អ្នកដំណើរតាមយន្តហោះ American Airlines ម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា ដាល់អ្នកបំរើតាមយន្តហោះចំកណ្តាលមុខចំនួន២ដៃ ត្រូវប្រឈមមុខជាប់ពន្ធនាគារ២០ឆ្នាំ។ Brian Hsu អាយុ ២០ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងការវាយប្រហារ និងជ្រៀតជ្រែកទៅលើកិច្ចការរបស់អ្នកបំរើការតាមយន្តហោះកាលពីថ្ងៃច័ន្ទដោយក្រសួងយុត្តិធម៌។ ប្រភពមួយដែលបានដឺងច្បាស់ពីការស៊ើបអង្កេត បានប្រាប់សារព័ត៌មាន ABC ថាការវាយតប់ទៅលើអ្នកបំរើតាមយន្តហោះនេះ បានកើតឡើងដោយគ្មានការបង្ករឿងអ្វីទាំងអស់។
អ្នកបំរើការតាមយន្តហោះបានដើរប៉ះ Hsu ដែលជាអ្នកដំណើរជិះយន្តហោះលំដាប់ថ្នាក់ទី១, ប្រភពបានបញ្ចេញឲ្យដឹង, អ្នកបំរើតាមយន្តហោះបានសុំទោស ប៉ុន្តែក្រោយមក Hsu បានដើរទៅបន្ទប់របស់អ្នកធ្វើការនៅលើយន្តហោះហើយបានដាល់នាង២ដៃចំកណ្តាលមុខ ហើយដើរត្រឡប់មកកន្លែងអង្គុយរបស់គេវិញ ធ្វើដូចជាជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង ។
ជើងហោះហើរ American Airlines បានចេញដំណើរកាលពីថ្ងៃទី២៧ ខែតុលា ពីអាកាសយានដ្ឋាន JFK នៅញូវយ៉ក ទៅកាន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានបង្ខំឲ្យបង្វែរទិសចុះចតនៅ Denver រដ្ឋColorado វិញ។ វីឌីអូនៃឧប្បទ្ទវហេតុនេះ បានបង្ហាញឲ្យឃើញនូវអ្នកដំណើរបានសើចចំអកឲ្យ Hsu នៅពេលដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសនាំចេញពីយន្តហោះ។
នាយកប្រតិបត្តិនៃ American Airlines លោក Doug Parker បាននិយាយថាការវាយតប់នេះជាករណីមួយដ៏អាក្រក់អាក្រីបំផុតក្នុងចំណោមករណីជាច្រើនដែលអាកាសចរណ៍ធ្លាប់បានជួបប្រទះ។ “អាកប្បកិរិយាបែបនេះគួរតែបញ្ឈប់” Parker បាននិយាយនៅក្នុងវីឌីអូមួយដែលបានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយ៕