ក្រុមហ៊ុន Apple បានដាក់រោងចក្រ iPhone មួយនៅភាគខាងត្បូងប្រទេសឥណ្ឌា "ក្នុងការសាកល្បង" បន្ទាប់ពីមានការតវ៉ាជុំវិញការពុលអាហារ និងស្ថានភាពរស់នៅ។ សវនកម្មរបស់ Apple បានរកឃើញថា បន្ទប់បរិភោគអាហារ និងអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅ) របស់កម្មករ មិនបានបំពេញតាមតម្រូវការ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ត្រីប្រហែល 250 នាក់ដែលធ្វើការនៅរោងចក្រ Foxconn ត្រូវបានរងផលប៉ះពាល់ដោយការពុលអាហារ ដោយមានស្ត្រីជាង 150 បានទៅសម្រាកនៅក្នុងមន្ទីរពេទ្យ។ Foxconn បានសុំទោស ហើយបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតពីស្ថានភាពនេះ។
ក្រុមហ៊ុនតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហាដែលបុគ្គលិករបស់យើងបានជួបប្រទះ ហើយកំពុងចាត់វិធានការជាបន្ទាន់ដើម្បីបង្កើនគ្រឿងបរិក្ខារ និងសេវាកម្មដែលយើងផ្តល់ទៅកាន់បុគ្គលិក"។ រោងចក្រនេះត្រូវបានបិទតាំងពីថ្ងៃទី ១៨ ខែធ្នូ នៅ ពេលដែលការតវ៉ាបានចាប់ផ្តើម។ Apple មិនបានបញ្ជាក់ពីអត្ថន័យនៃការសាកល្បងនេះទេ ប៉ុន្តែកាលពីអតីតកាល ខ្លួនបានបដិសេធមិនផ្តល់អាជីវកម្មថ្មីដល់កន្លែងដែលស្ថិតក្នុងការសាកល្បងនោះទេ រហូតដល់បញ្ហាត្រូវបានដោះស្រាយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បាននិយាយថា "បន្ទាប់ពីមានការព្រួយបារម្ភនាពេលថ្មីៗនេះអំពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌស្នាក់នៅរបស់ Foxconn Sriperumbudur យើងបានបញ្ជូនសវនករឯករាជ្យដើម្បីពិនិត្យមើលនៅទីនោះ។ យើងបានរកឃើញថា ការស្នាក់នៅអន្តេវាសិកដ្ឋាន និងបន្ទប់បរិភោគអាហារមួយចំនួន ដែលត្រូវបានប្រើសម្រាប់បុគ្គលិកមិនបំពេញតាមតម្រូវការរបស់យើងទេ ហើយយើងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីធានាថា សំណុំនៃសកម្មភាពកែតម្រូវដ៏ទូលំទូលាយមួយត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។"
រោងចក្រ iPhone ដែលមានចម្ងាយប្រហែល 25 ម៉ាយ (40 គីឡូម៉ែត្រ) ពីទីក្រុង Chennai មានបុគ្គលិកចំនួន 17,000 នាក់។ ករណីពុលអាហារ និងការតវ៉ាជាបន្តបន្ទាប់ក៏បាននាំឱ្យរដ្ឋាភិបាលរដ្ឋ Tamil Nadu ស្នើសុំឱ្យ Foxconn ពិនិត្យឡើងវិញនូវកន្លែងធ្វើការរបស់ខ្លួន។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple ត្រូវដាក់ដៃគូផលិត iPhone មួយទៀតក្នុងការសាកល្បង បន្ទាប់ពីកុប្បកម្មរបស់កម្មករបានផ្ទុះឡើងជុំវិញប្រាក់ឈ្នួលដែលមិនបានបើកនៅរោងចក្រដៃគូក្បែរទីក្រុង Bangalore ។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue