សិស្សនិទ្ទេស A ទាំងអស់ នៅទូទាំងប្រទេស ទទួលបានថវិកាក្នុងម្នាក់ៗ២លានរៀល និងសម្ភារៈសិក្សាមួយចំនួនទៀត ដើម្បីជាទុនសម្រាប់បន្តចូលសិក្សានៅមហាវិទ្យាល័យ នេះបើតាមការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត សិស្សនិទ្ទេស A ទាំងអស់ចំនួន១,៦៧៣នាក់ ទទួលបានកាក់រូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុងមួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង និងថវិកា២លានរៀល។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការផ្តល់ជូននូវរង្វាន់នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងការខិតខំរៀនសូត្ររបស់បេក្ខជនទាំងអស់។ ជាមួយគ្នានោះ សម្តេចបានផ្តាំផ្ញើឱ្យសិស្សនុសិស្សទាំងអស់បន្តការសិក្សាដោយជោគជ័យ សម្រាប់ជាមូលធនមនុស្សដ៏រឹងមាំសម្រាប់មាតុភូមិ។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់សិស្សានុសិស្សទាំងអស់ រហូតទទួលបាននិទ្ទេស A និងបានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មាតាបិតាអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែក ដល់ការសម្រេចបានជោគជ័យនេះ។
សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ ភាគរយ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