DW-
អ្នកជំនាញក្នុងក្រុមកោសល្យវិច័យ និងក្រុមអ្នកវិភាគទៅលើក្បាលគ្រាប់កាំភ្លើងអាមេរិក បាននិយាយថា ការបាញ់កាំភ្លើងចេញមកពីទីតាំងកងទ័ពអុីស្រាអែល ទំនងជាទទួលខុសត្រូវ លើការស្លាប់របស់អ្នកកាសែត Al Jazeera, Shireen Abu Akleh ប៉ុន្តែមិនមានហេតុផលដែលគួរឲ្យជឿថា ការបាញ់នោះគឺជាចេតនា។ គ្រាប់កាំភ្លើងដែលបានសម្លាប់ អ្នកកាសែត Al Jazeera, Shireen Abu Akleh ទំនងជាបាញ់ចេញពីទីតាំងដែលកងទ័ពអុីស្រាអែលតាំងនៅ ប៉ុន្តែការបាញ់ត្រូវនាង ទំនងជាអចេតនា ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទ។
សេចក្តីថ្លែងការបានលេចចេញមក បន្ទាប់ពីក្រុមកោសល្យវិនិច្ឆ័យអាមេរិកបានធ្វើការវិភាគទៅលើក្បាលគ្រាប់ ដែលបានប្រគល់ទៅឲ្យពួកគេដោយមន្ត្រី ប៉ាឡស្ទីន។ Abu Akleh បានត្រូវបាញ់ស្លាប់ ខណៈដែលកំពុងយកព័ត៌មានពីប្រតិបត្តិការណ៍យោធាអុីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនកាលពីថ្ងៃទី១១ ខែឧសភា។ "ក្រុមអ្នកជំនាញឯករាជ្យអាមេរិក ដែលនៅក្រោមការត្រួតពិនិត្យរបស់មន្ត្រីសន្តិសុខអាមេរិក មិនអាចឈានទៅដល់ការសន្និដ្ឋានដ៏ច្បាស់លាស់មួយ ដោយយោងទៅរកប្រភពដើមនៃក្បាលគ្រាប់ ដែលបានសម្លាប់អ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់រូនេះ" អ្នកនាំពាក្យក្រសួងការបរទេស Ned Price បាននិយាយនៅក្នុងសេច ក្តីថ្លែងការណ៍។
"អ្នកជំនាញខាងគ្រាប់កាំភ្លើង បានកំណត់ថា ក្បាលគ្រាប់ត្រូវបានខូចខាតយ៉ាងដំណំ ដែលធ្វើឲ្យយើងពិបាកនឹងសន្និដ្ឋានបានច្បាស់" សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែម។ អ្នកជំនាញសន្តិសុខសហរដ្ឋអាមេរិកត្រូវបានគេអនុញ្ញាតពេញលេញ ឲ្យធ្វើការស៊ើបអង្កេត ដែលអនុវត្តិន៍ដោយអាជ្ញាធរប៉ាឡេស្ទីន និងក៏ដូចជា កងកម្លាំងការពារអុីស្រាអែលផងដែរ។ បន្ទាប់ពីការវិភាគនិងបូកសារុបនូវការស្រាវជ្រាវទាំង២ មន្ត្រីសន្តិសុខសហរដ្ឋអាមេរិកបានសន្និដ្ឋានថា ការបាញ់គ្រាប់កាំភ្លើងនេះចេញមកពីទីតាំងរបស់កងទ័ពអុីស្រាអែល ដែលទំនងជាទទួលខុសត្រូវក្នុងការស្លាប់របស់ Shireen Abu Akleh ។
ក្រសួងការបរទេសអាមេរិកបានបន្ថែមថា ក្រុមអ្នកជំនាញ មិនបានរកហេតុផលដែលគួរឲ្យជឿថា ការបាញ់នេះមានចេតនាក៏ប៉ុន្តែវាជាលទ្ធផលមួយដែលប្រកបទៅដោយកាលៈទេសៈនៃសោកនាដកម្ម ក្នុងអម្លុងពេលដែលយោធាអុីស្រាអែលកំពុងធ្វើប្រតិបត្តិការណ៍។ បន្ទាប់ពីមានការបញ្ចេញនូវការវិភាគរបស់សហរដ្ឋ អាមេរិកលើការបាញ់ប្រហារនេះ គ្រួសាររបស់ Abu Akleh បានរិះគន់យ៉ាងស្រួចស្រាវបំផុត ទៅលើលទ្ធផលនៃការស្រាវជ្រាវ ដោយនិយាយថាពួកគេមិនជឿទាល់តែសោះ ចំពោះអ្វីដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ។ ក្រុមគ្រួសាររបស់សពអ្នកកាសែតនោះបានបន្ថែមទៀតថា ការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិកថា ការបាញ់នោះដោយអចេតនា វាចាក់ដោតខ្លាំងណាស់ទៅលើវិញ្ញាណខ័ន្តរបស់ Shireen ៕