អ៊ីស្រាអ៊ែលបាត់បង់គោលដៅយុទ្ធសាស្ត្រក្នុងសង្គ្រាម។ បន្ទាប់ពីព្យុះកំណាចលើមន្ទីរពេទ្យ Al-Shifa អ៊ីស្រាអែលមិនបានរកឃើញទីកន្លែងស្នាក់នៅរបស់មេដឹកនាំក្រុមហាម៉ាស ឬចំណាប់ខ្មាំងនោះទេនៅខណៈពេលដែលផ្ទុះរឿងអាស្រូវពីអន្តរជាតិ! វាហាក់ដូចជាពេលវេលារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ Gaza ជិតមកដល់ទីបញ្ចប់ហើយ ជាមួយនឹងការភ័យខ្លាចដែលការរីករាលដាលនៃសង្រ្គាមនេះនឹងមកដល់អេហ្ស៊ីប! មានការលើកឡើងអំពីគោលដៅមហិច្ឆតារបស់អ៊ីស្រាអែលក្នុងការជីកប្រឡាយ Ben Gurion ប៉ុន្តែបើតាមរយៈការពិនិត្យមើលផែនទី យើងឃើញថាគោលដៅពិតប្រាកដរបស់អ៊ីស្រាអែលនោះគឺការលេបយកប្រឡាយស៊ុយអេនោះទេ និងមិនមែនជាការដើម្បីសាងសង់ប្រឡាយ Ben Gurion នោះទេបន្ទាប់ពីអ៊ីស្រាអែលចាញ់ល្បែងនិពន្ធរឿងនៅក្នុងសង្រ្គាមនេះ តើពួកគេនឹងដកថយដែរឬទេ? ឬក៏បង្កើនការវាយលុកនៅភាគខាងត្បូងហ្គាហ្សា?
-
យោធាអ៊ីស្រាអែលឆែកឆេរមន្ទីរពេទ្យហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកាបានអោយដឹងថា អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុង និងជុំវិញមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា ក្នុងគោលដៅចង់កំទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលនៅទីនោះ។
កងទ័ពអ៊ីស្រាអែលបានទំលាយចូលមន្ទីរពេទ្យ Al Shifa នៅព្រឹកថ្ងៃពុធ ហើយបានធ្វើប្រតិបត្តិការស្វែងរក និងឆែកឆេរពេញមន្ទីរពេទ្យ។ មានវីដេអូមួយដែលកងទ័ពបានបង្ហាញឡើងអ្វីដែលពួកគេរកឃើញ ដែលមានដូចជាអាវុធស្វ័យប្រវត្តិ គ្រាប់បែកដៃ គ្រាប់រំសេវ និងអាវុធធុនធ្ងន់ជាច្រើនដែលរកឃើញនៅក្នុងអគារនោះ។
យ៉ាងណាមិញយោធាអ៊ីស្រាអែលមិនបាននិយាយថាពួកគេរកឃើញច្រកចូលទៅកាន់ផ្លូវរូងក្រោមដីនៅក្នុងមន្ទីរពេទ្យ Al Shifa នោះទេ ដែលកាលពីមុនពួកគេធ្លាបបានចោទប្រកាន់ថាក្រុមហាម៉ាសបានសាងសង់បណ្តាញផ្លូវរូងក្រោមដីនៅក្រោមមន្ទីរពេទ្យនេះ និងលាក់ភេរវករនៅទីនោះ។
-
កងកម្លាំងអ៊ីស្រាអែលថាមិនទាន់ប្រទះយុទ្ធជនហាម៉ាសនៅមន្ទីរពេទ្យទេ
យោងតាមសារព័ត៌មាន abc News ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ ទាហានអ៊ីស្រាអែលនៅមិនទាន់បានផ្ទុះការប្រយុទ្ធនៅក្នុងមន្ទីរពេទ្យ Al-Shifa ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសទេ ហើយបានលើកឡើងថាពួកគេក៏នៅមិនទាន់បានជួបសកម្មជនហាម៉ាស់ណាម្នាក់នៅក្នុងមន្ទីរពេទ្យដ៏ធំជាងគេបង្អស់នៅក្នុងតំបន់ហ្គាហ្សានេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការឆែកឆេររបស់កងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងមន្ទីរពេទ្យ Al-Shifa នេះនៅតែបន្ត ខណៈមកទល់ពេលនេះពួកគេបានអះអាងថារកឃើញភស្តុតាងជាច្រើន ជាពិសេសអាវុធ ដែលពួកគេចោទប្រកាន់ឡើងថា ក្រុមហាម៉ាស់ច្បាស់ជាប្រតិបត្តិការនៅទីនេះ។
មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មានថា ទាហានអ៊ីស្រាអែលបានចូលទៅក្នុងមន្ទីរពេទ្យ Al-Shifa ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនោះទេ មិនមែនដើម្បីតាមប្រមាញ់មេដឹកនាំក្រុមហាម៉ាស់នោះទេ។
-
នាយករដ្ឋមន្ត្រីកាណាដាថាការសម្លាប់ទារកនៅហ្គាហ្សាត្រូវតែបញ្ចប់
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃអង្គារបាននិយាយថា "ការសម្លាប់ស្ត្រី កុមារ និងទារក" នៅក្នុងតំបន់ Gaza Strip ត្រូវតែបញ្ចប់ នៅក្នុងការរិះគន់យ៉ាងខ្លាំងក្លារបស់លោកចំពោះអ៊ីស្រាអែលចាប់តាំងពីសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសបានផ្ទុះឡើងជាងមួយខែមុន។
ប្រទេសកាណាដាបានអះអាងថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីខែមុន ដោយបានសម្លាប់មនុស្ស 1,400 នាក់ និងចាប់ចំណាប់ខ្មាំងជាង 200 នាក់។ ប៉ុន្តែដូចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត កាណាដាបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើចំនួនអ្នកស្លាប់កើនឡើងនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបដែលរងការវាយប្រហារយ៉ាងខ្លាំងក្លា ដោយមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មានមនុស្ស 11,000 នាក់ត្រូវបានសម្លាប់ហើយចាប់តាំងពីជម្លោះបានចាប់ផ្តើមមក។