ពិភាក្សាអំពីជម្លោះគុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ជុំវិញភាពជាម្ចាស់នៃតំបន់ឧស្ម័នធម្ម
ជាតិ Al-Durra នៅក្នុងដែនទឹកដែលគ្រប់គ្រងដោយប្រទេសទាំងបីនៅឈូងសមុទ្រពែក្ស។ រដ្ឋមន្ត្រីថាមពលគុយវ៉ែតលោក Saad Al-Barrak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថាប្រទេសរបស់លោកនឹងចាប់ផ្តើមរុករកនៅក្នុងវាលAl-Durra ដោយមិនរង់ចាំការបោះបង្គោលព្រំដែនសមុទ្រជាមួយអ៊ីរ៉ង់ឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីតក៏កំពុងរង់ចាំជាមួយគុយវ៉ែតក្នុងបញ្ហាវាលAl-Durraនិងការរុករកនៅក្នុងនោះផងដែរដែលនឹងចោទជាសំណួរសួរទៅលើការផ្សះផ្សារទំនាក់ទំនងរបស់អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នាពេលអនាគត បន្ទាប់ពីការផ្សះផ្សារួចមកហើយដែលបានកើតឡើងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ ម៉្យាងវិញទៀតសហរដ្ឋអាមេរិកដែលប្រកាសថាខ្លួនកំពុងបញ្ជូនយន្តហោះចម្បាំង F-35 ទៅកាន់មូលដ្ឋាននៃបញ្ជាការកណ្តាលអាមេរិកនៅឈូងសមុទ្រពែក្ស ដើម្បីប្រឈមមុខនឹងជំហានរបស់អ៊ីរ៉ង់នៅច្រកសមុទ្រHormuz ប្រឆាំងនឹងនាវាដឹកប្រេង ដែលគំរាមកំហែងដល់សេរីភាពពាណិជ្ជកម្មសកល។ របាយការណ៍ក៏បានបន្ថែមថាវត្តមានរបស់យន្តហោះចម្បាំងទំនើបក៏បានកំណត់គោលដៅលើវត្តមានរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ាជាពិសេសបន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារលើយន្តហោះចម្បាំងអាមេរិក MQ-9 Reaper នៅលើដែនផ្ទៃអាកាសរបស់ប្រទេសស៊ីរី។ ផ្នែកដ៏សំខាន់បំផុតមួយនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីគឺនៅក្នុងវិស័យការពារជាតិ។ សហរដ្ឋអាមេរិកមានវត្តមានយោធាយ៉ាងសំខាន់ក្នុងតំបន់រួមមានមូលដ្ឋានយោធានៅប្រទេសបារ៉ែនគុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ រុស្ស៊ីព្យាយាមបង្កើនវត្តមានយោធារបស់ខ្លួនក្នុងតំបន់ ហើយក្នុងឆ្នាំ ២០១៧ ខ្លួនបានបើកមូលដ្ឋានយោធាក្នុងប្រទេសស៊ីរី។
-
គុយវ៉ែតបញ្ឆេះបញ្ហានៅឈូងសមុទ្រហើយចាប់ផ្តើមការរុករកនៅវាល Al-Durra
យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១ ខែសីហាបានអោយដឹងថា ជម្លោះដែលកំពុងកើនឡើងជុំវិញតំបន់ឧស្ម័ននៅឈូងសមុទ្រពែរ្សបង្កបញ្ហាប្រឈមកំរិតដំបូងចំពោះកិច្ចព្រមព្រៀងផ្តួចផ្តើមដោយចិនដើម្បីផ្សះផ្សាគូប្រជែងក្នុងតំបន់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។
អារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាងគុយវ៉ែត រួមគ្នាទាមទារយកកន្លែងឧស្ម័ន Al-Durra នៅឈូងសមុទ្រ។ អ៊ីរ៉ង់និយាយថាខ្លួនមានសិទ្ធិនៅលើតំបន់នេះ។ ភាគីទាំងពីរបានជួបពិភាក្សាគ្នាក្នុងប្រទេសអ៊ីរ៉ង់ក្នុងខែមីនាប៉ុន្តែមិនអាចឯកភាពគ្នាលើការបោះបង្គោលព្រំដែនទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ប្រទេសនេះនឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយលើសិទ្ធិរបស់ខ្លួនឡើយ ដោយបានបន្ទរការកត់សម្គាល់របស់រដ្ឋមន្ត្រីប្រេងរបស់ប្រទេសកាលពីថ្ងៃមុន។
