អាស៊ែបៃហ្សង់ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយប៉ាគីស្ថានដើម្បីទទួលបានយន្តហោះចម្បាំង JF-17 “Thunder” Block III ចុងក្រោយបំផុតមួយចំនួន។ អ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានដកកងទ័ពរបស់ខ្លួនចេញពីការតាំងទីលំនៅនៃភូមិ Lastochkino ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រខាងលិចនៃទីក្រុងយុទ្ធសាស្ត្រ Avdiivka។ ប្រភពពីទីក្រុង Kyiv បាននិយាយនៅថ្ងៃសៅរ៍ ដែលជាខួបលើកទី២នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើរោងចក្រដែកដ៏ធំមួយរបស់រុស្ស៊ីហៅថា Novolipetsk នៅក្នុងទីក្រុង Lipetsk បណ្តាលឱ្យមានអគ្គីភ័យដ៏ធំឆាបឆេះ។
-
ប៉ាគីស្ថានចុះកិច្ចព្រមព្រៀងអាវុធធំបំផុតជាមួយ Azerbaijan
យោងតាមសារព័ត៌មាន The EurAsian Times ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈបានអោយដឹងថា អាស៊ែបៃហ្សង់ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយប៉ាគីស្ថានដើម្បីទទួលបានយន្តហោះចម្បាំង JF-17 “Thunder” Block III ចុងក្រោយបំផុតមួយចំនួនដែលផលិតឡើងរួមគ្នារវាងប្រទេសចិន និងប្រទេសប៉ាគីស្ថាននៅក្នុងកិច្ចព្រមព្រៀងដែលប៉ាន់ស្មានថាមានតម្លៃ 1.6 ពាន់លានដុល្លា។
យោងតាមរបាយការណ៍ យន្តហោះ JF-17 Block III នេះនឹងជំនួសអោយយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុងដាក់ប្រើប្រាស់ដោយកងទ័ពអាកាសរបស់ប្រទេសនេះ។ គួរបញ្ជាក់ផងដែរថា ការបង្កើនសមត្ថភាពវាយប្រហាររបស់អាស៊ែបៃហ្សង់កើតឡើងស្របពេលដែលប្រទេសគូវិវាទគឺប្រទេសអាមេនីកំពុងពង្រឹងការការពាររបស់ខ្លួនតាមរយៈទាញបានឧបករណ៍យោធាពីប្រទេសឥណ្ឌា និងបារាំងដូចជាមីស៊ីល Akash ។ យ៉ាងណាមិញនេះក៏កំនត់ឡើងជាជ័យជម្នះផងដែរសម្រាប់ទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដក្នុងការវាយលុកទីផ្សារអាវុធអាស៊ីកណ្តាល ដែលពីមុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសព្វាវុធរុស្ស៊ី។
-
បន្ទាប់ពីទីក្រុង Avdiivka កងទ័ពអ៊ុយក្រែនបានភៀសខ្លួនទៅភូមិ Lastochkino
យោងតាមសារព័ត៌មាន Hindustantimes ចុះផ្សាយថ្ងៃទី២៥ ខែកុម្ភៈបានអោយដឹងថា អ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានដកកងទ័ពរបស់ខ្លួនចេញពីការតាំងទីលំនៅនៃភូមិ Lastochkino ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រខាងលិចនៃទីក្រុងយុទ្ធសាស្ត្រ Avdiivka ដែលទើបតែដណ្តើមគ្រប់គ្រងបានដោយរុស្ស៊ីត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Strana បាននិយាយថា អង្គភាពត្រូវដកខ្លួនចេញពីតំបន់ដើម្បី "ចៀសវាងការបិទផ្លូវដឹកជញ្ជូនរបស់ពួកគេ" និង "ជួយសង្គ្រោះទាហាន"ផងដែរ ។ ការអភិវឌ្ឍន៍ថ្មីនេះត្រូវបានរាយការណ៍ដោយសារព័ត៌មាន RT News ដែលដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។ ក្រោយមកបណ្តាឆាណែលតេលេក្រាមរបស់រុស្ស៊ីជាច្រើនបាននិយាយថា កងទ័ពរបស់ទីក្រុងមូស្គូបានចូលទៅដល់ភូមិ Lastochkino រួចទៅហើយ។
-
ដ្រូនអ៊ុយក្រែនវាយប្រហារឆាបឆេះសហគ្រាសយោធារុស្ស៊ី
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈបានអោយដឹងថា ប្រភពពីទីក្រុង Kyiv បាននិយាយនៅថ្ងៃសៅរ៍ ដែលជាខួបលើកទី២នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថា ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើរោងចក្រដែកដ៏ធំមួយរបស់រុស្ស៊ីហៅថា Novolipetsk នៅក្នុងទីក្រុង Lipetsk បណ្តាលឱ្យមានអគ្គីភ័យដ៏ធំឆាបឆេះ។
អ៊ុយក្រែនបានអះអាងថា រោងចក្រដែករបស់រុស្ស៊ីដែលទំនងជារងការខូចខាតនោះគឺជា "សហគ្រាសយោធា" ដែលបានរួមចំណែកផ្ទាល់ដល់ឃ្លាំងអាវុធរបស់ទីក្រុងម៉ូស្គូ។ យ៉ាងណាមិញអភិបាលនៃតំបន់ Lipetsk របស់រុស្ស៊ីបាននិយាយថា អគ្គីភ័យត្រូវបានពន្លត់បានសំរេច និងមិនបណ្តាលអោយមានអ្នករងរបួសទេ។