអាកាសធាតុក្តៅ។ ជៀសវាងការបាញ់ល្បាយនេះ នៅពេលមានពន្លឺព្រះអាទិត្យខ្លាំងព្រោះវាអាចធ្វើឱ្យរុក្ខជាតិឡោក និងរលួយ។
៩. តេស្តកំរិត pH ដី
ការដឹងពី pH ដីរបស់អ្នកគឺជារឿងត្រឹមត្រូវសម្រាប់ការដាំរុក្ខជាតិរបស់អ្នកដើម្បីទទួលបានផលល្អ។ ខណៈពេលដែលរុក្ខជាតិខ្លះ លូតលាស់ល្អលើដីដែលមានជាតិអាសុីត រុក្ខជាតិខ្លះដុះលូតលាស់នៅក្នុងបរិស្ថានអាល់កាឡាំង។ ដីដែលមានជាតិអាស៊ីត ឬអាល់កាឡាំងច្រើន អាចប៉ះពាល់ដល់លទ្ធភាពដែលរុក្ខជាតិអាចស្រូបយកសារធាតុរ៉ែតាមរយៈឬសរបស់វា។ វាងាយស្រួលនិងរហ័សក្នុងការធ្វើតេស្ត pH ដីជាមួយ Baking Soda ។ គ្រាន់តែមានទឹកខ្មេះកន្លះពែង ទឹកកន្លះពែង និង Baking Soda ១ស្លាបព្រា។ យកដីពីរពែងពីសួនច្បាររបស់អ្នក ដើម្បីយកមកពិសោធន៏បន្ទាប់មកចាក់ល្បាយទៅក្នុងពែងនោះ។
ដីចេញពពុះបង្ហាញថាដីមានជាតិអាល់កាឡាំង។ ប្រសិនបើដីមិនមានពពុះទេ វាបង្ហាញថាដីមានជាតិអាស៊ីត។ អ្នកអាចបាច Baking Soda ពាសពេញលើដី មុនពេលស្រោចទឹកដើម្បីកាត់បន្ថយជាតិអាស៊ីតរបស់វា។ អ្នកអាចសាកល្បងដីរបស់អ្នករៀងរាល់សប្តាហ៍ដោយប្រើវីធីខាងលើរហូតដល់ដីមិនឡើងពពុះ។
១០. កំចាត់ស្មៅយ៉ាងមានប្រសិទ្ធភាព
Baking Soda គឺជាជម្រើសធម្មជាតិដ៏មានប្រសិទ្ធភាពមួយ ជំនួសអោយផលិតផលគីមីដែលអាចប្រើសម្រាប់កំចាត់ស្មៅនៅក្នុងសួនច្បាររបស់អ្នក។ អ្នកគ្រាន់តែបង្សើមស្មៅនៅក្នុងសួនរបស់អ្នក ដោយប្រើទុយោឬកំប៉ុងទឹកដើម្បីធ្វើឱ្យវាសើមបានល្អ។ បន្ទាប់មកប្រោះ Baking Soda មួយពែងលើស្មៅរបស់អ្នក ដោយប្រើអំបោសដើម្បីបាច។ ធ្វើបែបនេះម្តងគត់ក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។ ប្រសិនបើប្រើ Baking Soda តែម្យ៉ាងក៏មិនអាចកំចាត់ស្មៅបានទេ យើងត្រូវលាយ Baking Soda ជាមួយទឹកខ្មេះនិងសាប៊ូលាងចានហើយចាក់វាដោយផ្ទាល់ទៅលើស្មៅរបស់អ្នក។
១១. ធ្វើជាទឹកបាញ់សំរាប់ថែរក្សាសួនច្បារ
Baking Soda ពិតជាមានសារៈប្រយោជន៏មែនទែនសំរាប់សួនច្បារ។ វាជួយធ្វើឱ្យរុក្ខជាតិរបស់អ្នកមានសុខភាពល្អ ការពារសត្វល្អិតដែលបំផ្លាញសួនច្បាររបស់អ្នក និងកាត់បន្ថយហានិភ័យនៃជំងឺដែលអាចបង្កលើដំណាំរបស់អ្នក។ លោកអ្នកក៏អាចប្រើ Baking Soda ដើម្បីជាទឹកបាញ់ថែរក្សាសួនរបស់អ្នក។ គ្រាន់តែផ្សំទឹកមួយលីត្រ (ក្តៅគឺល្អបំផុត) ជាមួយជីរុក្ខជាតិ Baking Soda ២ស្លាបព្រាបាយ និងសាប៊ូលាងចាន ១ស្លាបព្រា។ បន្ថែមប្រេងត្រី ១ ស្លាបព្រាប្រសិនបើអ្នកមាន។ នៅពេលគ្រឿងផ្សំទាំងនេះត្រូវបានលាយបញ្ចូលគ្នាបានត្រឹមត្រូវ ហើយចាក់វាទៅក្នុងដបបាញ់។
