លោក ហ្សេលេនស្គី ឬហៅពេញថា វូលូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) គឺ ជាតារាកំប្លែង តារាសម្តែងអ្នកនិពន្ធនិងក្រោយមកជាអ្នកនយោបាយ។តាមរយៈការតស៊ូទប់ទល់នឹងការឈ្លានពានទាំងកម្រោលរបស់រុស្ស៊ី ហើយក្រាញននៀលមិនរត់ចោលកងទ័ព និងប្រជាជនអ៊ុយក្រែន លោកហ្សេលេនស្គី បានទាក់ទាញចំណាប់អារម្មណ៍មហាជននៅក្នុងពិភពលោក ឲ្យងាកមើលមកលោកជាមួយការស្ញើចសរសើរអំពីវីរភាព និងទំនួលខុសខ្ពស់របស់លោក។ ដូច្នេះ តើវីរបុរសរូបនេះ មានជីវប្រវត្តិ ជីវិតស្នេហា និងការងារយ៉ាងណា? សូមអញ្ជើញស្តាប់ទាំងអស់គ្នា!
-
ជីវប្រវត្តិសង្ខេប
លោកកើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៨ ក្នុងទីក្រុង គីវី រី (Kryvyy Rih) ដែលជាតំបន់និយាយភាសារុស្សីនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដែលកាលពីមុនជាទឹកដីរបស់សហភាពសូវៀត ហើយសព្វថ្ងៃលោកមានអាយុ ៤៤ឆ្នាំ។ កុមារា ហ្សេលេនស្គី បានកើតនៅក្នុងគ្រួសារមួយ ដែលមានជីតា និងឪពុកម្តាយរបស់គាត់ជាជនជាតិជ្វីហ្វ ហើយសាច់ញាតិខ្លះរបស់គាត់បានស្លាប់នៅក្នុងការសម្លាប់រង្គាលជនជាតិជ្វីហ្វ នៅ ហូឡូខសត៍ (Holocaust) ចំណែកឯជីតារបស់លោក ធ្លាប់បានបម្រើជាកងទ័ពរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមលោកលើកទី២។ ឪពុករបស់គាត់ជាគណិតវិទូ ហើយម្តាយរបស់គាត់ជាវិស្វករ។ ពួកគេបានសម្រេចចិត្តរស់នៅក្នុងប្រទេសអ៊ុយក្រែន នៅខណៈពេលដែលជនជាតិជ្វីហ្វដទៃទៀតសម្រេចចិត្តទៅសហរដ្ធអាមេរិក ឬអ៊ីស្រាអែលនៅពេលដែលសហភាពសូវៀតបានអនុញ្ញាតឲ្យពួកគេធ្វើអន្តោប្រវេសន៍។
កាលពីក្មេង គ្រួសាររបស់គាត់បានផ្លាស់ទីលំនៅទៅ អឺដេណេត (Erdenet) ប្រទេសម៉ុងហ្គោលី អស់រយៈពេល៤ឆ្នាំ មុនពេលត្រលប់ទៅ គីវី រី (Kryvyy Rih) វិញ ជាកន្លែងដែលកុមារ Zelensky បានចូលរៀន។ នៅឆ្នាំ ១៩៩៥ គាត់បានចូលរៀនថ្នាក់បរិញ្ញាប័ត្រ ច្បាប់ នៅវិទ្យាស្ថានសេដ្ធកិច្ច គីវី រី (Kryvyy Rih) ដែលមានទីតាំងនៅក្នុងបរិវេណនៃសាកលវិទ្យាល័យសេដ្ធកិច្ចជាតិ ទីក្រុងគៀវ (Kyiv) ហើយនៅឆ្នាំ ២០០០ គាត់បានបញ្ចប់វា។ នៅពេលធំដឹងក្តីបន្តិច កម្លោះ ហ្សេលេនស្គី បានរៀនហើយចេះនិយាយបីភាសាយ៉ាងស្ទាត់ជំនាញ៖ អ៊ុយក្រែន រុស្ស៊ី និង អង់គ្លេស។
2. ជីវិតស្នេហា និងគ្រួសារ
