បទរបស់ Mariah Carey "All I want for Christmas is you" បានប្តូរពីលេខរៀងទី៥មកក្លាយជាលេខរៀងទី១វិញនៅលើតារាង Billboard Global 200 ធ្វើអោយបានក្លាយជាសប្តាហ៍ទី៩ហើយទទួលបានចំណាត់ថ្នាក់កំពូលបន្ទាប់ពីតារាងនេះបានចាប់ផ្តើមចេញផ្សាយកាលពីឆ្នាំ២០២០មក។ ខណៈពេលដែលបទ "Unholy" របស់ Sam Smith និង Kim Petras បានទទួលចំណាត់ថ្នាក់លេខ១នៅក្នុងសប្តាហ៍ទី៨ផងដែរនៅលើតារាង Billboard Global Excl.U.S.។ តារាងសកលលោកទាំងពីរនេះបានចាប់ផ្តើមឡើងតាមតាំងពីខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ និងអោយចំណាត់ថ្នាក់បទចម្រៀងផ្អែកទៅលើចំនួន Stream និងការលក់នៅក្នុងប្រមាណ២០០ប្រទេសជុំវិញពិភពលោក ដែលបានប្រមែប្រមូលឡើងដោយ Luminate។ The billboard Global 200 គឺរាប់បញ្ចូលទិន្នន័យទូទាំងសកលលោក ខណៈពេលដែល The Billboard Global Excl. U.S. Chart គឺប្រមូលផ្តុំដោយទិន្នន័យពីប្រទេសនានាលើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។
តួយ៉ាងបទរបស់ Mariah Carey "All I want for Christmas is you" បានលោតពីចំណាត់ថ្នាក់លេខ៥មកលេខ១វិញនៅលើតារាង Billboard Global 200 ជាមួយនឹងការ Stream ទទួលបាន៦៤.៥លានទស្សនា កើនឡើង៤៧% និងការលក់បាន៨០០០ កើនឡើងបាន៦២%ទូទាំងសកលលោកគិតត្រឹមរយៈពេល១សប្តាហ៍ពីថ្ងៃី២៥ ខែវិច្ឆិការហូតដល់ថ្ងៃ០១ខែធ្នូនេះ។ ខណៈពេលដែលបទ "Unholy" របស់ Sam Smith និង Kim Petras ទទួលបានចំណាត់ថ្នាក់លេខ២នៅលើតារាង Billboard Global 200 បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា៤សប្តាហ៍រាប់ចាប់តាំងពីខែតុលាមក។ រីឯបទចំរៀង "Anti-Hero" របស់ Taylor Swift វិញបានធ្លាក់មកក្នុងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីបានទទួលលេងរៀងកំពូលរយៈពេល៤សប្តាហ៍ហើយនៅខែវិច្ឆិកា។ "Rockin’ Around the Christmas Tree" ដែលបានចេញផ្សាយនៅក្នុងឆ្នាំ១៩៥៨ ក៏បានលោតពីលេខរៀងទី១៩ មកទី៤ផងដែរ នៅលើ Billboard Global 200 បន្ទាប់ពីលោតឡើងដល់លេខ៣នៅក្នុងរដួវកាលបុណ្យណូអែល២ដងកន្លងទៅ។
ចំណែកឯបទ "Last Christmas" របស់ Wham! ចេញផ្សាយក្នុងឆ្នាំ១៩៨៤បានលោតពីលេខរៀងទី២១ មកទី៥ដូចគ្នា បន្ទាប់ពីធ្លាប់ឡើងដល់លេខ២នៅក្នុងរដូវកាលបុណ្យណូអែល២ដងកន្លងទៅ។ នៅក្នុងចំណោមលេខរៀងទាំង១០នៅក្នុងតារាង Billboard Global 200ផងដែរក៏នៅមានបទរដូវកាលបុណ្យណូអែលមួយទៀតគឺ "Jingle Bell Rock" ចេញផ្សាយកាលពីឆ្នាំ១៩៥៧ បានលោតពីលេខរៀងទី២៣ មកទី៨ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៤នៅក្នុងរដូវកាលបុណ្យណូអែលឆ្នាំ២០២០ និង២០២១រួចមក។