ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានប្រកាសឱ្យមន្រ្តីចំនួន៩រូប ប្រញាប់ចូលខ្លួនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ និងព្រមានផ្តន្ទាទោសទ្វេដង ប្រសិនបើមន្រ្តីទាំងនោះរឹងរូសមិនព្រមអនុវត្តតាមការណែនាំ។
ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) នាថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា មន្រ្តីទាំង៩រូប ដែលតម្រូវឱ្យចូលខ្លួនប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន ៖ លោក អ៊ឹម សន ទីប្រឹក្សាក្រសួងព័ត៌មាន,លោកវរសេនីយ៍ឯក ណយ ណុន នាយរងប៉ុស្តិ៍នគរបាល អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍,លោកស្រី យិន រស្មី ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន នៃក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់,លោក លឹម ឡោកពិសិដ្ឋ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម,លោក សោម សាបាន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,លោក សេរី ម៉ាណុប ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , លោកស្រី ទិត្យរ៉ា ឬទ្ធិនី ជំនួយការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , លោក សំ សេរីរ័ត្ន អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ,លោក ហេង ពិសាល នាយករងខុទ្ទកាល័យ នៃក្រសួងក្រសួងមុខងារសាធារណៈ។
អង្គភាពប្រឆាំងអំពើពុករលួយ រម្លឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ដែរថា ក្នុងរយៈពេលពេញមួយខែ មករា កន្លងមកនេះ ខ្លួនបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រហូតទៅដល់ ៩៩.៨១ភាគរយ នៃចំនួនត្រូវប្រកាសសរុប៕