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០០៣ លោកហ្សេលេនស្គី បានរៀបការជាមួយនឹងអ្នកស្រី អូលីណា វូលូឌីមីរីវណា គីយ៉ាស្កូ (Olena Volodymyrivna Kiyashko) ឬហៅកាត់ថា អូលីណា ហ្សលេនស្កា (Olena Zelenska) ហើយពួកគេមានកូនពីរនាក់គឺប្រុសមួយ និងស្រីមួយ។ កូនស្រីឈ្មោះ អូលេកសាន់ដ្រា (Oleksandra) កើតនៅក្នុងខែកក្កដា ឆ្នាំ២០០៤ ហើយកូនប្រុសឈ្មោះ គីរីឡូ (Kyrylo) កើតនៅក្នុងខែមករា ឆ្នាំ២០១៣។ មុនពេលរៀបអាពាពិពាហ៍ Olena Zelenska បានជួបលោកVolodymyr Zelensky នៅឯសាកលវិទ្យាល័យជាតិទីក្រុង គីវីរី (Kryvyi Rih) ជាទីកន្លែងដែលនាងបានសិក្សាខាងជំនាញ ស្ថាបត្យកម្ម ហើយពួកគេបានណាត់ជួបគ្នាអស់រយៈពេលប្រាំបីឆ្នាំ។ ពួកគេទំាងពីរសុទ្ធតែមានជំនាញខាង ការសរសេរ និងតែងនិពន្ធដូចគ្នា។
3. ប្រវត្តិការងារ និងការប្រឡូកចូលក្នុងឆាកនយោបាយ
នៅឆ្នាំ ១៩៩៧ លោក ហ្សេលេនស្គី បានដឹកនាំរឿងកំប្លែង ហើយបានបង្កើតស្ទូឌីយ៉ូ កាតាល់ ៩៥ (Kvartal 95) ជាមួយនឹងភរិយារបស់គាត់ ដែលជាក្រុមហ៊ុនផលិតកម្មវិធីកម្សាន្តទូរទស្សន៍មួយ ដែលបានផលិតកម្មវិធីសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាច្រើនអស់រយៈពេលជាច្រើនឆ្នាំ។ លោកបានសម្តែងនៅក្នុងខ្សែរភាពយន្តជាច្រើនរួមមាន៖ Love in the Big City, Office Romance, Our Time, 8 First Dates, I, You, He, She, Svanty និង Paddington ។ នៅក្នុងឆ្នាំ ២០១៥ គាត់បានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញមួយ “Servant of the People” ដែលគាត់បានដើរតួជាអ្នកនយោបាយប្រឆាំងអំពើពុករលួយហើយដែលនៅទីបំផុតគាត់បានក្លាយជាប្រធានាធិបតីពិតប្រាកដរបស់អ៊ុយក្រែន។ នៅខែមីនា ឆ្នាំ2018 ក្រុមហ៊ុន កាតាល់ ៩៥ (Kvartal 95) ដែលមានលោក ហ្សេលេនស្គី ជាអ្នកដឹកនាំ ហើយមិនដែលមានបទពិសោធន៍ខាងនយោបាយសោះ បានបង្កើតគណបក្សនយោបាយដែលបានយកឈ្មោះតាមរឿងភាគ 'អ្នកបម្រើរបស់ប្រជាជន' ហើយបានឈ្នះវ៉ាដាច់លោក ប្រធានាធិបតី ប៉េត្រូ ប៉ូរូសេនកូ (Petro Poroshenko) ដោយទទួលបានសំឡេងភាគច្រើនឯកបក្ស ៧៣.២ ភាគរយ នៃសន្លឹកឆ្នោតដំបូងគេក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែននៅក្នុងសភាក្នុងខែកក្កដា ឆ្នាំ2019។ នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2019 លោក Volodymyr Zelensky បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទីប្រាំមួយរបស់ប្រទេសអ៊ុយក្រែន៕
បកប្រែដោយ៖ ម៉ៅ គុយដង់