ដំណើរបេសកកម្មការងារសិល្បៈនៅក្នុងកម្មវិធីAsean Music Showcase Festival កាន់តែខិតចូលមកដល់ ទាំងសិល្បករនិងក្រុមការងារទាំងមូលកំពុងតែត្រៀមខ្លួនចូលរួមដោយក្តីរំភើបនិងមោទនភាពចំពោះជាតិខ្លាំងបំផុត។ ពោលត្រឹមតែរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សិល្បករទាំង៣រូបដែលត្រូវអញ្ជើញចូលរួមទើបតែបានចេញនូវវីឌីអូផ្ញើរសារជូនទស្សនិកជនពីដំណើរការងាររបស់ពួកគេនៅក្នុងសឹង្ហបុរីថ្មីៗនេះទេ ឥលូវនេះអ្នកគ្រប់គ្រងក្រុមបារមីក៏មានរឿងរ៉ាវខ្លះៗចែករំលែកប្រាប់ទស្សនិកជនផងដែរសំរាប់បេសកកម្មការងារលើកនេះ។ នៅលើគណនី Instagram របស់លោកAndrew Tevuth Mamដែលជាអ្នកគ្រប់គ្រងក្រុមបារមី បានធ្វើការបង្ហោះរូបភាពសិល្បករបារមី៣រូបដោយភ្ជាប់ជាមួយសំនេរនៅលើរូបភាពទាំងនោះរៀបរាប់ត្រួសៗអំពីប្រវត្តិរបស់លោកពាក់ពន្ធ័ជាមួយនឹងប្រទេសសឹង្ហបុរីនៅលើStory របស់លោក។
លោក Andrew Tevuth Mam បានសរសេរឡើងថាកាលពី១១ឆ្នាំមុនធ្លាប់បានទៅបន្តការសិក្សានៅក្នុងប្រទេសសឹង្ហបុរី ហើយលោកមានគំនិតមួយផុសឡើងថាប្រសិនបើលោកនៅដល់ប្រទេសនៅចំចំនុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍នេះហើយ លោកនឹងពាំនាំយកអ្វីថ្មីមួយមកវិញមិនថាតាមរយៈជាការងារ រឺការជួយប្រទេសជាតិ។ លោកបានរៀបរាប់បន្តទៀតថាលោកមិនបានកុហកនោះទេ ពីដំបូងឡើយជីវិតរបស់លោកនៅក្នុងសឹង្ហបុរីពិតជាមិនងាយស្រួលនោះទេ លោកត្រូវបានផ្លាស់ប្តូរខ្លួនឯងពីបរិកាសវប្បធម៌តែមួយ មករស់នៅក្នុងប្រទេសដែលមានវប្បធម៌ចំរុះ។
លោកបានរៀនឆ្លងកាត់ការលំបាក និងសំរបខ្លួនជាច្រើន ទើបទីបំផុតលោកចាកចេញពីប្រទេសសឹង្ហបុរីវិញជាមួយនឹងអនុស្សាវរីយ៍ល្អ និងភាពជឿជាក់។ នៅទីបំផុត ១១ឆ្នាំក្រោយមក លោកក៏បាននាំខ្លួនសិល្បករ៣រូបប្រចាំប្រទេសរបស់ខ្លួនទៅកាន់ឆាកសម្តែងនៅក្នុងប្រទេសសឹង្ហបុរីវិញ។ ដោយអារម្មណ៍មោទនភាពក្នុងការសំរេចគោលដៅរបស់លោក លោកAndrew Tevuth Mamបានរំពឹងទាំងក្តីរំភើបចំពោះពេលខាងមុខនេះ ហើយលោកក៏បានជូនដំណឹងដល់អ្នកគាំទ្រថាលោកនឹងទៅដល់ប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១២ ហើយបើមានអ្នកនៅម្តុំនោះកុំភ្លេចទិញសំបុត្រចូលរួមទស្សនាផង។