ភ្នំពេញ៖ លោកស្រី Angelina Jolie តារាភាពយន្តលំដាប់ពិភពលោក បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ខណៈមន្រ្តីរំពឹងថា ការបង្ហាញវត្តមានរបស់ជនល្បីល្បាញរូបនេះនឹងជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
ក្រសួងបានឱ្យដឹងបន្តថា កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រី ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