ភ្នំពេញ៖ ផលិតផលខ្មែរជាច្រើនមុខត្រូវរំពឹងថា នឹងមានវត្តមាននៅលើទីផ្សារលក់ទំនិញអនឡាញដ៏ល្បីបំផុតមួយរបស់ពិភពលោក និងធំបំផុតនៅទ្វីបអាស៊ី គឺតាមរយៈការដាក់លក់នៅលើ App Lazada របស់ Alibaba Group។ ហើយផលិតផលខ្មែរនឹងត្រូវបង្ហាញតាំងលក់បានទាំង ផ្សារទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈក្រុមហ៊ុនយក្សរបស់ចិនមួយនេះ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្ងៃទី ២៨ខែមករា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំជាមួយក្រហ៊ុន Alibaba Group តាមរយៈ Video Conference ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» ក្នុងការនាំយកផលិតផលខ្មែរទៅបញ្ជូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន ក៏ដូចជានៅតាមបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។
ទោះយ៉ាងណានៅក្នុង Page របស់ប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិនបានបញ្ជាក់ថា ផលិតផលខ្មែរអ្វីខ្លះនឹងត្រូវដាក់បញ្ចូលទៅក្នុង App Lazada របស់ក្រុមហ៊ុនចិនខាងលើនេះឡើយ។
ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងចូលរួមយ៉ាងសំខាន់នៅក្នុងការជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា។
កាលពីកន្លងទៅនេះរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ ១៩៕