បទ«Call Me PAPA» របស់លោកឧកញ៉ាខេមរៈ សិរីមន្តកំពុងវាយលុកលើបណ្តាញសង្គម Tik Tok ខ្លាំង ដោយបទចំរៀងនេះត្រូវបានចេញផ្សាយឡើងចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកដែលមានរយៈពេលប្រមាណជា១០ថ្ងៃមកហើយ។ ខណៈក្នុងពេលនេះផងដែរ បទ«Call Me PAPA» ក៏បានបំបែកចំនួនទស្សនាលើសពី 500K View នៅលើឆាណែលយូធូបផ្លូវការ Galaxy Navatra REMIX ផងដែរ។
គួរបញ្ជាក់ផងដែរថា បទនេះត្រូវបាននិពន្ធបទភ្លេង និងទំនុកច្រៀងឡើងដោយក្រុមរបស់លោកសង្ហា ខណៈដែលមានការចូលរួម Remix ឡើងដោយកំពូល Dj មួយរូបគឺលោក Popzy។ សង្កេតឃើញថាឆាណែលយូធូប Galaxy Navatra Remix គឺជាឆាណែលយូធូបថ្មីមួយរបស់ផលិតកម្ម ដែលទើបតែចាប់ផ្តើមកាលពី២ខែមុនប៉ុណ្ណោះ ដោយនេះសបញ្ជាក់អោយឃើញថាផលិតកម្ម Galaxy Navatra អាចនឹងមានគំរោងបញ្ចេញបទរ៉េប Remix ថ្មីៗជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
យ៉ាងណាមិញមកទល់ពេលនេះ បទ Remix ថ្មីៗនៅលើឆាណែលគឺមានដូចជា បទទយៗ របស់លោកខេមរៈ សិរីមន្ត បទអូន អូនរបស់លោក Tempo Tris មនុស្សល្អៗអស់ទៅណារបស់លោកព្រាបសុវត្ថិ បទអង់ទីគ័រខ្សោយ និងបទខ្លាចចិត្តមេរបស់លោកខេមជាដើម។ ចំណែកបទ«Call Me PAPA» របស់លោកខេមរៈ សិរីមន្តកំពុងតែបំបែកចំនួនទស្សនានាំមុខបទចម្រៀងទាំងអស់នៅលើឆាណែលផលិតកម្មថ្មីថ្មោងនេះហើយ។ ដែលតាមពីក្រោមដោយបទ«ខ្មោចដែលស្លាប់ទៅហើយដេកលើគ្រែ» របស់កញ្ញាតន់ចន្ទសីម៉ា និងបទ«ខ្លាចចិត្តមេ» របស់លោកខេម។
កាលពីបួនថ្ងៃមុនផងដែរ លោកខេមរៈ សិរីមន្តក៏បានបង្ហោះវិដេអូ Tik Tok មួយដែលមានកាត់តចំរៀងរបស់លោកចូលនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញអារម្មណ៍រំភើបរបស់លោកចំពោះការគាំទ្ររបស់បងប្អូនអ្នកលេងនៅលើបណ្តាញសង្គម Tik Tok។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទ«Call Me PAPA»នេះ?