យន្តហោះ Airbus A320 គឺជាស៊េរីនៃយន្តហោះធន់មធ្យមដែលបង្កើត និងផលិតដោយក្រុមហ៊ុន Airbus ។ ប្រភេទ A320Ceo ត្រូវបានដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ 1984 និងបានហោះហើរជាលើកដំបូងនៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 1987 ហើយត្រូវបានទទួលទិញនៅខែមេសា ឆ្នាំ 1988 ដោយក្រុមហ៊ុន Air France ។ Airbus A320Ceo ត្រូវបានបង្កើតឡើងសម្រាប់គូប្រជែង ជាមួយនឹងយន្តហោះ Boeing 737 (-600/-700/-800/-900)។ Airbus A320Ceo មានអក្សរកាត់ហៅថា (Current Engine Option) ត្រូវបានដំណើរការដោយម៉ាសុីន CFM56 ឬ IAE V2500 ។ នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2010 ក្រុមហ៊ុន Airbus បានបើកដំណើរការយន្តហោះ Airbus A320Neo មានពាក្យពេញថា (New Engine option) ដែលត្រូវបានហោះហើរជាលើកដំបូងកាលពីថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2014 និងត្រូវបានទទួលទិញដោយក្រុមហ៊ុនអាកាសចរណ៍ Lufthansa នៅថ្ងៃទី 25 ខែមករា ឆ្នាំ 2016 ។ Airbus A320Neo ត្រូវបានដំណើរការដោយម៉ាស៊ីន CFM LEAP-1A ឬ Pratt & Whitney PW1000G ដែលអាចសន្សំសំចៃសាំងរហូតបានដល់ទៅ 15% ទៅ 20% ច្រើនជាង A320ceo ។
A320 អាចផ្ទុកបានទម្ងន់អតិបរមា (MTOW) 76 តោន និងមានប្រវែងស្មើ 37.6 ម៉ែត្រ ស្លាប 35.8 ម៉ែត្រ ដែលអាចហោះហើរបានចម្ងាយ 6,940 គីឡូម៉ែត្រ ប្រហែល 3,750 nmi ជាមួយនឹងល្បឿនប្រតិបត្តិការអតិបរមា 470 kn ប្រហែល 870គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបាន 186 នាក់។ Airbus A320 អាចផ្ទុកបានឥវ៉ាន់ 19តោន និងកំរិតប្រេងឥន្ធនៈអតិបរមារបស់A320 គឺ 18.6តោន ជាមួយនឹងរយៈកម្ពស់អតិបរមា 39,000ft ប្រហែល 11887m ។ A320Ceo មានតម្លៃ 101 លានដុល្លា ហើយ Airbus A320Neo មានតម្លៃ 110.6 លានដុល្លា។
Airbus A320 ពិតជាល្បីល្បាញជុំវិញពិភពលោក ដោយមានយន្តហោះប្រភេទនេះជាង 10,000+ គ្រឿងក្នុងសេវាកម្មពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាង 330។ ក្រុមហ៊ុនអាកាសចរណ៍ប្រាំដែលប្រើប្រាស់ Airbus A320Ceo ច្រើនជាងគេមានAirAsia មានយន្តហោះ174 គ្រឿង, China Eastern Airlines មានយន្តហោះ173 គ្រឿង, EasyJet មានយន្តហោះ167គ្រឿង, LATAM Airlines Group មានយន្តហោះ135 គ្រឿង, JetBlue មានយន្តហោះ130 គ្រឿង។ Airbus A320 បច្ចុប្បន្នកំពុងល្បីល្បាញនៅអឺរ៉ុប អាមេរិក និងអាស៊ី។ បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ Lanmei Airline, Cambodia Airways, Cambodia Angkor Airline, Sky Angkor Airline, Bassaka Air និង JC Airlines សុទ្ធតែប្រើប្រាស់ ប្រភេទ Airbus A320Ceo សម្រាប់ប្រតិបត្តិការហោះហើររបស់ពួកគេ។