បាញ់រុក្ខជាតិរបស់អ្នកជាមួយទឹកជាមុនសិន ព្រោះវាក៏អាចកំចាត់សត្វល្អិតបានមួយផ្នែកដែរ។ អ្នកគួរតែប្រើ Baking Soda ក្នុងមួយខែម្តងជាការប្រសើរប្រើ នៅពេលល្ងាចដើម្បី ចៀសវាងការរលួយដោយសារពន្លឺព្រះអាទិត្យបន្ទាប់ពីលាបរួច។
១២. កម្ចាត់សត្វល្អិតចង្រៃដែលបង្កគ្រោះថ្នាក់
គ្មានអ្វីពិបាកជាងការខំប្រឹងមើលថែដំណាំនៅក្នុងសួនរបស់អ្នកតែវានៅតែស្វិត ក្រៀមស្រពោន និងងាប់។ សំណាងដែលយើងមាន Baking Soda ដែលអាចការពារកុំឱ្យរឿងបែបនេះកើតមានឡើង។ អត្ថប្រយោជន៏របស់ Baking Soda មួយទៀតនោះគឺជាថ្នាំសំលាប់សត្វល្អិតដោយគ្មានជាតិគីមី។
ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វល្អិត អ្នកត្រូវការទឹកក្តៅមួយលីត្រជាមួយ Baking Soda ១-២ ស្លាបព្រាកាហ្វេ។ បន្ថែមប្រេងអូលីវធម្មជាតិ ១ស្លាបព្រាបាយ និងសាប៊ូលាងចានចំនួន ១២ដំណក់ បន្ទាប់មកចាក់ចូលក្នុងដបបាញ់ហើយក្រឡុកវា។ បាញ់ល្បាយនេះជារៀងរាល់ថ្ងៃ ទៅលើរុក្ខជាតិរបស់អ្នករហូតដល់សត្វល្អិតលែងមាន។ ដើម្បីបងា្ករការកើតឡើងវិញ សូមបន្តប្រើប្រាស់វាជារៀងរាល់សប្តាហ៍ម្តង។
សត្វល្អិតមានផ្សេងៗគ្នាត្រូវការប្រើប្រាស់ Baking Soda តាមវីធីសាស្ត្រផ្សេងៗគ្នាដើម្បីកំចាត់វា ដូចខាងក្រោម៖
ការប្រើប្រាស់ Baking Soda ដើម្បីកំចាត់សត្វស្រមោច
ការលាយបញ្ចូលគ្នារវាងម្សៅស្ករ និង Baking Soda គឺវិធីសាស្ត្រធម្មជាតិដ៏ល្អបំផុតប្រឆាំងនឹងស្រមោច។ ប្រសិនបើអ្នកធ្លាប់មានស្រមោចនៅក្នុងផ្ទះបាយរបស់អ្នក ហើយវាជាប្រភេទសត្វដែលចូលចិត្តស្ករ។ បន្ទាប់មករោយជុំវិញរន្ធស្រមោច ពួកវានឹងស៊ីល្បាយនោះ បន្ទាប់មកយកល្បាយនោះត្រលប់ទៅសំបុករបស់ពួកវាវិញ។ អ្នកត្រូវតែជ្រើសរើសម្សៅស្ករអោយបានត្រឹមត្រូវ ដើម្បីអោយប្រាដកថា ស្រមោចបានសុីដោយទាំង Baking Soda។
ដើម្បីកំចាត់សត្វសុច
សួនច្បាររបស់អ្នកប្រកដជាមានគំនរស្លឹកឈើឬគំនរជីកំប៉ុស្តជាក់ជាពុំខាន។ ខណៈពេលដែលជីកំប៉ុស្តអាចផ្តល់អត្ថប្រយោជន៍ វាក៏អាចទាក់ទាញសត្វល្អិតចង្រៃរួមទាំងសត្វសុចផងដែរ។ ដើម្បីកម្ចាត់សត្វសុច អ្នកត្រូវលាយទឹកមួយហ្គាឡុងជាមួយ Baking Soda ចំនួន៤ស្លាបព្រា បន្ទាប់មកអ្នកត្រូវបាញ់ល្បាយលើជីកំប៉ុស្តឬស្លឹកឈើនោះ។ វាអាចសំលាប់សត្វសុចបានភ្លាមៗ។
