យេម៉ែនប្លន់កប៉ាល់អ៊ីស្រាអែលនៅសមុទ្រក្រហម ហើយបិទច្រកសមុទ្រ Bab al-Mandab ជាផ្លូវការក្នុងការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់។ កប៉ាល់ Galaxy Leader គឺជាកប៉ាល់កម្មសិទ្ធិរបស់អ្នកជំនួញជនជាតិអ៊ីស្រាអែល។ រួមជាមួយគ្នានេះដែរ ក៏ស្របពេលនឹងការប្រកាសរបស់លោក Joe Biden អំពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការគាំទ្រសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅខណៈពេលដែលអ៊ីស្រាអែលប្រកាសពីការខាតបង់។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានមន្ទិលចំពោះលទ្ធភាពនៃយុទ្ធសាស្ត្រអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា! ខណៈដែលអ៊ីស្រាអែលបរាជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំង ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានងាកមកវាយប្រហារលោក Netanyahu តើលោក Biden នឹងសម្រេចចិត្តបញ្ឈប់សង្រ្គាមនៅតំបន់ហ្គាហ្សានេះដែរឬទេ? ឬសង្រ្គាមនេះនឹងអូសបន្លាយ រួចនឹងអូសទាញសហរដ្ឋអាមេរិកចូលរួមនៅក្នុងមជ្ឈិមបូព៌ានេះដែរ?
-
យេម៉ែនប្លន់កប៉ាល់អ៊ីស្រាអែលនៅសមុទ្រក្រហមនិងបិទច្រកសមុទ្រ Bab al-Mandab
យោងតាមសារព័ត៌មាន France24 ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកាបានអោយដឹងថា ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ពួកគេបានប្លន់កប៉ាល់អ៊ីស្រាអែលមួយគ្រឿងនៅលើសមុទ្រក្រហមកាលពីថ្ងៃសៅរ៍ និងបានចាប់បុគ្គលិកនៅលើកប៉ាល់ធ្វើជាចំណាប់ខ្មាំង។ ក្រុមឧទ្ទាមនេះបានព្រមានថា ខ្លួននឹងបន្តកំណត់គោលដៅលើកប៉ាល់ក្នុងដែនទឹកអន្តរជាតិជាបន្តបន្ទាប់ទៀតដែលមានពាក់ព័ន្ធនឹងអ៊ីស្រាអែល រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានថ្កោលទោសក្រុមឧទ្ទាម Houthis ដែលបានវាយប្រហារលើកប៉ាល់ Galaxy Leader ដែលជានាវាដឹករថយន្តមានទំនាក់ទំនងនឹងមហាសេដ្ឋីអ៊ីស្រាអែល។ ពួកគេបាននិយាយថាមានសមាជិកនាវិកទាំងអស់ 25 នាក់នៅលើនោះ រួមមានសញ្ជាតិជាច្រើន ដូចជាប៊ុលហ្គារី ហ្វីលីពីន ម៉ិកស៊ិក និងអ៊ុយក្រែន ប៉ុន្តែមិនមានជនជាតិអ៊ីស្រាអែលនៅលើនាវានោះទេ។
ក្រុមឧទ្ទាម Houthis បាននិយាយថា ពួកគេនឹងមើលការខុសត្រូវសមាជិកនាវិកទាំងនោះអោយ"ស្របទៅនឹងតម្លៃសាសនាអ៊ីស្លាមរបស់ពួកគេ" ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីអត្ថន័យនោះទេ។
មន្ត្រីការពារជាតិអាមេរិកពីរនាក់បានបញ្ជាក់ថាក្រុមឧទ្ទាមបានប្លន់កប៉ាល់នោះដោយវិធីចុះមកលើកប៉ាល់ដឹកទំនិញនោះតាមរយៈការទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រ។
-
អាមេរិកនឹងមិនចុះចាញ់ការប្រជែងពីពូទីន និងហាម៉ាសទេ
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១៨ ខែវិច្ឆិកាបានអោយដឹងថា លោក Biden បាននិយាយថាសហរដ្ឋអាមេរិក"នឹងស្ថិតនៅពីក្រោយអ៊ីស្រាអែល" ប៉ុន្តែលោកបានអះអាងថាមានការ"ខូចចិត្ត" ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
លោក Biden បានអះអាងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសសុទ្ធសឹងមានគោលដៅស្រដៀងគ្នានេះទៅនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោកបានលើកឡើង"ទាំងពូទីន និងក្រុមហាម៉ាសសុទ្ធសឹងកំពុងប្រយុទ្ធដើម្បីលុបបំបាត់លទ្ធិប្រជាធិបតេយ្យពីប្រទេសជិតខាងចេញពីផែនទីទាំងអស់។ ហើយទាំងពូទីន និងក្រុមហាម៉ាសមានគោលបំណងនឹងផ្តួលរលំស្ថេរភាពនៅក្នុងតំបន់អោយកាន់តែទូលំទូលាយ រួចពួកគេនិងទាញយកប្រយោជន៍ពីវិបត្តិដែលកើតឡើង"។
លោក Biden បាននិយាយថា "អាមេរិកនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងនោះទេ។ គឺទាំងដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់យើងផ្ទាល់ និងសម្រាប់ជាប្រយោជន៍នៃពិភពលោកទាំងមូល"។
-
តើយុទ្ធសាស្រ្តយោធាអ៊ីស្រាអែលកម្ចាត់ក្រុមហាម៉ាសដំណើរការរឺទេ?
