បើនិយាយដល់ក្រុមចម្រៀងរ៉េបនៅកម្ពុជាដែលផ្តល់ Heat បែប Westerner និង Street Boy Vibe ហ៊ានភ្នាល់ថាទស្សនិកជនត្រូវតែគិតដល់ក្រុម B-Side Khrew ដំបូងគេបង្អស់។ ពួកគេគឺជាក្រុមចម្រៀង Hip Hop ថ្មីរបស់កម្ពុជាតែប្រកបជាមួយនឹងគុណភាពពិតៗមកជាមួយនឹងខនសិបនៃក្រុមរបស់ពួកគេ។ គួរអោយចាប់អារម្មណ៍បានដែរថា កាលពីពេលថ្មីៗនេះ ក្រុម B-Side Khrew ក៏ទើបតែបានមាន Collab ថ្មីមួយរួមគ្នាជាមួយនឹងតារាចម្រៀងរ៉េបមកពីផលិតកម្ម CG Movement ផ្ទាល់គឺលោក MC Sey។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅនេះ គឺអ្នកទាំងពីរបានបញ្ចេញបទចម្រៀងរួមគ្នាមួយបទក្រោមចំណងជើងថា «LOKO» ដែលបានបង្ហោះឡើងនៅលើឆាណែលយូធូបផ្លូវការរបស់ក្រុម B-Side ផ្ទាល់។ ដោយបទចម្រៀងនេះត្រូវបានច្រៀងឡើងដោយសមាជិករបស់ B-Side 3 នាក់ដែលមាន លោក2MDIE, S.A.N.E និង Jing បាន Featuring ជាមួយលោក MC Sey។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ លោក MC Sey ក៏ទើបតែបានបញ្ចេញបទថ្មីមួយនៅលើឆាណែលផលិតកម្មរបស់លោកដូចគ្នាដែលមានចំណងជើងថា«វ៉ាប់ៗវរ» និងសង្កេតឃើញថាក៏មានការចូលរួមគាំទ្រ និងចែករំលែករបស់ក្រុម B-Side នៅលើបទចម្រៀងមួយនេះផងដែរ។
យ៉ាងណាមិញងាកមកមើលពេលមុននេះបន្តិច ក្រុម B-Side ក៏ទើបតែប្រកាសពីដំណឹងថ្មីមួយនៃការបង្កើនសមាជិកក្នុងក្រុមរបស់ពួកគេចំនួនពីរនាក់។ ដោយក្នុងនោះមានលោក Buubee ដែលជាសមាជិកប្រកួតកម្មវិធី The Rapper Cambodia ផងដែរ និងមួយរូបទៀតឈ្មោះថា K។ នេះគឺជាការឈានទៅមុខ និងវិវឌ្ឍន៍ថ្មីមួយរបស់ក្រុម B-Side ដែលមានការសហការជាមួយដៃគូ Artist ធំ និងការពង្រីកនៃសមាជិកគុណភាពរបស់ខ្លួន។ គិតមកទល់ពេលនេះ ក្រុម B-Side បានបញ្ចេញបទចម្រៀងផ្លូវការចំនួន៣បទហើយ គឺបទ«B-Side Rules» «Bust it» និង«LOKO» នេះ។