កាលពីយប់ថ្ងៃអង្គារ៍ទី១១ ខែកក្កដាកន្លងទៅនេះ នៅលើកញ្ចក់ទូរទស្សន៍NBC របស់អាមេរិច មានការផ្សាយចាក់បញ្ចាំងនូវកម្មវិធី America’s Got Talent រដូវកាលទី១៨ ដែលហៅកាត់ថា AGT ដែលពេលនេះកំពុងឈានជើងចូលមកដល់វគ្គ Audition ហើយ។ នៅសប្តាហ៍មុននេះ ផ្ទុះការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនរបស់កម្មវិធីមួយនេះ ដោយបេក្ខនារីអញ្ជើញចូលរួមប្រកួតម្នាក់មានឈ្មោះថា Lavender Darcangelo ដែលជាបេក្ខភាពមានពិការភាពភ្នែក និងមានជំងឺអូទីហ្សឹមផងនោះ បានធ្វើអោយគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការទាំង៤គឺអ្នកស្រី Heidi Klum រំភើបចិត្តជាខ្លាំងដោយស្រលាញ់ចូលចិត្តសមត្ថភាពរបស់នាងរហូតដល់ថ្នាក់ធ្វើការសំរេចចិត្តចុចប៊ូតុង Golden Buzzer ភ្លាមៗដោយមិនស្ទាក់ស្ទើរ បន្ទាប់ពីនាងបានបកស្រាយបទចម្រៀង«Out Here On My Own» ចប់។ ប៊ូតុង Golden Buzzer នេះ គឺសំរាប់អោយគណៈកម្មការម្នាក់ៗមានសិទ្ធិប្រើប្រាស់បានតែម្តងប៉ុណ្ណោះក្នុងមួយរដូវកាល ដែលអាចជួយអោយបេក្ខជនម្នាក់ធ្វើដំណើរជាប់ដោយស្វ័យប្រវត្តិទៅកាន់វគ្គ Live Show ហើយអ្នកស្រី Heidi Klum ក៏បានសំរេចចិត្តបោះបង់វាទៅអោយបេក្ខនារី Lavender Darcangelo នេះតែម្តង។ តាមដំណើររៀបរាប់របស់ Lavender Darcangelo នៅលើឆាកបានអោយដឹងថា នាងមានវ័យ២៧ឆ្នាំហើយ ហើយចាប់ផ្តើមចេះច្រៀងតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ តែនាងមិននិយាយរហូតដល់អាយុ៤ឆ្នាំជាង ព្រោះដោយសារមានជំងឺអូទីហ្សីម រួមទាំងពិការភ្នែកផង។ បន្ទាប់មកក៏ត្រូវបានឪពុកចិញ្ចឹមរបស់នាងទទួលយកមកចិញ្ចឹមនៅពេលក្រោយមកទៀត តាមរយៈកម្មវិធីរបស់សាលា។ នាងបានរៀបរាប់អោយដឹងទៀតផងដែរថា មូលហេតុដែលនាងសំរេចចូលរួមប្រកួតកម្មវិធីនេះព្រោះនាងមានក្តីសុបិន្តជាច្រើនដូចជាចង់បង្កើតសាលាដែលអោយក្មេងៗនូវឳកាសស្វែងរកអ្វីដែលពួកគេពិតជាចាប់អារម្មណ៍។ ទស្សនិកជនជាច្រើនបន្ទាប់ពីបានទស្សនាការសម្តែងរបស់ Lavender ហើយ ក៏រំជួលចិត្តមិនចាញ់គណៈកម្មការអ្នកស្រី Heidi Klum នោះទេ ស្នូរទះដៃ និងសំលេងគាំទ្រផ្តល់កំលាំងចិត្តបានបន្លឺឡើងយ៉ាងកក្រើកឆាកតែម្តង ដោយ Lavenderបានបណ្តុះភាពក្លាហាន និងចិត្តស្រលាញ់អោយពួកគេហ៊ានសំរេចបំណងប្រាថ្នា និងមហិច្ឆតារបស់ខ្លួនឯង។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?