លោក Jeff Bezos បានកើតនៅ Albuquerque រដ្ឋ New Mexico នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៤ ហើយនៅពេលកំណើតរបស់ Jeff ម្តាយរបស់គាត់គឺជាសិស្សវិទ្យាល័យអាយុ ១៧ឆ្នាំ និងឪពុករបស់គាត់មានអាយុ ១៩ឆ្នាំ។ ឪពុករបស់គាត់មិនមែនជាឪពុក ឬប្តីដ៏អស្ចារ្យបំផុតនោះទេ ដូច្នេះបន្ទាប់ពីរៀបការបាន ១៧ខែ ពួកគេបានលែងលះគ្នា។ ម្តាយរបស់គាត់បានរៀបការម្តងទៀត ហើយស្វាមីថ្មីរបស់នាងព្រមទទួលស្គាល់ Jeff ជាកូន។ នៅពេលគាត់ធំឡើង គាត់ចូលចិត្តដោះលេងប្រដាប់ក្មេងលេង ហើយផ្គុំវាចូលគ្នាវិញ។ មានពេលមួយនោះ នៅពេលដែលគាត់ទើបតែចេះដើរតេះតះ គាត់បានដោះកូនអង្រឹងរបស់គាត់ដោយប្រើទួណឺវីស។ ក្នុងនាមជាក្មេងម្នាក់ដែលចំណាយពេលនៅរដូវក្តៅនៅកសិដ្ឋានរបស់ជីដូនជីតារបស់គាត់ ដែលជាកន្លែងដែលគាត់បានធ្វើកិច្ចការគ្រប់ប្រភេទ។ គាត់បានជួយជួសជុលម៉ាស៊ីនខ្យល់ ចាក់វ៉ាក់សាំងគោក្របី និងអ្វីៗជាច្រើនទៀត។ ក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យ គាត់ក៏បានធ្វើការនៅ McDonald's គាត់ធ្វើការនៅខាងក្រោយ ដោយប្រែបឺហ្គឺ ប៉ុន្តែនោះមិនមែនជារឿងតែមួយគត់ដែលគាត់បានរៀននោះទេ។ ការងារនេះផ្តល់ឱ្យគាត់នូវឱកាសដើម្បីរៀនអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបានអំពីសេវាកម្មបម្រើអតិថិជន ធ្វើការក្រោមសម្ពាធ និងគុណតម្លៃនៃការធ្វើជាអ្នកគ្រប់គ្រងល្អ។
“អ្នកអាចរៀនអំពីទំនួលខុសត្រូវក្នុងការងារណាមួយ ប្រសិនបើអ្នកយកចិត្តទុកដាក់។ អ្នកអាចរៀនបានច្រើនធ្វើការនៅ McDonald's ។ វាខុសពីអ្វីដែលអ្នករៀននៅសាលា។ កុំមើលស្រាលពីតម្លៃរបស់វា។ ខ្ញុំបានរៀនអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការអំពីសេវាកម្មបម្រើអតិថិជន។”
នៅសាលា គាត់គឺជាសិស្សពូកែ ដូច្នេះបន្ទាប់ពីរៀនចប់នៅវិទ្យាល័យ គាត់បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យដើម្បីក្លាយជាអ្នកទ្រឹស្តីផ្នែករូបវិទ្យា ប៉ុន្តែអ្វីៗមិនដំណើរការល្អសម្រាប់គាត់ទេ។ គាត់មិនអាចរៀនទាន់សិស្សដទៃទៀតបានទេ ហើយគាត់មានផលពិបាកក្នុងការដោះស្រាយលំហាត់ពិជគណិត។ ហើយថ្វីត្បិតតែគាត់ជាមនុស្សឆ្លាតក៏ដោយ វាគ្រាន់តែជាការលំបាកសម្រាប់គាត់។ ហើយមានពេលមួយ គាត់បានចំណាយពេល ៣ម៉ោងលើគណិតវិទ្យា ប៉ុន្តែមិនអាចដោះស្រាយបាន ចំណែកនិស្សិតមហាវិទ្យាល័យម្នាក់ទៀតដោះស្រាយក្នុងរយៈពេល ១នាទីតែប៉ុណ្ណោះ។ នៅគ្រានោះ គាត់បានដឹងថា គាត់នឹងមិនក្លាយជាអ្នកទ្រឹស្តីផ្នែករូបវិទ្យាដ៏អស្ចារ្យនោះទេ ដូច្នេះគាត់បានសម្រេចចិត្តប្តូរមុខវិជ្ជារបស់គាត់ទៅជាវិទ្យាសាស្ត្រកុំព្យូទ័រ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Jeff