ភ្នំពេញ៖ រថយន្តចំនួន២គ្រឿង បានបុកគ្នា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ត្រង់ចំណុច ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
តាមរបាយការណ៍ពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលនេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ត ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BQ-7666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ (ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិច ទៅទិសខាងកើត នៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដល់ចំណុចកើតហេតុ បានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចក៏បានបុករថយន្ត០១គ្រឿងទៀត ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-9666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ទទួលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបរម្នាក់ និងអ្នករួមដំណើរ ជាជនបរទេសម្នាក់ បានរងរបួស។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបាននគរបាលស្ទូចយកទៅមករក្សាទុកបណ្ដោះអា សន្ននៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់បន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា