ភាពរារាុំងដោយសារបញ្ហានៃការតឹងរឹងផ្នែកយោធា កំហុសឆ្គងនៃយុទ្ធសាស្រ្ត និងអំពើពុករលួយ បណ្តាលអោយប្រទេសរុស្ស៊ីមានភាពយឺតយ៉ាវក្នុងការបើកការវាយប្រហារមកលើគោលដៅថ្មីៗយោងទៅតាមការរាយការណ៍របស់កាសែត New York Times។ ផ្នែកយោធារបស់រុស្ស៊ីត្រូវបានគូសវាសយ៉ាងម៉ត់ចត់ និងតឹងរឹងទៅតាមវិន័យដោយជាទូទៅត្រូវការប្រើពេលរហូតទៅដល់48ម៉ោង រឺ72ម៉ោងដើម្បីត្រួតពិនិត្យកែតំរូវពត៌មាន និងទទួលបានការអនុញ្ញាតអោយធ្វើការវាយប្រហារគោលដៅថ្មី។ ការរង់ចាំរយៈពេលយូរបែបនេះដើម្បីបើកការវាយប្រហារមកលើគោលដៅកំណត់បានសេចក្តីថាកងកម្លាំងអ៊ុយក្រែនអាចមានរយៈពេលដល់ទៅបីថ្ងៃដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងផ្សេង។ សេចក្តីរាយការណ៍របស់កាសែត New York Time បានបន្តទៀតថានេះក៏អាចអនុញ្ញាតអោយអ្នកបើកយន្តហោះរបស់អ៊ុយក្រែនអាចធ្វើការហោះហើរបានដោយមិនចាំបាច់ប្តូរប្រើប្រាស់យន្តហោះចម្បាំងបន្ថែម។ យន្តហោះចម្បាំងរបស់អ៊ុយក្រែនត្រូវបានរាយការណ៍មកថាមានចំនួនលើសពី15 ទៅ1នៅក្នុងការប្រយុទ្ធដែនអាកាសដំបូងៗខ្លះ។ រុស្ស៊ីបានអួតអាងអំពីកាំជ្រួច Cruise មីស៊ីល និង Ballistic មីស៊ីលរាប់ពាន់គ្រឿងដែលអ្នកជំនាញគិតថានឹងមានគ្របដណ្តប់លើកំលាំងយោធាតូចៗ។ ប៉ុន្តែអ៊ុយក្រែនបានផ្លាស់ប្រព័ន្ធការពារខ្លះរបស់ពួកគេរាប់បញ្ចូលទាំងប្រព័ន្ធបាញ់បង្ហោះមីស៊ីល Buk និងS-300ទៅកាន់ទីតាំងផ្សេងៗទៀតមុននឹងមានការចាប់ផ្តើមបង្កជំលោះ។ ជំនួសអោយការវាយប្រហារមកលើគោលដៅថ្មីៗ រុស្ស៊ីបានធ្វើការទំលាក់គ្រាប់បែកមួយផ្នែកធំមកលើទីតាំងចាស់ៗដែលលែងត្រូវប្រើប្រាស់ដោយអ៊ុយក្រែនតទៅទៀត។ តាមសេចក្តីរាយការណ៍របស់រដ្ឋមន្រ្តីសហរដ្ឋអាមេរិកម្នាក់ដែលបានប្រាប់កាសែត New York Times គឺមានប្រមាណជារហូតដល់ 60%នៃកាំជ្រួច Cruise មីស៊ីលរបស់រុស្ស៊ីបានធ្វើអោយខកខានគោលដៅដែលពួកគេប៉ុនប៉ងទាំងអស់។
តើទំរង់យោធារបស់រុស្ស៊ីមានការថ្លោះធ្លោយមែនទេ? តាមសេចក្តីរាយការណ៍របស់កាសែត New York Times ដដែល រឿងរ៉ាវនៃកងពលតូចថ្មើរជើងលេខ155របស់រុស្ស៊ីគឺជាឧទាហរណ៍មួយស្រាប់យ៉ាងច្បាស់បង្ហាញអំពីការធ្វើការសំរេចចិត្តដោយអន់ថយ។ ខណៈពេលនៅក្នុងការប្រយុទ្ធ កងទ័ពនៅក្នុងកលពលតូចទាំងនោះត្រូវបានរាយការណ៍ថាខ្វះការទំនុកបំរុងទាំងស្បៀងអាហារ ផែនទី ការផ្តល់ជំនួយគ្រឿងបរិក្ខារពេទ្យ និងបណ្តាញទំនាក់ទំនងទៅមក។ ពួកគេត្រូវបានបង្ខំអោយប្រើប្រាស់កាំភ្លើងវែង Kalashnikov ដែលមានតាំងពីជំនាន់ឆ្នាំ1970មកម្ល៉េះ ជាមួយនឹងសមាជិកខ្លះនៅត្រូវប្រើគេហទំព័រ Wikipedia ដើម្បីមើលវិធីប្រើប្រាស់វានោះទេ។ សមាជិកមួយចំនួននៃក្រុមពលតូចបាននិយាយឡើងថាអ្នកប្រយុទ្ធដែលទើបតែជ្រើសរើសចូលទ័ពបំរុងថ្មីៗ គឺនៅមានបទពិសោធន៍ប្រើប្រាស់កាំភ្លើងតិចតួចនៅឡើយ ហើយក៏បានបញ្ជាក់ផងដែរថាពួកគេមិនមានគ្រាប់កាំភ្លើងគ្រប់គ្រាន់នោះទេ។ អ្នកប្រយុទ្ធចូលបំរើទ័ពថ្មីៗទាំងនោះត្រូវបានប្រាប់ដោយមេបញ្ជាការរបស់ពួកគេពីដំបូងថាពួកគេនឹងមិនឃើញសមភូមិប្រយុទ្ធនោះទេ ប៉ុន្តែនៅពេលដែលពួកគេបានក្លាយជាសាក្សីផ្ទាល់ភ្នែកបានឃើញកងទ័ពដទៃទៀតត្រូវបានសម្លាប់នៅជុំវិញខ្លួនរបស់ពួកគេ ទើបពួកគេដឹងខ្លួនថាមេបញ្ជាការរបស់ពួកគេមិនបានប្រាប់ការពិតដល់ពួកគេទាំងស្រុងទេ។ ទាហ៊ានរុស្ស៊ីម្នាក់ដែលមានឈ្មោះថា Mikhail បានលើកឡើងថានេះមិនមែនជាសង្គ្រាមទេ វាគឺជាការបំផ្លាញប្រជាជនរុស្ស៊ីពីសំណាក់មេបញ្ជាការរបស់ពួកគេ។
អ្នកជំនាញបានលើកឡើងថាចំនុចខ្សោយធំបំផុតមួយនៅក្នុងទំរង់កងកំលាំងរុស្ស៊ីថ្មីនេះគឺជាម៉ូឌែលនៃភាពដឹកនាំរបស់ពួកគេ។ ខុសពីសហរដ្ឋអាមេរិក រុស្ស៊ីមិនអនុញ្ញាតអោយមន្រ្តីថ្នាក់ក្រោមនៃជួរទ័ពរបស់ពួកគេធ្វើការសំរេចចិត្តដោយខ្លួនឯងនោះទេ។ គំរោងការណ៍ឈ្លានពានរបស់រុស្ស៊ីបង្ហាញថាកំលាំងយោធាបានរំពឹងថាកងទ័ពនឹងធ្វើការដើរល្បាតពាសពេញប្រទេសអ៊ុយក្រែន និងមិនយូរមិនឆាប់អាចគ្រប់គ្រងលើអាណាចក្រនេះទាំងមូល។ ប៉ុន្តែយោធារបស់រុស្ស៊ីនៅក្នុងភាពជាក់ស្តែងត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងដោយសារបញ្ហាអំពើពុករលួយដែលមានជាយូរណាស់មកហើយ។ អតីតមន្រ្តីរុស្ស៊ីដែលបានលាលែងពីតំណែងម្នាក់បានសរសេរឡើងថាការឈ្លានពានដោយទំហំពេញលេញមួយមកលើអ៊ុយក្រែននឹងបានដាក់ប្រទេសរុស្ស៊ីជារដ្ឋមួយនៅក្នុងគ្រោះថ្នាក់ដ៏ធំធេង។ រុស្ស៊ីដំបូងឡើយគិតថាសង្គ្រាមនេះនឹងអាចចាត់ការបានដោយងាយស្រួល ប៉ុន្តែអ៊ុយក្រែនដោយមានខ្នងបង្អែកនៅពីក្រោយជាប្រទេសលោកខាងលិច