នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ង្ថកិច្ចមូលដ្ឋាននៅសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា បានទៅយកនារីម្នាក់ដែលប្រើគណនីហ្វេកប៊ុកឈ្មោះ «Ah July» ដើម្បីទៅព្យាបាលសរសៃប្រាសាទ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោយនាងបានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុង Comment របស់សម្តេចតេជោ ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក»។
សម្តេចតេជោ បានសរសេរតបទៀតថា «ពេលក្មួយចូលមក ក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។ សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ «ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?» ។
គួររំលឹកថា កាលពីដើមខែ សីហាកន្លងទៅ នារីម្នាក់នេះក៏ធ្លាប់ប្រើគណនីហ្វេកប៊ុក «Ah July » ចូលទៅជេរ និងឈ្លោះប្រកែកជាពាក្យអសុរោះជាច្រើននឹងតារាចម្រៀងម្នាក់ដែលគេស្គាល់ថា កញ្ញាអ៊ីវ៉ា ផងដែរ៕