ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី នៃពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មានជាតិ។
ប្រភពដដែលបានបញ្ជាក់ថា តាមការគ្រោងទុក វ៉ាក់សាំងទាំង៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ត្រូវមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែមករា ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ ទើបពន្យារពេលមកដល់ថ្ងៃនេះ។
តាមរបាយការណ៍ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។
ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន៖ ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់ ជាដើម។
គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋបានចំនួន៨៩.៦៩ភាគរយ នៃប្រជាជនសរុប ១៦លាន នាក់៕
អត្ថបទ៖លាង ឡា