Bezos បានធ្វើការងារពីរផ្សេងគ្នា ប៉ុន្តែនៅទសវត្សរ៍ទី៩០ នៅពេលប្រព័ន្ធអ៊ិនធឺណិតកំពុងកើនឡើងយ៉ាងលឿន គាត់បានមើលឃើញថា វាជាឱកាសមួយដែលគាត់មិនអាចឲ្យវាឆ្លងកាត់បាន។ ដូច្នេះ គាត់បានឈប់ពីការងារដែលមានប្រាក់ខែខ្ពស់ ដើម្បីលក់សៀវភៅតាមប្រព័ន្ធអ៊ិនធឺណិត ហើយគ្រប់គ្នាគិតថាគាត់មនុស្សឆ្កួត សូម្បីតែគាត់ដឹងថា វាមានឱកាស ៧០% ដែលនឹងបរាជ័យក៏ដោយ ប៉ុន្តែគាត់មិនខ្វល់នោះទេ។ គាត់មានចក្ខុវិស័យក្នុងការបង្កើតហាងលក់សៀវភៅឌីជីថលដ៏ធំមួយដែលមានឈ្មោះថា Amazon ហើយក្រុមហ៊ុននេះបានចាប់ផ្តើមពីហ្គារ៉ាសរបស់គាត់។នៅឆ្នាំ ១៩៩៩ Amazon.com បានក្លាយជាសាជីវកម្មរាប់ពាន់លានដុល្លារ ហើយ Jeff Bezos បានក្លាយជា“បុគ្គលប្រចាំឆ្នាំ” “person of the year” ។
“ខ្ញុំមិនដែលគិតថា ខ្ញុំនឹងសោកស្តាយចំពោះការព្យាយាម និងការបរាជ័យនោះទេ ហើយខ្ញុំសង្ស័យថា ខ្ញុំនឹងត្រូវបានលងបន្លាចពីការសម្រេចចិត្តទាំងនេះ បើខ្ញុំមិនបានព្យាយាមទាល់តែសោះ”
ដំបូងអាម៉ាហ្សូន បានចាប់ផ្តើមជាទីផ្សារអនឡាញសម្រាប់សៀវភៅ ប៉ុន្តែក្រោយមកបានពង្រីកការលក់ស្ទើរតែអ្វីៗទាំងអស់។ ហើយសព្វថ្ងៃនេះ Jeff Bezos គឺជាអ្នកមានបំផុតជាផ្លូវការនៅលើពិភពលោក។ ប៉ុន្តែតាំងពីដើមមក ក្រុមហ៊ុន Amazon បានទទួលនូវការបរាជ័យជាច្រើនដង ហើយការបរាជ័យទាំងនោះ ចំណាយអស់រាប់ពាន់លានដុល្លារ។ ប៉ុន្តែ បើគ្មានការបរាជ័យទេនោះ ក៏គ្មានការបង្កើតថ្មីដែលមាននៅសព្វថ្ងៃនេះដែរ ដូច្នេះ Jeff Bezos មិនដែលខ្លាចភាពបរាជ័យឡើយ។ តើអ្នកធ្លាប់ជួបការបរាជ័យដែរឬទេ? តើអ្នកធ្លាប់បរាជ័យលើអ្វីមួយទេ? វាគួរឱ្យខ្លាចណាស់មែនទេ? ការបរាជ័យគឺជារឿងដ៏ធំមួយ។ មនុស្សបាត់បង់ការគេងដោយសារចៀសវាងវា ដែលបណ្តាលឱ្យធ្លាក់ទឹកចិត្ត គ្រួសារត្រូវបែកបាក់ដោយកូនៗមិនអាចរស់នៅតាមការរំពឹងទុករបស់ឪពុកម្តាយ។ ប៉ុន្តែ សូមទុកអ្វីគ្រប់យ៉ាងដោយឡែក ដើម្បីស្ងប់ចិត្តរបស់អ្នកមួយភ្លែតសិន។ តើអ្នកចង់បានអ្វីពីជីវិតនេះ? តើអ្នកចង់ក្លាយជាអ្នកណា? តើអ្វីជាគំនិតរបស់អ្នកអំពីជីវិតជោគជ័យ? ក្រោកពីព្រលឹម ហើយចាប់ផ្តើមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីទទួលវា។ វាជាដំណើរដ៏វែងឆ្ងាយ និងពោរពេញទៅដោយការឈឺចាប់ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត កុំផ្លាស់ប្ដូរ កុំដាក់សម្ពាធលើខ្លួនឯង! ប្រសិនបើអ្នកជាមនុស្សពេញវ័យ កុំស្តាប់នរណាម្នាក់ ព្រោះពួកគេមានដំណើរផ្សងព្រេងទៅរកភាពគជ័យរបស់ពួកគេ ហើយអ្នកនឹងមានដំណើរផ្សងព្រេងរបស់អ្នក។ ដូច្នេះ ចាប់ផ្តើមរៀបចំចេញដំណើរផ្សងព្រេងរបស់អ្នក! ប្រហែលជាអ្នកអាចបរាជ័យ ប៉ុន្តែចុះបើអ្នកឈ្នះ? ការបរាជ័យ ជាមេរៀនដ៏សំខាន់សម្រាប់ជីវីតរបស់អ្នក!