លោក Kanaani បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា "យើងបានបង្ហាញពីការត្រៀមខ្លួនរបស់យើងក្នុងការចូលរួមក្នុងកិច្ចសន្ទនាជាមួយភាគីគុយវ៉ែត" ។
រដ្ឋមន្ត្រីប្រេងរបស់ប្រទេសគុយវ៉ែតបានប្រាប់ Sky News Arabia កាលពីសប្តាហ៍មុនថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការខួងយករ៉ែនិងការផលិតដោយមិនរង់ចាំកិច្ចព្រមព្រៀង។
-
កងទ័ពអាកាស F-35 Lightning II មកដល់តំបន់បញ្ជាការកណ្តាលអាមេរិក
យោងតាមគេហទំព័រ U.S. Central Command ចុះផ្សាយថ្ងៃទី២៦ ខែកក្កដាបានអោយដឹងថា ជាផ្នែកមួយនៃការដាក់ពង្រាយរបស់ក្រសួងការពារជាតិដែលបានប្រកាសជាមុន កងអនុសេនាធំនៃយន្តហោះចម្បាំង F-35 Lightning II របស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានមកដល់តំបន់បញ្ជាការកណ្តាលនៃការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកហើយ។
ខណៈពេលដែលត្រូវបានដាក់ពង្រាយដើម្បីគាំទ្រដល់បេសកកម្មកណ្តាលរបស់កងទ័ពអាកាស កងអនុសេនាធំប្រយុទ្ធបេសកកម្មទី421 ពី Hill AFB រដ្ឋ Utah នឹងជួយការពារផលប្រយោជន៍ លើកកម្ពស់សន្តិសុខក្នុងតំបន់ និងការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់។ នៅក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដៃគូរ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក យន្តហោះ F-35 នឹងចាប់ដៃគូជាមួយយន្តហោះ A-10 និង F-16 ដែលមានរួចហើយដើម្បីជួយត្រួតពិនិត្យច្រកសមុទ្រ Hormuz ។
-
យន្តហោះចម្បាំងរុស្ស៊ីវាយប្រហារដ្រូនអាមេរិក MQ-9 Reaper
កងទ័ពអាកាសអាមេរិកបានប្រកាសកាលពីថ្ងៃទី 25 ខែកក្កដាថា នៅក្នុងជំនួបដ៏គ្រោះថ្នាក់បំផុតនៅលើអាកាសរវាងយោធាសហរដ្ឋអាមេរិក និងរុស្ស៊ី មានយន្តហោះចម្បាំងរុស្ស៊ី Su-35 មួយគ្រឿងបានបំផ្លាញដ្រូន MQ-9 Reaper របស់អាមេរិកនៅក្នុងប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការកងទ័ពអាកាសអាមេរិកកណ្តាល (AFCENT) ឧត្តមសេនីយ៍ទោលោក Alex Grynkewich បានបង្ហាញថា នៅថ្ងៃទី 23 ខែកក្កដា វេលាម៉ោង 12:23 នាទីព្រឹក ម៉ោងក្នុងស្រុក យន្តហោះរុស្ស៊ីបានបើក"យ៉ាងគ្រោះថ្នាក់" មកក្បែរដ្រូនរបស់អាមេរិក ដោយរំខានដល់ដ្រូន MQ-9 និងបញ្ចេញអណ្តាតភ្លើងពីលើក្បាលរបស់វា ដោយមានគំលាតឆ្ងាយពីគ្នាតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។
ទោះបីជាមានការបំផ្លិចបំផ្លាញដោយសារអណ្តាតភ្លើងក៏ដោយ លោក Grynkewich បានធានាឡើងវិញថាសមត្ថភាពប្រតិបត្តិការរបស់ដ្រូននៅតែដដែលដោយនិយាយថា "ជាសំណាងល្អដែលនាវិក MQ-9 អាចរក្សាការហោះហើរបាន និងអាចនាំដ្រូនទៅកាន់មូលដ្ឋានផ្ទះរបស់ខ្លួនវិញដោយសុវត្ថិភាព" ។
លោក Grynkewich បានបន្ថែមថា"យើងសូមអំពាវនាវដល់កងកម្លាំងរុស្ស៊ីក្នុងប្រទេសស៊ីរីអោយបញ្ចប់ជាបន្ទាន់ចំពោះអាកប្បកិរិយាមិនប្រុងប្រយ័ត្ន និងគ្មានវិជ្ជាជីវៈនេះ»។