អ្នកលេងលើប្រព័ន្ធអ៊ីធឺណែតកំពុងបង្វែរចំណាប់អារម្មណ៍មកកាន់ក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG Entertainment ដែលមានឈ្មោះថា Baby Monster។ កាលពីពេលថ្មីៗនេះផងដែរផលិតកម្ម YG Entertainment ទើបតែបានបញ្ចេញវីដេអូសម្តែងរាំរបស់ក្រុមចម្រៀងនេះជាការ Tease មុននឹងការចេញផ្សាយជាផ្លូវការ ហើយវិដេអូមួយនេះផងដែរមានចំនួនអ្នកចូលទស្សនារហូតដល់ 4.2លានដងឯណោះនៅលើយូធូបដោយត្រឹមតែរយៈពេល២៤ម៉ោង។ យោងទៅតាមក្រុមហ៊ុនចម្រៀងនេះផ្ទាល់វិដេអូរាំរបស់ក្រុម Baby Monsterបានក្លាយទៅជាវិដេអូចំណាត់ថ្នាក់លេខ៤ហើយដែលទទួលបានចំនួនចូលទស្សនាច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង។
បន្ថែមពីលើនេះផងដែរ ឆាណែលយូធូបផ្លូវការរបស់ក្រុមចម្រៀងស្រីមួយនេះក៏បានកើនឡើងចំនួន Subscriber រហូតទៅដល់៦០០ ០០០នាក់ឯណោះនៅក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ។ នេះគឺជាក្រុមមួយដែលទទួលបានចំណាប់អារម្មណ៍ច្រើនដោយសារពួកគេគឺជាក្រុមចម្រៀងស្រីដំបូងហើយរបស់ YG Entertainment បន្ទាប់ពីចេញផ្សាយក្រុមចម្រៀងស្រី Blackpink កាលពី៦ឆ្នាំមុន។
Baby Monster បានកើនឡើងប្រជាប្រិយភាពរួចមកហើយបន្ទាប់ពី YG Entertainment បានធ្វើការប្រកាសចេញផ្សាយពួកគេម្តងម្នាក់ជាមួយនឹងវិដេអូ Content ផ្សេងៗ ដោយនៅក្នុងនោះសមាជិករបស់ពួកគេ Haram និង Ahyeon បានធ្វើការចេញផ្សាយវិដេអូសម្តែង Solo របស់ពួកគេរួចមកហើយ និងមានចំនួនទស្សនាលើស 12លានដង និង9.9លានដងរៀងគ្នា។ យ៉ាងណាមិញផងដែរបណ្តាអ្នកគាំទ្រ K-pop ជាច្រើននាក់កំពុងតែព្យាយាមប្រមែប្រមូលស្វែងរកព័ត៌មានរបស់សមាជិកម្នាក់ៗយកមកផ្គំគ្នាទៀតហើយដោយពួកគេកំពុងតែទន្ទឹងរង់ចាំការចេញផ្សាយនៃក្រុមមួយនេះយ៉ាងពុះកញ្ច្រោល។