ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មបានរកឃើញសារធាតុអាបេស្តូស (Asbestos) នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ ( Baby Talcum Powders) ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅលាបទារកនិងកុមារមួយចំនួនមានវត្តមានសារធាតុអាបេស្តូស។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានបានដាក់ចេញនូវវិធានការបណ្តោះអាសន្នដោយផ្អាកការនាំចូល និងចែកចាយរាល់ផលិតផលនិងទុករយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុននាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាបេស្តូសទៅវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបានតម្រូវឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយរោងចក្រផលិតនិងសមត្ថកិច្ច ក.ប.ប. ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រដើម្បីធានាថា រាល់ផលិតផលម្សៅលាបទារកនិងកុមារ ដែលត្រូវបានចែកចាយនិងដាក់លក់នៅលើទីផ្សារមិនត្រូវមានសារធាតុអាបេស្តូសឡើយ។
មន្រ្តីជំនាញបានបញ្ជាក់ថា សារធាតុអាបេស្តូសមិនត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅក្នុងផលិតផលគ្រឿងសម្អាងឡើយដោយសារធាតុនេះអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្សជាពិសេសអាចបណ្តាលឱ្យកើតជំងឺមហារីក៕