ចក្រភពអង់គ្លេសត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការវាយប្រហារលើក្រុមឧទ្ទាមហ៊ូធី បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថាកងទ័ពជើងទឹករបស់ខ្លួនបានធ្វើអោយលិចទូកក្រុមឧទ្ទាមហ៊ូធីចំនួន 3 គ្រឿងដែលកំណត់គោលដៅវាយប្រហារលើកប៉ាល់កុងតឺន័ររបស់អ្នកជំនួញបើកនៅលើសមុទ្រក្រហម។ កងទ័ពជើងទឹកអ៊ីរ៉ង់បានបញ្ជូននាវាពិឃាត 'IRIS Alborz (72)' ឆ្ពោះទៅកាន់សមុទ្រក្រហមកាលពីថ្ងៃទី1 ខែមករានេះ។ មន្ត្រីយោធាចំនួន 9 នាក់ត្រូវបានបណ្តេញចេញដោយប្រទេសចិនពីសភារបស់ខ្លួន ដែលរួមមានឧត្តមសេនីយ៍ 4 នាក់នៃអង្គភាពមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះត្រូវបានតែងតាំង។
-
អង់គ្លេសពិចារណាវាយប្រហារក្រុមឧទ្ទាមហ៊ូធី
យោងតាមសារព័ត៌មាន Wion ចុះផ្សាយថ្ងៃទី៣១ ខែធ្នូបានអោយដឹងថា ចក្រភពអង់គ្លេសត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការវាយប្រហារលើក្រុមឧទ្ទាមហ៊ូធី បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានធ្វើអោយលិចទូកក្រុមឧទ្ទាមហ៊ូធីចំនួន 3 គ្រឿងដែលកំណត់គោលដៅវាយប្រហារលើកប៉ាល់កុងតឺន័ររបស់អ្នកជំនួញបើកនៅលើសមុទ្រក្រហម។
លោក Grant Shapps រដ្ឋលេខាធិការការពារជាតិអង់គ្លេសបាននិយាយថា រដ្ឋាភិបាលប្រទេសអង់គ្លេសនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដោយផ្ទាល់នោះទេដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមទៀត នៅខណៈពេលដែលក៏មានរបាយការណ៍លើកឡើងថាក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយដើម្បីធ្វើការព្រមានចុងក្រោយដល់ក្រុមឧទ្ទាមយេម៉ែន។
វាកើតឡើងបន្ទាប់ពីយោធាអាមេរិកបាននិយាយថា ទូកចំនួនបួនគ្រឿងមកពីតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែនបានបាញ់ទៅលើកប៉ាល់ Maersk Hangzhou និងបានខិតទៅជិតកប៉ាល់ បន្ទាប់មកក៏ត្រូវបានឧទ្ធម្ភាគចក្រអាមេរិកបានបាញ់ត្រឡប់មកវិញ បណ្តាលអោយមាននាវិកក្រុមសកម្មប្រយុទ្ធហ៊ូធីស្លាប់ជាច្រើននាក់។
-
អ៊ីរ៉ង់ដាក់ពង្រាយនាវាពិឃាត Alborz ទៅកាន់សមុទ្រក្រហម
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបញ្ជូននាវាពិឃាត 'IRIS Alborz (72)' របស់ខ្លួនដែលជាប្រតិបត្តិការមួយផ្នែកនៃកងនាវាចរទី 94 បានធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រក្រហមកាលពីថ្ងៃទី1 ខែមករានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងប្រដាប់អាវុធយេម៉ែន បាននិយាយថា "អាមេរិកដែលជាគូសត្រូវ នឹងទទួលផលកម្មនៃឧក្រិដ្ឋកម្មរបស់ខ្លួន និងផលប៉ះពាល់របស់វា"។
នាវាចម្បាំងនេះបានឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ហើយបន្ទាប់មកបានចូលទៅកាន់សមុទ្រក្រហមកាលពីថ្ងៃចន្ទ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍។
កងទ័ពជើងទឹកបានបង្កើតក្រុមបញ្ជាការមហាសមុទ្រចំនួនបីដែលត្រួតពិនិត្យបេសកកម្មរបស់កងទ័ពជើងទឹកនៅក្នុងមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។
រឿងនេះកើតឡើងនៅខណៈពេលដែលមានភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងសមុទ្រក្រហម បន្ទាប់ពីប្រតិបត្តិការកងទ័ពជើងទឹកកងកម្លាំងប្រដាប់អាវុធយេម៉ែនបានវាយប្រហារប្រឆាំងនឹងនាវាដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែល រឺមានទំនាក់ទំនងនឹងអ៊ីស្រាអែល។
-
ចិនបណ្ដេញមន្ត្រីយោធា៩នាក់ចេញពីសភា
យោងតាមសារព័ត៌មាន Wion ចុះផ្សាយថ្ងៃទី០១ ខែមករាបានអោយដឹងថា នៅក្នុងការរុះរើដ៏ខ្លាំងក្លាមួយ មន្ត្រីយោធាចំនួន 9 នាក់ត្រូវបានបណ្តេញចេញដោយប្រទេសចិនពីសភារបស់ខ្លួន ដែលរួមមានឧត្តមសេនីយ៍ 4 នាក់នៃអង្គភាពមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះត្រូវបានតែងតាំង។
ការសម្រេចចិត្តនេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua កាលពីល្ងាចថ្ងៃសុក្រ ដែលបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តកាន់អំណាច។ រដ្ឋាភិបាលមិនបានផ្តល់ការពន្យល់ណាមួយទាក់ទងនឹងការដកតំណែងមន្ត្រីនោះទេ។
ការរុះរើនេះគឺជាចលនាមួយក្នុងចំនោមការផ្លាស់ប្តូររចនាសម្ព័ន្ធកម្រិតខ្ពស់នៅក្នុងការបង្កើតយោធាចាប់តាំងពីរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗនៅក្នុងខែតុលា បន្ទាប់ពីលោកត្រូវបានតែងតាំងកាលពីខែមីនា និងបាត់ខ្លួនពីសាធារណៈនៅក្នុងខែសីហា។
ប្រទេសចិនកាលពីថ្ងៃសុក្រ (២៩ ធ្នូ) បានតែងតាំងលោក Dong Jun ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះបន្ទាប់ពីតំណែងនេះត្រូវបានរក្សាទុកចោលអស់រយៈពេលប៉ុន្មានខែ។