1. រថក្រោះអ៊ីស្រាអែលឡោមព័ទ្ធក្បែរមន្ទីរពេទ្យ Al-Shifa នៅហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកាបានអោយដឹងថា រថក្រោះអ៊ីស្រាអែលបានធ្វើដំណើរមកដល់ច្រកទ្វារមន្ទីរពេទ្យសំខាន់របស់ទីក្រុងហ្កាហ្សាហើយកាលពីថ្ងៃច័ន្ទ ដែលជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា មន្ទីរពេទ្យទាំងអស់ត្រូវតែទទួលបានការការពារហើយលោកសង្ឃឹមថាសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលនឹងមានតិចតួចបំផុត។ ដោយឡែកក្រុមប្រដាប់អាវុធនៃយោធាប៉ាឡេស្ទីនបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដោះលែងស្ត្រី និងកុមាររហូតដល់70នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សានេះដើម្បីជាថ្នូរនឹងបទឈប់បាញ់រយៈពេលប្រាំថ្ងៃនៅក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយលុករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី7 ខែតុលាមកកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាលោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា មានអ្នកជំងឺ 32 នាក់បានស្លាប់ក្នុងរយៈពេល3ថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត3នាក់ ដែលជាលទ្ធផលនៃការឡោមព័ទ្ធមន្ទីរពេទ្យនៅភាគខាងជើងតំបន់ហ្គាហ្សានេះ និងបញ្ហាកង្វះថាមពលប្រើប្រាស់។
2. អាមេរិកព្រមានអ៊ីស្រាអែលពីសង្រ្គាមវាយលុករបស់ក្រុមហេសបូឡាពីលីបង់
យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសម្តែងការព្រួយបារម្ភចំពោះសមភាគីអ៊ីស្រាអែល លោក Yoav Gallant នៅក្នុងការហៅតាមទូរស័ព្ទមួយកាលពីថ្ងៃសៅរ៍អំពីវត្តមានរបស់អ៊ីស្រាអែលដែលធ្វើអោយមានការកើនឡើងភាពតានតឹងនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។ មន្រ្តីមួយចំនួននៅក្នុងរដ្ឋបាលលោក Biden មានការព្រួយបារម្ភថា អ៊ីស្រាអែលកំពុងព្យាយាមបង្កហេតុធ្វើអោយក្រុម Hezbollah មានលេសចូលរួមក្នុងសង្គ្រាមនេះ និងធ្វើអោយសង្រ្គាមនេះកាន់តែរីកសាយភាយមកដល់ប្រទេសលីបង់ ដែលជាហេតុអូសទាញអោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតត្រូវតែចូលរួមនៅទៅក្នុងជម្លោះនេះដែរ។ រដ្ឋបាលលោក Biden បាននិងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលលីបង់ និងមហាអំណាចក្នុងតំបន់ផ្សេងទៀតឱ្យធ្វើអ្វីមួយតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធ Hezbollah ពីការចូលរួមនៅក្នុងសង្គ្រាមនេះ។
3. ការកម្ទេចក្រុមហាម៉ាសមានន័យថាការបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប
យោងតាមសារព័ត៌មាន Haaretz ចុះផ្សាយថ្ងៃទី១៣ ខែវិច្ឆិកាបានអោយដឹងថា អតីតឧត្តមសេនីយឯកកងទ័ពអាកាសសហរដ្ឋអាមេរិកលោក James Clapper បានប្រាប់កាសែត Haaretz ថាសហរដ្ឋអាមេរិកត្រូវតែចូលធ្វើអន្តរាគមន៍ ប្រសិនបើក្រុមសកម្មប្រយុទ្ធហេសបូឡា ធ្វើការវាយប្រហារ ព្រោះក្រុមសកម្មប្រយុទ្ធហាម៉ាសពិតជាអាក្រក់ដូចក្រុមសកម្មប្រយុទ្ធ ISIS អ៊ីចឹង ហើយគ្មានដំណោះស្រាយរដ្ឋពីរអាចធ្វើឡើងនោះទេ។ លោកបាននិយាយឡើងថា“ប្រសិនបើក្រុមហេសបូឡាពិតជាបញ្ចេញការវាយប្រហារដ៏ធំប្រឆាំងនឹងអ៊ីស្រាអែលមែន ខ្ញុំនឹងគាំទ្រការប្រើប្រាស់កងទ័ពជើងទឹកអាមេរិក ព្រោះប្រសិនបើពួកគេមិនត្រូវបានប្រើប្រាស់នៅក្នុងលក្ខខណ្ឌបែបនេះ ខ្ញុំគិតថាគ្រប់គ្នានឹងមានការសង្ស័យលើតម្លៃរបស់ពួកគេ”។ ចំណែកគោលដៅរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមនេះ លោកបានបង្ហាញអោយដឹងថា “នោះគឺជាការបំផ្លិចបំផ្លាញទាំងស្រុងនៃក្រុមហាម៉ាស ហើយនោះក៏មានន័យថាជាការបំផ្លិចបំផ្លាញនៃតំបន់ហ្គាហ្សាផងដែរ”។