នៅតែអាចបន្តប្រឆាំងនឹងការវាយប្រហារដ៏កាចសាហាវពីលោកពូទីន។ ចាប់តាំងពីចាប់ផ្តើមនៃជំលោះនេះមក រដ្ឋបាល Biden បានបន្តនៅតែបញ្ជូនអាវុធយុទ្ធភ័ណទំនើបៗមកកាន់អ៊ុយក្រែន។ អំពើពុករលួយនៅក្នុងយោធារុស្ស៊ី ជាពិសេសនៅក្នុងប្រវត្តិសាស្រ្តនៃសម័យកាលសហភាពសូវៀត គឺត្រូវបានកំណត់ត្រាយ៉ាងច្បាស់។ កងទ័ពសហរដ្ឋអាមេរិកម្នាក់បានលើកឡើងថានេះគឺជារឿងរ៉ាវបណ្តាលមកពីភាពអសមត្ថភាព រឺក៏ភាពពុករលួយដែលមានដូចជា ការរាយការណ៍មិនពិត ការស៊ីញ៉េនៅលើអ្វីដែលមិនទាន់ដល់ស្តង់ដា និងជាក់ស្តែងផងនោះគឺទាហានរុស្ស៊ីម្នាក់ៗជាដើម ដែលពួកគេត្រូវទៅបំពេញបេសកម្មទាំងមិនទាន់រួចរាល់។ អាចនិយាយបានថាអ្វីដែលពួកគេធ្វើបានខ្លាំងពួកែបំផុតនោះគឺជាការលួចដណ្តើមយកតែម្តង។
នៅដើមនៃការឈ្លានពានដំបូង មានកំណត់ត្រាមួយចំនួនចង្អុលបង្ហាញផងដែរថាទាហានរុស្ស៊ីទទួលបានអាហារូបត្ថម្ភហួសកំណត់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ក្រុមហ៊ុនដែលទទួលបន្ទុកផ្តល់អាហារទៅកាន់យោធារុស្ស៊ីត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយប្រធានក្រុមយោធាឯកជនសំងាត់ Wagner គឺលោក Yevgeny Prigozhin។ នៅក្នុងឆ្នាំ២០២០ សន្ទស្សន៍សុចរិតភាពការពារជាតិរបស់រដ្ឋាភិបាលរបស់ស្ថាប័នអង្គការតម្លាភាពអន្តរជាតិបានរកឃើញថារុស្ស៊ីមានហនិភ័យអំពើពុករលួយខ្ពស់នៅក្នុងវិស័យការពារជាតិ។ ជាឧទាហរណ៍កាលពីឆ្នាំ២០១២ ក្រុមហ៊ុនអាវុធរុស្ស៊ីមួយទទួលបានថវិកា២៦លានដុល្លាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធយន្តហោះស្ទាក់ចាប់មីស៊ីលមិនមានយុទ្ធសាស្រ្ត។ ប៉ុន្តែការស្រាវជ្រាវមិនបានដំណើរការនោះទេ ខណៈពេលដែលក្រុមហ៊ុននោះត្រូវបានចោទប្រកាន់ថាស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុនងាប់តែប៉ុណ្ណោះ យោងទៅតាមរបាយការណ៍។ អំពើពុករលួយនៅក្នុងវិស័យការពារជាតិនេះមិនត្រឹមតែមានលើឧស្សាហកម្មយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជ្រាបចូលដល់កំរិតថ្នាក់នយោបាយផងដែរ ដួចជាដោយរកឃើញថាមន្រ្តីជាន់ខ្ពស់មួយចំនួននៅក្នុងក្រសួងការពារជាតិមានអចលនទ្រព្យដែលលើសពីប្រាក់ចំណូលរបស់ពួកគេទៅទៀត។