ចាប់ផ្តើមជាមួយនឹងលោក Salman Al-Bashir អ្នកកាសែតរបស់ទូរទស្សន៍ Palestine ដែលបានបង្ហាញរបាយការណ៍ពីការស្លាប់របស់មិត្តក្នុងក្រុមរបស់លោក អ្នកយកព័ត៌មានទូរទស្សន៍ប៉ាឡេស្ទីនគឺលោក Muhammad Abu Hatab នៅតំបន់ Gaza ។ លោក Al-Bashir បានដោះអាវ និងមួកសុវត្ថិភាពរបស់លោក ហើយបាននិយាយថា៖ «គ្មានការការពារពីអន្តរជាតិទាល់តែសោះ របស់ទាំងនេះមិនអាចការពារយើងនោះទេ »។ ម៉្យាងវិញទៀត ក្រុមប្រឆាំងឥស្លាមនៅអ៊ីរ៉ាក់បានប្រកាសពីដំណឹងថ្មីមួយថា មីស៊ីលរយៈចម្ងាយមធ្យម “Al-Aqsa 1” បានដាក់ចូលបម្រើការហើយ ដោយបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីជាលើកដំបូង។
-
អ្នកកាសែតទូរទស្សន៍ប៉ាឡេស្ទីនបង្ហាញពីការស្លាប់របស់មិត្តក្នុងក្រុម
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៤ ខែវិច្ឆិកាបានអោយដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ប៉ាឡេស្ទីនម្នាក់ និងសមាជិកទាំង11 នាក់នៃក្រុមគ្រួសាររបស់លោកត្រូវបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ហ្គាហ្សាភាគខាងត្បូង នេះបើយោងតាមបណ្តាញទូរទស្សន៍គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន ដែលបានពិពណ៌នាឡើងថាបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
លោក Mohammad Abu Hattab បានកំពុងរាយការណ៍ការផ្សាយបន្តផ្ទាល់នៅយប់ថ្ងៃព្រហស្បតិ៍នៅខាងក្រៅមន្ទីរពេទ្យ Nasser ក្នុងតំបន់ Gaza នោះទេប៉ុន្តែសាមសិបនាទីក្រោយមក នៅពេលដែលលោកបានត្រលប់មកផ្ទះវិញ អ្នកឆ្លើយឆ្លងព័ត៌មានរូបនេះក៏ត្រូវបានស្លាប់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេមិនបានដឹងអំពីកងកម្លាំងរបស់ខ្លួនប្រតិបត្តិការនៅកន្លែងដែលលោក Hattab និងគ្រួសាររបស់លោកត្រូវបានសម្លាប់នោះទេ។
ការស្លាប់របស់លោក Hattab បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបន្ទប់ផ្សាយព័ត៌មានរបស់លោក ដោយមានអ្នកកាសែតទូរទស្សន៍ប៉ាឡេស្ទីនម្នាក់គឺលោក Salman Al Bashir ធ្វើការរាយការណ៍បន្តផ្ទាល់ទាំងរំជួលចិត្ត។
លោកបាននិយាយថា“យើងមិនអាចទ្រាំទ្រនឹងរឿងនេះបានទៀតទេ។ យើងហត់នឿយ យើងនៅទីនេះជាជនរងគ្រោះ និងកំពុងរង់ចាំការស្លាប់របស់យើង យើងកំពុងស្លាប់ម្តងម្នាក់ៗ ហើយគ្មាននរណាម្នាក់ខ្វល់ពីយើងទេ។”
-
ក្រុមប្រឆាំងអ៊ីរ៉ាក់វាយលុកមូលដ្ឋានទ័ពអាមេរិក
យោងតាមសារព័ត៌មាន almayadeen ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកាបានអោយដឹងថា ក្រុម ប្រឆាំងរបស់រដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃចន្ទថា យុទ្ធជនប្រឆាំងរបស់ខ្លួនបានវាយប្រហារលើមូលដ្ឋានកាន់កាប់របស់អាមេរិកចំនួន 4 នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងការវាយប្រហារចំនួន 6 លើកផ្សេងៗគ្នា។
មូលដ្ឋានទ័ព Ain al-Assad របស់អាមេរិកនៅភាគខាងលិចអ៊ីរ៉ាក់ត្រូវបានវាយប្រហារចំនួនបីលើក ដោយការវាយប្រហារមួយលើកទៀតគឺសំដៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅជិតអាកាសយានដ្ឋានអន្តរជាតិ Erbil។
ខណៈដែលមូលដ្ឋាន Tel Bider របស់អាមេរិកដែលកាន់កាប់នៅភាគខាងជើងស៊ីរី និង Al-Tanf នៅភាគខាងត្បូងប្រទេសស៊ីរី គឺជាទីតាំងនៃការវាយប្រហារដែលសេសសល់។
ទន្ទឹមនឹងនេះផងដែរ ក្រុមប្រឆាំងអ៊ីស្លាមនៅអ៊ីរ៉ាក់បានធ្វើសេចក្តីប្រកាសមួយដោយប្រកាសឡើងថា ពួកគេបានដាក់បំរើការនូវមីស៊ីលរយៈចម្ងាយមធ្យម Al-Aqsa 1 និងបាននិយាយវាក៏ត្រូវបានប្រើប្រាស់ដើម្បីបាញ់មូលដ្ឋានកាន់កាប់របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះផងដែរ។
-
ប្រធានាធិបតី UAE ដាក់យុទ្ធនាការមនុស្សធម៌ថ្មីសម្រាប់តំបន់ហ្គាហ្សា
យោងតាមសារព័ត៌មាន Gulf News ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា ប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan បានដឹកនាំបញ្ជាការប្រតិបត្តិការរួមនៃក្រសួងការពារជាតិចាប់ផ្តើមប្រតិបត្តិការមួយហៅថា«Gallant Knight 3» ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប ។
យុទ្ធនាការមនុស្សធម៌នេះត្រូវបានចូលរួមឡើងដោយបញ្ជាការប្រតិបត្តិការរួមនៃក្រសួងការពារជាតិ រួមសហការជាមួយអង្គការអឌ្ឍចន្ទក្រហមអារ៉ាប់រួម (ERC), មូលនិធិ Khalifa bin Zayed Al Nahyan, មូលនិធិ និងអង្គការសប្បុរសធម៌ និងមនុស្សធម៌ជាច្រើនទៀត។
លោកប្រធានាធិបតី Sheikh Mohamed បានណែនាំដល់ក្រសួងសុខាភិបាល និងនាយកដ្ឋានសុខាភិបាល-Abu Dhabi ឱ្យចាប់ផ្តើមដំណើរការចុះឈ្មោះវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ខ្លួន ក៏ដូចជាអ្នកដែលចុះឈ្មោះជាមួយអង្គការ ERC និងមូលនិធិមនុស្សធម៌ និងសប្បុរសធម៌ដទៃទៀត។