កាលពីល្ងាចថ្ងៃសៅរ៍ កងពលតូច Al-Qassam បានចេញផ្សាយវីដេអូមួយបង្ហាញពីរថពាសដែកអ៊ីស្រាអែលដែលត្រូវបានវាយប្រហារដោយកាំជ្រួច Kornet នៅភាគខាងកើតនៃទីក្រុង Shujaiya នៃភាគខាងកើតតំបន់ហ្គាហ្សា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែលចូលទន្ទ្រាននៅក្នុងតំបន់ហ្គាហ្សានេះ។ កងពលតូច Al-Qassam បានរាយការណ៍ថា រថពាសដែក "Tiger" ដែលត្រូវបានបំផ្លាញដោយកាំជ្រួច Kornet គឺជាយានជំនិះមួយប្រើប្រាស់សម្រាប់ដឹកទាហាន រឺកងទ័ព។ ប្រភពក្នុងស្រុកពីតំបន់ហ្គាហ្សាបានអោយដឹងថា"កម្លាំងឈ្លានពានរបស់អ៊ីស្រាអែលកំពុងដកថយបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការវាយឆ្មក់ម្តងហើយម្តងទៀតពីប៉ាឡេស្ទីន។ ក្នុងរយៈពេលមួយម៉ោងចុងក្រោយ មានការប៉ុនប៉ងចូលទន្រ្ទានចំនួនពីរនៅលើភូមិ Beit Lahia និងទីក្រុង Khan Yunis ត្រូវបានវាយបកប្រឆាំងទៅវិញ"។
-
Al-Qassam វាយប្រហាររថពាសដែកអ៊ីស្រាអែល "Tiger" ដោយមីស៊ីល Kornet
យោងតាមសារព័ត៌មាន SADA ELBALAD ENGLISH ចុះផ្សាយថ្ងៃទី២៩ ខែតុលាបានអោយដឹងថា កងពលតូច Al-Qassam បានចេញផ្សាយវីដេអូមួយកាលពីល្ងាចថ្ងៃសៅរ៍ដែលបង្ហាញពីរថពាសដែករបស់អ៊ីស្រាអែលត្រូវបានវាយប្រហារដោយកាំជ្រួច Kornet នៅខាងកើតនៃទីក្រុង Shujaiya ក្នុងភាគខាងកើតតំបន់ហ្គាហ្សា។
យោងតាមអ្វីដែលកងពលតូច Al-Qassam បានរាយការណ៍ឡើងគឺរថពាសដែក "Tiger" ដែលត្រូវបានបំផ្លាញដោយកាំជ្រួច Kornet នោះគឺជាយានជំនិះមួយប្រភេទដែលត្រូវបានប្រើប្រាស់សម្រាប់ដឹកទ័ព និងបានដឹកទាហានចំនួន 14 នាក់។
នៅល្ងាចថ្ងៃសៅរ៍ ប្រភពក្នុងស្រុកពីតំបន់ Gaza Strip បានរាយការណ៍ថា អ្វីដែលបានកើតឡើងនៅជិតរបងខណ្ឌចែកតាមព្រំដែនហ្គាហ្សាស្រ្ទីបគឺជាការប៉ុនប៉ងចូលទន្ទ្រានរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ខណៈដែលខាងក្រុមប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងការប៉ុនប៉ងទាំងអស់នេះ។
ប្រភពបានបន្ថែមថា"កម្លាំងឈ្លានពានរបស់អ៊ីស្រាអែលកំពុងដកថយបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការវាយឆ្មក់ម្តងហើយម្តងទៀតពីប៉ាឡេស្ទីន។ ក្នុងរយៈពេលមួយម៉ោងចុងក្រោយ មានការប៉ុនប៉ងចូលទន្រ្ទានចំនួនពីរនៅលើភូមិ Beit Lahia និងទីក្រុង Khan Yunis ត្រូវបានវាយបកប្រឆាំងទៅវិញ"។
មុននេះចលនាហាម៉ាសបានប្រកាសថា ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីម្សិលមិញគឺជាការបរាជ័យ ដោយបញ្ជាក់ថាទាហានអ៊ីស្រាអែលរាប់សិបនាក់បានស្លាប់ និងរងរបួស និងយ៉ាងតិចណាស់មានរថក្រោះអ៊ីស្រាអែលចំនួន ៦ គ្រឿងត្រូវបានបំផ្លាញដោយកាំជ្រួចប្រឆាំងពាសដែកក្នុងអំឡុងពេលប្រតិបត្តិការនេះ។
-
