អតីតប្រធានាធិបតីបានចេញសេចក្តីថ្លែងការណ៍ សុំទោសពលរដ្ឋអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធថា ការចាកចេញរបស់លោកនៅថ្ងៃដែលពួកតាលីបង់បានចូលទៅទីក្រុងកាប៊ុល វាជាការសំរេចចិត្តដ៏លំបាកជាទីបំផុតនៅក្នុងជីវិតរបស់លោក។
លោកត្រូវបានគេចោទប្រកាន់ថា បានលួចលុយរដ្ឋជាច្រើនរយលានដុល្លារនាំយកទៅជាមួយ ការចោទប្រកាន់នេះត្រូវបានលោកប្រកែកដាច់អាហង្ការ ហើយបាននិយាយថា លោកនិងមនុស្សដែលនៅជុំវិញខ្លួន នឹងដាក់ពាក្យសុំឲ្យគណកម្មាធិការឯករាជ្យមួយ ស៊ើបអង្កេត និងធ្វើសវនកម្មលើរឿងនេះ។
នៅថ្ងៃដែលលោកចាកចេញ នៅឯសេតវិមាន លោកប្រធានាធិបតី Joe biden ក៏បានធ្វើការរិះគន់ថា លោក Ghani និងកងកំលាំងអាហ្វហ្គានីស្ថាន គួរតែជ្រើសរើសយកផ្លូវបន្តការប្រយុទ្ធជាមួយពួកតាលីបង់។
អំពើពុករលួយគឺជា ដើមចមនៃការដួលរលំរបស់របបលោក Ghani បន្ទាប់ពីកាន់អំណាចបន្តពីលោក Hamid Kazai ដែលគាំទ្រដោយអាមេរិក និងសម្ព័ន្ធមិត្ត ណាតូ៕