ភ្នំពេញ៖ មន្រ្តីម្នាក់បម្រើការនៅក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទាត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញក្រោយពេលរកឃើញថា បានកិបគេងថវិការដ្ឋជាង១,៥០០លានរៀល។ ជនសង្ស័យដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនមានឈ្មោះ ឡាយ សំណាង ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា។
របាយការណ៍មួយបានឱ្យដឹងថា ការចាប់ខ្លួនលោក ឡាយ សំណាង គឺដោយសារតែអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា លោកបានពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង១,៥០០លានរៀល ឬប្រមាណ៣៨ម៉ឺនដុល្លារអាម៉េរិក។ សេចក្ដីរាយការណ៍បានឱ្យដឹងដែរថា ក្រៅពីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារជនសង្ស័យក៏មានជាប់ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ និងជាប់សង្ស័យពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