ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ ចំនួន១៤៦៩៤ច្បាប់ត្រូវបានត្រួតពិនិត្យខណៈបណ្ដាខេត្តចំនួន៩បានបញ្ចប់ការប្រកាសរបស់ខ្លួន។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២៣នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារប្រកាសទ្រព្យបានចំនួនសរុប១៤៦៩៤ច្បាប់។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងដែរថា មានក្រសួង-ស្ថាប័នចំនួន០២គឺ ១-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងខេត្តចំនួន៩បានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយ។
ប្រភពដដែលនេះបានបញ្ជាក់ថា ខេត្តទាំង៩ដែលបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរួមមាន៖១-ខេត្តប៉ៃលិន, ២-ខេត្តមណ្ឌលគិរី, ៣-ខេត្តកំពង់ស្ពឺ, ៤-ខេត្តពោធិ៍សាត់, ៥-ខេត្តតាកែវ, ៦-ខេត្តកំពង់ចាម, ៧-ខេត្ត សៀមរាប, ៨-ខេត្តត្បូងឃ្មុំ, និង ៩-ខេត្តកែប។ សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស០៧ថ្ងៃក្នុងមួយសប្ដាហ៍គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ៕