1. រុស្សីកេណ្ឌយុទ្ធជន700,000នាក់បន្ថែមត្រៀមសំរាប់ការវាយប្រហារ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីអាចចាប់ផ្តើមយុទ្ធនាការកេណ្ឌយុទ្ធជនដ៏ធំមួយក្នុងពេលឆាប់ៗនេះ ដើម្បីព្យាយាមជ្រើសរើសទាហានរាប់សែននាក់ពីខាងក្នុងរុស្ស៊ីនិងអ៊ុយក្រែនដែលត្រូវបានកាន់កាប់។ អគ្គសេនាធិការអ៊ុយក្រែនមិនបានផ្តល់ភស្តុតាងក្នុងសេចក្តីថ្លែងការណ៍ដើម្បីគាំទ្រអំនះអំណាងរបស់ខ្លួនទេ។ ចំណែកមន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេមិនមានផែនការបច្ចុប្បន្នសំរាប់រលកថ្មីនៃការកេណ្ឌទ័ពឡើយ ហើយថាទីក្រុងម៉ូស្គូកំពុងផ្តោតសំខាន់លើការជ្រើសរើសទាហានអាជីពវិញ។ អគ្គសេនាធិការបាននិយាយនៅក្នុងការសង្ខេបអំពីសមរភូមិមួយថា"ការកេណ្ឌប្រជាជនដោយបង្ខំដ៏ធំមួយត្រូវបានរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះនៅក្នុងសហព័ន្ធរុស្ស៊ី និងទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ជាបណ្តោះអាសន្នដោយសារតែការខាតបង់យ៉ាងច្រើនរបស់អ្នកឈ្លានពាន" ។ ការលើកឡើងបានអោយដឹងថាយុទ្ធនាការកេណ្ឌនេះអាចកំណត់គោលដៅជ្រើសរើសទាហានចន្លោះពី 400,000 ទៅ 700,000 នាក់។ វាក៏បានលើកឡើងផងដែរថាចំនួនជនជាតិរុស្សីដែលត្រូវបានជ្រើសរើសនៅទីក្រុងមូស្គូនិងសាំងពេទឺប៊ឺគនឹងនៅតែមានចំនួន"តិចតួច" ខណៈពេលដែលជនជាតិរុស្ស៊ីនឹងត្រូវបានជ្រើសរើសជាច្រើនចេញពីតំបន់ខាងក្រៅទីក្រុងធំទាំងពីររបស់រុស្ស៊ីនេះវិញ។
2. ប៉ូឡូញរៀបចំកិច្ចព្រមព្រៀងអាវុធដ៏ធំ
យោងតាមសារព័ត៌មាន Defense Industry Europe ចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា ទីភ្នាក់ងារសព្វាវុធរបស់ប៉ូឡូញបានចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនអាវុធយក្សរបស់អាមេរិកក្នុងការទិញគ្រឿងដែលមានទំនាក់ទំនងនឹងប្រព័ន្ធបាញ់បង្ហោះ M142 HIMARS។ ប្រព័ន្ធបាញ់បង្ហោះទាំងនេះគឺមានគោលដៅសំរាប់បំពាក់ដល់ប្រព័ន្ធមីស៊ីលរបស់ប៉ូឡូញ ដែលត្រូវបានគេស្គាល់ថា Homar-A។ កិច្ចព្រមព្រៀងនេះរួមមានការទិញយកចំនួនអតិបរមានៃប្រព័ន្ធ ដែលមានរហូតទៅដល់ប្រព័ន្ធ M142 HIMARS ចំនួន 486 គ្រឿង។ ទីភ្នាក់ងារសព្វាវុធប៉ូឡូញបានបង្ហាញអោយដឹងថា គ្រឿងបរិក្ខារដែលទើបទទួលបានថ្មីនេះនឹងអាចឱ្យពួកគេបំពាក់គ្រឿងសព្វាវុធរ៉ុក្កែតសរុបចំនួន២៧គ្រឿង។ ទន្ទឹមនឹងប្រព័ន្ធបាញ់បង្ហោះ ការផ្តល់បន្ថែមសម្រាប់គ្រាប់រំសេវ ការដឹកជញ្ជូន និងកញ្ចប់ហ្វឹកហ្វឺនក៏ជាផ្នែកនៃផែនការគម្រោងទិញនេះផងដែរ។ ចំណែកភាគីអាមេរិកក៏បានប្តេជ្ញាផ្តល់ជំនួយបច្ចេកទេសជាចាំបាច់។ ការដឹកជញ្ជូនប្រព័ន្ធទាំងនេះនឹងត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ 2025 នេះហើយ។
3. Biden ពង្រឹងសម្ព័ន្ធភាពជាមួយវៀតណាមដើម្បីទប់ទល់នឹងចិន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១០ ខែកញ្ញាបានអោយដឹងថា លោកប្រធានាធិបតី Biden កំពុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ បន្ទាប់ពីចូលរួមកិច្ចប្រជុំមេដឹកនាំ G-20 នៅប្រទេសឥណ្ឌា។ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមដើម្បីបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងហាណូយ មិនមែនដើម្បីបង្ហាញអំពីការព្យាយាមចាប់ផ្តើម "សង្រ្គាមត្រជាក់" ជាមួយប្រទេសចិននោះទេ ប៉ុន្តែជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយក្នុងការផ្តល់ស្ថិរភាពពិភពលោកដោយការកសាងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅទូទាំងអាស៊ីក្នុងពេលជាមួយគ្នានឹងភាពតានតឹងជាមួយទីក្រុងប៉េកាំងនេះ។ លោក Biden បាននិយាយថាវៀតណាមចង់បានកម្រិតនៃឯករាជ្យភាព ហើយក្រុមហ៊ុនអាមេរិកកំពុងស្វែងរកជម្រើសមួយផ្សេងទៀតសម្រាប់ការនាំចូលពីរោងចក្រចិន។ ហើយលោកកំពុងស្វែងរកសម្ព័ន្ធមិត្តដែលអាចធ្វើបាន ខណៈដែលក៏ព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយចិនផងដែរ។ លោក Biden បានបើកសន្និសីទសារព័ត៌មានរបស់លោកដោយនិយាយថាលោកបាន "ធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេលប្រាំថ្ងៃ" ពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុង New Delhi និងឥឡូវនេះទីក្រុងហាណូយ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកក្នុងការបង្កើតសម្ព័ន្ធភាព។ លោកប្រធានាធិបតីនឹងឈប់នៅរដ្ឋអាឡាស្កា ក្នុងដំណើរត្រលប់មកផ្ទះវិញនៅថ្ងៃចន្ទ ដើម្បីរំឭកខួបនៃការវាយប្រហារថ្ងៃទី ៩/១១។