1. Azerbaijan ចាប់ផ្តើមសង្រ្គាមលើអាមេនីដោយមានជំនួយពីណាតូ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៩ ខែកញ្ញាបានអោយដឹងថា អាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីកាន់កាប់តំបន់ Nagorno-Karabakh ដោយជំរុញឱ្យមានការថ្កោលទោសជាអន្តរជាតិចំពោះការកើនឡើងយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមជាមួយប្រទេសអាមេនីដែលបានសម្លាប់មនុស្សរាប់ពាន់នាក់កាលពីបីឆ្នាំមុន។ ក្រសួងការពារជាតិនៅទីក្រុងបាគូបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាកងទ័ពអាស៊ែបៃហ្សង់កាលពីថ្ងៃអង្គារបានចាប់ផ្តើម"ប្រតិបត្តិការប្រឆាំងភេរវករក្នុងស្រុក"ក្នុងគោលបំណងបំផ្លាញទីតាំងយោធាអាមេនីនៅក្នុងទឹកដីដែលមានជម្លោះ និង"ស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ" វិបត្តិនេះបានបង្កឱ្យមានប្រតិកម្មការទូតភ្លាមៗ។ ប្រទេសបារាំងបានស្នើសុំកិច្ចប្រជុំជាបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ហើយរុស្ស៊ីបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា។ រីឯប្រទេសទួរគីដែលមានកតិកាសញ្ញាការពារជាតិជាមួយ Azerbaijan បានពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ តំបន់ Nagorno-Karabakh ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃ ប្រទេស Azerbaijan ប៉ុន្តែមានប្រជាជនអាមេនីរស់នៅភាគច្រើន ហើយក៏ត្រូវបានប្រកាសឯករាជ្យនៅខណៈពេលការដួលរលំនៃសហភាពសូវៀតកាលពីជាងបីទសវត្សរ៍មុន។ អាស៊ែបៃហ្សង់បានដណ្តើមយកមកវិញនូវផ្នែកនៃតំបន់ និងសង្កាត់ជុំវិញចំនួនប្រាំពីរក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ2020 មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ និងបានដាក់ពង្រាយទាហានជិត 2,000 នាក់ដើម្បីរក្សាសន្តិភាព។
2, បញ្ហាប្រឈមបន្ទាប់របស់ធនាគារកណ្តាលគឺប្រេង 100 ដុល្លា
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៩ ខែកញ្ញាបានអោយដឹងថា ការកើនឡើងតម្លៃប្រេងស្ទើរតែគ្មានការរំខានបានជំរុញឱ្យសន្ទស្សន៍តម្លៃប្រេងឆៅ Brent ឡើងជិត$100 ក្នុងមួយបារ៉ែល ដែលជាបញ្ហាប្រឈមថ្មីសម្រាប់ធនាគារកណ្តាលក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ការកើនឡើងនេះគឺជាជ័យជម្នះមួយសម្រាប់អារ៉ាប៊ីសាអូឌីត ដែលស្វែងរកការតម្លើងតម្លៃដើម្បីទទួលបានមូលនិធិក្នុងការទ្រទ្រង់ទំរង់សេដ្ឋកិច្ចឯករាជ្យដែលពឹងផ្អែកលើប្រេងរបស់ខ្លួន។ ដោយមានការរឹតបន្តឹងការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងសំខាន់ៗដូចជា អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីហើយគួបផ្សំជាមួយនឹងការបង្ហាញភាពធន់ដែលមិននឹកស្មានដល់នៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើងជិត 30% ចាប់តាំងពីខែមិថុនា។ សកម្មភាពទាំងនេះបាននាំឱ្យតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើងលើសពី 90 ដុល្លាក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំ 2022 ។
3. អាមេរិចគំរាមអេហ្ស៊ីបបោះបង់ចោលរុស្ស៊ី
យោងតាមសារព័ត៌មាន Pakistan News ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញាបានអោយដឹងថា សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មអេហ្ស៊ីបចំពោះការចោទប្រកាន់របស់ខ្លួនថាមិនគោរពតាមបទដ្ឋានសិទ្ធិមនុស្ស។ គួរកត់សម្គាល់ថាប្រធានបទសិទ្ធិមនុស្សត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកជាញឹកញាប់ ដើម្បីដាក់សម្ពាធលើប្រទេសអេហ្ស៊ីប និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ កាលពីឆ្នាំមុន អាមេរិកបានដកប្រាក់ចំនួន ១៣០ លានដុល្លាទៅឲ្យទីក្រុង Cairo។ ហេតុផលគឺដូចគ្នា-គឺការរំលោភសិទ្ធិមនុស្ស។ បន្ទាប់មក អ្នកជំនាញបានចាប់ផ្តើមនិយាយទៅលើការបង្កកទំនាក់ទំនងរវាងអាមេរិក-អេហ្ស៊ីបហើយ ជាពិសេសនៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។ លោក Trump ថែមទាំងបានហៅមេដឹកនាំអេហ្ស៊ីបថាជា "មេដឹកនាំផ្តាច់ការដែលលោកចូលចិត្ត" ។ ទោះបីជាការសម្រេចចិត្តនាពេលបច្ចុប្បន្នក្នុងការដកហូតប្រទេសអេហ្ស៊ីបពីជំនួយយោធាអាមេរិកមិនមែនជារឿងថ្មីក៏ដោយ តែពេលនេះវាមិនត្រឹមតែទាក់ទងនឹង"អសមត្ថភាពរបស់អេហ្ស៊ីបក្នុងផ្នែកសិទ្ធិមនុស្ស" ប៉ុណ្ណោះទេ តែដោយការមិនបង្ហាញការគាំទ្រយ៉ាងសកម្មរបស់ពួកគេដល់កងទ័ពអ៊ុយក្រែន។ អ្នកវិទ្យាសាស្ត្រនយោបាយអេហ្ស៊ីប លោក Amr Eldiib បាននិយាយថា សម្ពាធរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលអេហ្ស៊ីបតែងតែជាប់ទាក់ទងនឹងការប៉ុនប៉ងធ្វើអោយយ៉ាប់យ៉ឺននូវទំនាក់ទំនងរវាងអេហ្ស៊ីប និងរុស្ស៊ី។