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៨ ខែវិច្ឆិកាបានអោយដឹងថា ការរឹបអូសរបស់យោធាអ៊ីស្រាអែលនៃមន្ទីរពេទ្យ Shifa ដែលជាអគារវេជ្ជសាស្ត្រដ៏ធំបំផុតរបស់តំបន់ Gaza Strip គឺជាចំណុចស្នូលយុទ្ធសាស្ត្ររបស់យោធាអ៊ីស្រាអែលសម្រាប់ការវាយលុក។
ទាហានអ៊ីស្រាអែលបន្ទាប់មកបានវាយប្រហារលើលេណដ្ឋាននានា និងកំណត់គោលដៅលើបណ្តាញផ្លូវរូងក្រោមដីដ៏ធំនៅខាងក្រោមមន្ទីរពេទ្យនោះដែលក្រុមមន្ត្រីអ៊ីស្រាអែលប៉ាន់ស្មានថា ជាកន្លែងដែលកម្លាំងហាម៉ាសអាចលាក់ខ្លួន និងប្រតិបត្តិការបាននៅទីនោះ។ មន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ជាយូរហើយ ថាក្រុមហាម៉ាសមានបំណងប្រើប្រាស់ចំណាប់ខ្មាំងជាខែលការពារខ្លួនរបស់ខ្លួនឯង។ ដូចនេះហើយពួកគេក៏បានវាយតម្លៃថា ការវាយប្រហារទៅកាន់ចំនុចស្នូលកណ្តាលនៃទីក្រុងហ្គាហ្សានេះនឹងដាក់សម្ពាធដល់ក្រុមហាម៉ាស់ឱ្យឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
មន្ត្រីយោធាអាមេរិកបាននិយាយថាសមភាគីអ៊ីស្រាអែលរបស់ពួកគេបានប្រាប់ពួកគេឱ្យរង់ចាំប៉ុន្មានសប្តាហ៍បន្ថែមទៀតដើម្បីអោយពួកគេអាចធ្វើប្រតិបត្តិការបោសសម្អាតនៅភាគខាងជើងជាមុនសិន មុននឹងចាប់ផ្តើមប្រតិបត្តិការដាច់ដោយឡែកនៅភាគខាងត្បូងតំបន់ហ្គាហ្សាបន្ទាប់ទៀត។
ប៉ុន្តែអ្នកវិភាគយោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបាត់បង់ការគ្រប់គ្រងនៅភាគខាងជើង ហើយកំពុងរត់ភៀសខ្លួនទៅភាគខាងត្បូង។ តើក្រុមហាម៉ាស់នឹងត្រូវកម្ចាត់ដោយរបៀបណា ប្រសិនបើពួកយុទ្ធជនរបស់ខ្លួនកំពុងតែនៅលាយឡំគ្នានឹងប្រជាជនដែលនៅសេសសល់នៅភាគខាងត្បូង? ខណៈកំណើនប្រជាជនស៊ីវិលស្លាប់កាន់តែច្រើន អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការរបស់ខ្លួនដោយរបៀបណាបើសំពាធអន្តរជាតិរឹតតែខ្លាំង?