ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណង់ចំណូលចិត្តនៃការបោះតង់របស់យុវវ័យខ្មែរ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយភាគច្រើនពួកគេទៅជាក្រុមនៅតាមតំបន់ទេសចរណ៍ល្បីៗដូចជា មណ្ឌលគិរី កំពត កំពង់សោម សៀមរាប ឬនៅតាមតំបន់ភ្នំ និងកន្លែងកំសាន្តមួយចំនួនផ្សេងទៀត។ មានមូលហេតុមួយចំនួនដែលជំរុញឲ្យពួកគេទៅ គឺដើម្បីដើរកំសាន្តលេងសប្បាយ ជួបជុំមិត្តភក្តិ ឬដើម្បីបានស្គាល់ទីកន្លែងនោះជាដើម តែពួកគេមិនបានដឹងអំពីគុណសម្បត្តិយ៉ាងច្រើនរបស់វាទេ។ តាមពិតទៅការទៅបោះតង់ឬជំរុំលេង មានផលប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាព។
1. សន្តិភាពនិងស្ងប់ស្ងាត់៖ ការបោះតង់គឺប្រៀបបីដូចជាការដកខ្លួនយើងចេញពីទីក្រុងដ៏អាប់អួរ ហើយទៅលាងជំរះខួរក្បាលរបស់យើងជាមួយនឹងធម្មជាតិដែលពោរពេញទៅដោយសន្តិភាព និងភាពស្ងប់ស្ងាត់។
2. លំហាត់ប្រាណបន្ថែម៖ ការបោះជំរុំមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និងស្ងប់ស្ងាត់ប៉ុណ្ណោះទេ តែវាក៏ជួយឲ្យយើងបានធ្វើលំហាត់បា្រណថែមទៀតផងដែរ ដូចជាការដើរឡើងភ្នំ ការរៀបចំឥវ៉ាន់ ការហែលទឹកលេង ឬ ការនេសាទ ដូច្នេះហើយជាហេតុធ្វើឲ្យសរសៃឈាមបេះដូងរបស់យើងមានដំណើរការល្អ និងជួយដុតកាឡូរីចេញពីរាងកាយរបស់យើងផងដែរ។
3. កាត់បន្ថយភាពតានតឹង៖ ផលប្រយោជន៍មួយទៀតនៃការបោះតង់គឺជួយកាត់បន្ថយភាពតានតឹង។ ជាការពិត មិនថាយើងមានភាពតានតឹងប៉ុណ្ណាទេ នៅពេលយើងឮសំលេងសត្វយំ ឃើញសម្រស់ព្រៃភ្នំ ខ្យល់បក់រវិចៗមកប៉ះកាយយើង ដេកមើលផ្កាយរះព្រោងព្រាតនៅលើអាកាសនាពេលរាត្រី និង ស្តាប់សំលេងទឹកសមុទ្របក់បោកជ្រាំងចុះឡើងៗ ភាពតានតឹងទាំងនោះនឹងរលាយទៅឯង។
4. ទំនាក់ទំនងកាន់តែប្រសើរ៖ នៅពេលយើងទៅបោះជំរុំ វាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង ក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងមិត្តភក្តិក្រុមគ្រួសារឬមនុស្សថ្មីៗជាច្រើនទៀត។ ជាពិសេសវាជួយធ្វើឲ្យទំនាក់ទំនងរបស់យើង កាន់តែមានភាពស្និទ្ធស្នាល និងល្អប្រសើរជាងមុន។
5. ធ្វើឲ្យការចងចាំកាន់តែប្រសើរ៖ នៅពេលដែលអ្នកទៅបោះជំរុំ រាយកាយរបស់អ្នកនឹងប៉ះជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ហើយវានឹងបញ្ចេញសារធាតុ Serotonin ដែលជាសារធាតុជួយគ្រប់គ្រងអារម្មណ៍ ចំណង់អាហារ និងការគេងរបស់អ្នក ហើយវាក៏ជួយឲ្យការចងចាំរបស់អ្នកកាន់តែប្រសើរ។
6. ការគេងកាន់តែប្រសើរ៖ ការគេងរបស់អ្នកនឹងកាន់តែប្រសើរ នៅពេលដែលអ្នកទៅបោះតង់នៅខាងក្រៅ ពីព្រោះវាជួយធ្វើឲ្យរាងកាយរបស់យើងទទួលបានពន្លឺ និងខ្យល់អាកាសបរិសុទ្ធគ្រប់គ្រាន់។
7. ជួយបង្កើនវីតាមីន D៖
អ្វីដែលកាន់តែពិសេសថែមទៀតគឹនៅពេលយើងទៅបោះតង់ រាងកាយរបស់យើងនឹងស្រូបយកពន្លឺព្រះអាទិត្យហើយសំយោគវាទៅជា វីតាមីន ឌី ដែលជាវីតាមីនជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម និងផូស្វ័រ ហើយវាជាសារធាតុរ៉ែពីរដែលចំាបាច់សម្រាប់ធ្វើឲ្យឆ្អឹង និងធ្មេញមានភាពរឹងមាំជាងមុន។ និយាយជារួម ការបោះតង់គឺមានគុណសម្បត្តិជាច្រើនសម្រាប់សុខភាពរបស់យើងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ ក្នុងមួយជីវិត យើងគួរតែមានឱកាសទៅបោះតង់ជួបជុំមិត្តភក្តិ គ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ខ្លួនឲ្យបានម្តងកាន់តែប្រសើរទុកគ្រាន់ជាអនុស្សាវរីយ៍ប្រចាំជីវិត៕
បកប្រែដោយ៖ ម៉ៅ គុយដង់