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតទៅកាន់សេតវិមានដោយបារម្ភពីសង្គ្រាមក្នុងតំបន់
យោងតាមសារព័ត៌មាន AXIOS ចុះផ្សាយថ្ងៃទី២៨ ខែតុលាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីតលោក Khalid bin Salman ដែលជាប្អូនប្រុសរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយចំនួនរបស់លោក Biden ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ហើយទីក្រុងរីយ៉ាដបានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍និងស្របពេលដែលសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត សម្តែងការព្រួយបារម្ភថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នេះអាចរីករាលដាលទៅជាសង្រ្គាមក្នុងតំបន់ផងដែរ។
មុនពេលសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់ចាប់ផ្តើម លោក Biden បានស្វែងរកការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាដោយជំរុញឱ្យមានកិច្ចព្រមព្រៀងផ្សះផ្សារទំនាក់ទំនងដ៏ធំមួយរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះក៏បានរួមបញ្ចូលជាមួយនឹងបញ្ហារបស់ប៉ាឡេស្ទីនផងដែរ។ លោក Biden ធ្លាប់បាននិយាយថា លោក"មិនមានភស្តុតាង"នោះទេ ប៉ុន្តែលោកមានសញ្ជាតិញាណប្រាប់ថាក្រុមហាម៉ាសប្រហែលជាវាយប្រហារអ៊ីស្រាអែលដើម្បីរំខានដល់ការរីកចំរើនឡើងនៃកិច្ចព្រមព្រៀងអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតនេះ ដោយប៉ាឡេស្ទីនតែងតែមិនទទួលស្គាល់នូវ«ដំណោះស្រាយរដ្ឋពីរ» នោះទេ។
-
Trump ប្តេជ្ញាលុបចោលទិដ្ឋាការអ្នកចូលរួមបាតុកម្មគាំទ្រប៉ាឡេស្ទីន
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាថានឹងបញ្ឈប់សង្គ្រាមលោកលើកទី 3 នៅក្នុងសន្និសិទសម្ព័ន្ធជ្វីហ្វរបស់ក្រុមសាធារណរដ្ឋ និងបាននិយាយអំពីជនរងគ្រោះនៃការវាយប្រហារថ្ងៃទី7 ខែតុលារបស់ពួកហាម៉ាសថា 'ពួកគេនឹងត្រូវបានសងសឹកអោយវិញលើសពីអ្វីដែលគ្រប់គ្នាកំពុងគិត'។
ថ្លែងនៅក្នុងសន្និសិទនៃទីក្រុង Las Vegas នេះ លោកបាននិយាយថា "ចំពោះជនជាតិអ៊ីស្រាអែល និងអាមេរិកគ្រប់រូបដែលរងការប៉ះពាល់ដោយសកម្មភាពព្រៃផ្សៃទាំងនេះ ពួកយើងនឹងឈរជាមួយអ្នក" និងបានបន្ទោសការវាយប្រហារនេះលើលោក Joe Biden ។
លោកបាននិយាយថា "យើងគ្មានបញ្ហាទេក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ-តែរឿងនេះនឹកគិតមិនដល់។ ប្រសិនបើអ្នកធ្វើអោយហូរឈាមអាមេរិកមួយដំណក់ នោះយើងនឹងធ្វើអោយកំពប់ឈាមអ្នកមួយហ្គាឡុងវិញ"។
លោកបានព្រមានបន្ថែមទៀតថា "ជនបរទេសដែលមានទីលំនៅ" ទាំងអស់ដែលបានចូលរួមក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីនចាប់តាំងពីការវាយប្រហារមក នឹងត្រូវបាននិរទេសទាំងអស់ ប្រសិនបើលោកត្រូវបានជាប់ឆ្នោតឡើងវិញ។