ភ្នំពេញ៖ ការធ្វើកំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចាប់ផ្ដើមដំណើរការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោមការត្រួតពិនិត្យ និងរឹតបន្តឹងដោយអង្គភាពប្រឆាំងអំពើពុករលួយ ( ACU )។ ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូនេះថា គណៈកម្មការកំណែនៅតាមមណ្ឌលទាំង១០បានចាប់ផ្តើមដំណើរការកំណែជាបន្តប្រកបដោយការយកចិត្តទុកដាក់ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងបានបន្តថា ការធ្វើកំណែនេះមិនត្រូវបានអនុញ្ញាតឲ្យភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែឡើយហើយគ្រប់បន្ទប់កំណែទាំងអស់ត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាព និងស្ថិតក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះមានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