ដើម្បីកំចាត់សត្វមានស្លាប
សត្វល្អិតដែលនៅលើដី ដូចជាសត្វកន្លាត ចូលរស់នៅលើដីដែលត្រជាក់និងមានជីវជាតិ ដែលវាជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នកថែសួន ដើម្បីកំចាត់សត្វដែលស៊ីរុក្ខជាតិអ្នក។ គ្រាន់តែប្រោះ Baking Soda នៅជុំវិញដីដាំដំណាំរបស់អ្នក។ ប្រោះម្សៅនោះឡើងវិញបន្ទាប់ពីភ្លៀងម្តងៗ។
ដើម្បីកំចាត់សត្វខ្យងគ្មានស្នូក
សត្វនេះជាសត្វចង្រៃដែលជាសត្រូវសួនច្បារអាក្រក់បំផុតមួយក្នុងចំណោមប្រភេទផ្សេងទៀត។ ដើម្បីកំចាត់ពួកវាបាន ភាគច្រើនគេចូលចិត្តប្រើសារជាតិគីមី។ គ្រាន់តែប្រោះ Baking Soda ដោយផ្ទាល់ទៅលើសត្វខ្យងនោះដោយប្រុងប្រយ័ត្នដើម្បីចៀសវាងមានការខូចខាតដល់រុក្ខជាតិរបស់អ្នក។ អ្នកក៏អាចរោយ Baking Soda នៅជុំវិញរុក្ខជាតិរបស់អ្នក ដើម្បីការពារពីសត្វប្រភេទនេះ។
កំចាត់ដង្កូវដែលចូលចិត្តសុីស្ពៃក្តោប
ដង្កូវស្ពៃក្តោបគឺជាដង្កូវតូចៗដែលចូលចិត្តសុីបន្លែដូចជាខាត់ណា ស្ពៃក្តោបនិងប្រូខូលី។ ពួកវាអាចត្រូវបានសម្លាប់ដោយការលាយចូលគ្នានៃ Baking Soda និងម្សៅមី។ រៀងរាល់បីទៅបួនថ្ងៃម្តង សូមប្រោះល្បាយនេះទៅលើរុក្ខជាតិរបស់អ្នកដើម្បីការពារពីដង្កូវនេះ។
សេចក្តីសន្និដ្ឋាន
មិនថាផ្សំជាមួយទឹក ឬប្រោះដោយផ្ទាល់លើរុក្ខជាតិ ឬដីទេ Baking Soda ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់នៅក្នុងសួនច្បារ។ ចងចាំថា អ្នកត្រូវធ្វើតាមការណែនាំនៅក្នុងការណែនាំខាងលើនេះដោយប្រុងប្រយ័ត្ន នៅពេលប្រើ Baking Soda នៅក្នុងសួនច្បាររបស់អ្នក។ Baking Soda ជាជំរើសដ៏ត្រឹមត្រូវសំរាប់សួនច្បាររបស់អ្នក ប៉ុន្តែវាក៏អាចសម្លាប់រុក្ខជាតិរបស់អ្នកបានដែរ ប្រសិនបើអ្នកប្រើច្រើនពេកក្នុងពេលតែមួយ។
ជាពិសេសនៅពេលដែលអ្នកប្រើវាដើម្បីកំចាត់ស្មៅ ត្រូវប្រាកដថា រុក្ខជាតិរបស់អ្នកគ្មានការប៉ះពាល់ ម្យ៉ាងទៀតវាក៏អាចធ្វើអោយស្លឹកឈើរបស់លោកអ្នកមានភាពរលួយ ពេលដែលប្រើ Baking Soda ក្នុងកំរិតលើសលប់ពេក៕
អត្ថបទដកស្រង់ពី Tim Russell
បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